ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​អំពាវនាវ​ឲ្យ​ស្ថាប័ន​អន្តរជាតិ និង​ប្រទេស​ផ្តល់​កម្ចី​ដល់​កម្ពុជា កុំ​ដំឡើង​ការប្រាក់

ភ្នំពេញ ​៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័នហិរញ្ញវត្ថុ​អន្ដរជាតិ​នានា​ ដែល​រួមមាន​ធនាគារអភិវឌ្ឍន៍អាស៊ី ,​ធនាគារពិភពលោក ,​ធនាគារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​និង​ប្រទេស​ដែល​បានផ្តល់​ប្រាក់កម្ចី​ឲ្យ​កម្ពុជា សូមកុំ​ដំឡើង​អត្រា​ការប្រាក់​សម្រាប់​ប្រទេស​កម្ពុជា ព្រោះ​កម្ពុជា​មិនទាន់​ឆ្លង​ផុត​ការលំបាក និង​ភាពក្រីក្រ​នៅឡើយ​នោះទេ​។​

ការ​ថ្លែង​អំពាវនាវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បែ​នប​នេះ​បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៧​នេះ បន្ទាប់ពី​ធនាគារពិភពលោក​បាន​ប្រកាសថា​ប្រទេស​កម្ពុជា​បានចេញ​ផុតពី​ប្រទេស​ក្រីក្រ​តោកយ៉ាក​ហើយ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ ថា «​បើសិន​វា​ជា​ព័ត៌មាន​ពិត វា​ជាការ​ចំអក​មួយ​ដល់​អ្នក​ដែល​និយាយថា ប្រជាជន​កម្ពុជា​គ្មាន​បាយ​ហូប ដែល​នេះ​ជា​រឿង​មួយ​។ រឿង​មួយទៀត បើជា​ការពិត ខ្ញុំ​សូម​យក​ឱកាស​នេះ អំពាវនាវ​ដល់​ស្ថាប័នហិរញ្ញវត្ថុ​អន្ដរជាតិ​នានា ដែលមាន​ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី​, ធនាគារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ប្រទេស​ដែល​ឲ្យ​ប្រាក់កម្ចី មកកាន់​កម្ពុជា សូមកុំ​ដំឡើង​អត្រា​ការប្រាក់​ឲ្យ​សោះ កម្ពុជា​មិនទាន់​ឆ្លង​ផុតពី​ស្ថានភាព​ដ៏​លំបាក ដែល​ត្រូវមាន​អត្រា​ការប្រាក់​ពាណិជ្ជកម្ម​នោះទេ​។​កម្ពុជា​នៅ​បន្ដ​ដើម្បី​ស្នើសុំ​ឲ្យ​មាន​អត្រា​ការប្រាក់​សម្បទាន (​ការប្រាក់​ទាប​) ដែល​យើង​ខ្ចី​ពី​គេ យើង​មិនទាន់​អាចមាន​លទ្ធភាព ដើម្បី​ខ្ចី​តាមរយៈ​នៃ​អត្រា​ការប្រាក់​ពាណិជ្ជកម្ម​នៅឡើយ ព្រោះ​ប្រទេស​ដែល​រួច​ចាក​ផុតពី​ភាពក្រីក្រ​គឺ​ត្រូវ​ទទួល​នូវ​លក្ខខណ្ឌ​មួយ​ផ្សេងទៀត ជំនួយ​ក៏​បាត់ ខ្ចីប្រាក់​គេ ការប្រាក់​ក៏​កើនឡើង​»​។​

កាលពីពេល​ថ្មីៗ​នេះ ធនាគារពិភពលោក​បាន​ចេញផ្សាយ​របាយការណ៍​មួយ ដោយ​លើកឡើងថា ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី និង​ហ្វីលីពីន ជា​ក្រុម​ប្រទេស “​ចាក​ផុតពី​ភាពក្រីក្រ​តោកយ៉ាក​” ប៉ុន្តែ​វណ្ណៈ​កណ្តាល​ស្ថិតក្នុង​ទំហំ​តូច​នៅឡើយ ។

