ព័ត៍មានទាន់​ហេតុការណ៏
Search

មេធាវី​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ប្តឹង​លោក សម រង្ស៊ី ពីបទ​ញុះញង់​ឲ្យ​កងកម្លាំង​កុំ​ស្ដាប់​បញ្ជារាជរដ្ឋាភិបាល

ភ្នំពេញ​ ៖ មេធាវី​ការពារ​ក្តី​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ២០១៧ បាន​យកពាក្យបណ្ដឹងដែល​ប្តឹង​លោក សម រង្ស៊ី អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ទៅ​ដាក់នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​កុំ​ឲ្យ​កងកម្លាំងប្រដាប់អាវុធស្តាប់បង្គាប់​ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ ការប្រមាថ​ថ្នាក់ដឹកនាំកងយោធពល​ខេមរភូមិន្ទ​។

​លោក វង្ស ភក្ដី បាន​ថ្លែងប្រាប់អ្នកសារព័ត៌មាន​នៅមុខ​តុលាការ ក្រោយ​ដាក់ពាក្យ​បណ្តឹង​ថា មូលហេតុ​នៃ​ការដាក់​ពាក្យបណ្ដឹង​នេះ គឺ​ដោយសារតែ​លោក សម រង្ស៊ី បានលើកឡើង​នៅក្នុង​កិច្ចសំណេះសំណាល​ជាមួយ​ក្រុមការងារ​នាទី​ក្រុងប៉ារីស កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៧ ហើយ​បានបង្ហោះ​នៅលើ​បណ្ដាញ​សង្គម facebook របស់ខ្លួន​ កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​ធ្វើការញុះញង់​ឲ្យ​កងទ័ព​កុំ​ស្ដាប់បង្គាប់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ដែលជា​រដ្ឋាភិបាល​ស្របច្បាប់ ដែលសកម្មភាព​ទាំងអស់នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ដូច្នេះ​ដើម្បី​ទប់ស្កាត់​សកម្មភាពនេះ យើង​ត្រូវតែ​ដឹង​ជាបន្ទាន់។ ជាមួយគ្នា​នោះ លោក​មេធាវីបាន​សំដែង​ក្ដី​សង្ឃឹមថា តុលាការ​នឹង​ចាត់វិធានការ​ជាបន្ទាន់ ពីព្រោះ​ជា​រឿង​មួយដែល​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ​យ៉ាងខ្លាំងដែល​មិនអាច​បណ្ដែតបណ្ដោយ​តទៅទៀត​បានទេ។

​តាម​លោក​មេធាវី​បាន​អះអាងថា រៀន​អង្គហេតុ​ជាច្រើន​ទាក់ទង​នឹង​បញ្ហា​នេះ ហើយ​យើង​មិនទាមទារ​អ្វី​ច្រើន​នោះទេ គឺ​គ្រាន់តែ​ទាមទារ​ឲ្យ​តុលាការ​អនុវត្ត​ច្បាប់ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​បុគ្គល​សម រង្ស៊ី ពីព្រោះ​បុគ្គល សម រង្ស៊ី នេះតែង​ធ្វើការ​ញុះញង់​ដល់​កងកម្លាំង ក៏ដូចជា​មន្ត្រីរាជការ ដើម្បីឲ្យ​ចេញមុខ​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​។