​ក្នុង​របាយការណ៍​ស្តីពី​ផលចំណេញ​ពី​ភាព​ចម្រុងចម្រើន​បច្ចុប្បន្ន​៖ អព្ភូតហេតុ​តំបន់​អាស៊ី​បូព៌ា​សម្រាប់​សតវត្សរ៍​ទី​២១​ចាត់ទុក​ក្រុម​ប្រទេស ដែលមាន ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ប្រទេស​កម្ពុជា ថា​ជា​ក្រុម​ប្រទេស “​ចាក​ផុតពី​ភាពក្រីក្រ​តោកយ៉ាក​” ឬ​ដែលមាន​ភាពក្រីក្រ​តោកយ៉ាក​ក្នុង​កម្រិត​ទាប ប៉ុន្តែ​វណ្ណៈ​កណ្តាល​ស្ថិតក្នុង​ទំហំ​តូច​នៅឡើយ ហើយ​ប្រជាជន​មួយ​ភាគ​នៃ​ប្រទេស​ទាំងនេះ គឺអាច​ងាយ​រងគ្រោះ​ធ្លាក់ចូល​ទៅក្នុង​ភាពក្រីក្រ​វិញ​។​

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ផង​នោះ បានប្រែក្លាយ​ពី​តំបន់​មួយ​សម្បូរ​ភាគច្រើន​ទៅ ដោយ​ប្រទេស​ក្រីក្រ​នៅក្នុង​ឆ្នាំ​១៩៨០ ទៅជា​សំណុំ​ប្រទេស​មាន​ចំណូល​មធ្យម ដែល​ក្នុងនោះ មាន​ទិដ្ឋភាព​វណ្ណៈ​សេដ្ឋកិច្ច​ចម្រុះ​។ គិត​ត្រឹម​ឆ្នាំ​២០១៥ ជិត​ពីរភាគបី​នៃ​ប្រជាពលរដ្ឋ​ក្នុង​តំបន់ គឺជា​អ្នករស់នៅ​ក្នុងស្ថានភាព​សេដ្ឋកិច្ច​មាន​សន្តិសុខ ឬ​ជា​ជន​វណ្ណៈ កណ្តាល គឺ​កើនឡើង​ពី​២០​ភាគរយ​នៅក្នុង​ឆ្នាំ​២០០២​។​

ផ្អែកលើ​របាយការណ៍​ចេញផ្សាយ​កាលពីពេល​កន្លងមករ​បស់​ធនាគារពិភពលោក​ថា កាលពី​ឆ្នាំមុន​ភាពក្រីក្រ​របស់​ព​ល​រដ្ឋ​កម្ពុជា​បាន​ធ្លាក់ចុះ​ពី​២០​ភាគរយ មក​នៅត្រឹមតែ​ប្រហែល​១០​ភាគរយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​មានការ​ប្រែប្រួល​ណាមួយ​កើតឡើង នោះ ភាពក្រីក្រ​នឹង​កើនឡើង​វិញ​២ ទៅ​៣​ដង​។ ពេលនេះ​កម្ពុជា​ស្ថិតនៅ​ក្នុងប្រទេស ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប (​ផលិតផល​ក្នុងស្រុក​សរុប​ប្រហែល​១,២០០​ដុល្លារ​) បើ​ធៀប​នឹង​ពិភពលោក​។​

សូមជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់ របស់​រាជរដ្ឋាភិបាល​កម្ពុជា រយៈពេល​១០​ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៥ ដល់ ២០១៥ ADB បានផ្តល់​ឥណទាន និង​បរិ​ញ្ញ​ប្ប​ទាន​ឥត​សំណង​ដល់​កម្ពុជា​ចំនួន​១.៤ ពាន់​លាន​ដុល្លារ ដែល​ផ្តោតលើ​ការផ្គត់ផ្គង់​ទឹក និង​អនាម័យ​ទីក្រុង ការអប់រំ កសិកម្ម និង​ធនធានធម្មជាតិ ដែល​រាប់បញ្ចូល​ផងដែរ នូវ​គម្រោង​ធារាសាស្ត្រ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684