​លោក​មេធាវី វង្ស ភក្ដី បាន​អះអាងថា សកម្មភាព​ញុះញង់​នេះ បើសិនជា​ប៉ះ​ទៅលើ​បុគ្គល​ដែល​ខ្វះការយល់ដឹង ឬ ​ជន​អគតិ គាត់​អាច​នឹងធ្វើ​សកម្មភាព​ផ្សេងៗ​។ ជាពិសេស​សកម្មភាព ​ស​ម រង្ស៊ី បាន​ញុះញង់​ផ្ទាល់​ដល់​កងកម្លាំងប្រដាប់អាវុធ ហើយ​កងកម្លាំងប្រដាប់អាវុធ​នេះ បើទោះបីជា​ម្នាក់​ពីរនាក់ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​យ៉ាងខ្លាំង​ដែរ​។ លោក​បានលើកឡើងពី​ករណីនៅបរទេស ដែល​មនុស្ស​ម្នាក់​កាន់​កាំភ្លើង​តែមួយ​ដើម ថា​តើ​បាន​បង្ក​ផលប៉ះពាល់​អ្វីខ្លះ​ដល់សង្គម ដូចជា​នៅ​អាមេរិក​ជាដើម​។ ចុះ​ទម្រាំ​លោក សម រង្ស៊ី ដែល​ធ្វើការ​ញុះញង់​ដល់​កងកម្លាំងទាំងអស់ ពិសេស​អង្គភាព​អគ្គបញ្ជាការដែលជា​អង្គភាព​កងកម្លាំង​ដ៏​ធំ តើ​នឹងមានផលប៉ះពាល់​អ្វីខ្លះ ដូច្នេះ​វា​អាច​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គមជាតិ​។

​ពាក្យបណ្តឹង​នេះ ត្រូវបាន​លោក វង្ស ភក្ដី អត្ថ​លេខ​៣៦៣ ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា មាន​ការិយាល័យ​មេធាវី​ឈ្មោះ​ក្រុមហ៊ុន​មេធាវី វង់ និង​សហការី មានទីស្នាក់ការ​លើ​អាគារ​លេខ​១៨៤ ផ្លូវ​លេខ​៦៣ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ ជា​មេធាវី​ការពារ​សិទ្ធិ និង​តំណាងអោយ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ដាក់ជូន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោ​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧​។

​តាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ដែល​បាន​ដាក់ជូន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា កាលពី​អំឡុង​ដើមខែ​ធ្នូ ឆ្នាំ​២០១៧ ឈ្មោះ សម រង្ស៊ី បាន​ញុះញង់​ឲ្យ​កងកម្លាំង​កុំអោយ​ស្ដាប់​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត និង​បាន​ប្រមាថ​ថ្នាក់ដឹកនាំ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ព្រមទាំង​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព ដែល​អំពើ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ដែលជា​បទល្មើស​មានចែ​ង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុង​អនុវត្ត​សព្វថ្ងៃ​។ ជាមួយគ្នា​នោះ​លោក​មេធាវី វង្ស ភក្តី បាន​ស្នើឱ្យ​ព្រះរាជអាជ្ញា​មេត្តា​ពិនិត្យ និង​សំរេច​ចាត់ការ​ពាក្យបណ្ដឹង​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ឲ្យ​បាន​ឆាប់រហ័ស ព្រោះ​អំពើ​នេះ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​នៃ​រដ្ឋ​។

​សូមបញ្ជាក់ថា លោក សម រង្ស៊ី ដែល​កំពុង​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស កាលពី​ថ្មីៗ​នេះ បាន​ចេញមក​អុចអាល​ជាថ្មី​ម្តង​ឲ្យ​កងទ័ព​បញ្ឈប់​ការគាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ថា​ក្បាលម៉ាស៊ីន​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បែកបាក់ ទើប​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។ មិនតែប៉ុណ្ណោះ លោក សម រង្ស៊ី តែង​ចេញមក​ញុះញង់​ឲ្យ​កងទ័ព​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជារ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ លោក សម រង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​ដោយសារតែ​សម្តេច​តេ​ជោ ហ៊ុន សែន ខ្លាច​បែកបាក់​ផ្ទៃក្នុង​។

​ការលើកឡើង​នេះ បានធ្វើ​ឲ្យ​ម​មានប្រតិកម្ម​យ៉ាងខ្លាំង​ពី​ថ្នាក់ដឹកនាំ​កងកំលាំងប្រដាប់អាវុធ​គ្រប់​ស្ថាប័ន ដោយបាន​លើកឡើងថា កងទ័ព​បង្កើតឡើង​ដោយ​សម្តេច​តេ​ជោ មិន​ក្បត់​សម្តេច​ទេ តស៊ូ​ប្តូរផ្តាច់​ជានិច្ច​ទោះបី​ត្រូវ​ពលី​ជីវិត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684