ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ភ្នំពេញ​ក្រោ​ន សម្រេច​មិន​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​បី​រូបដែល​ផុត​កិច្ចសន្យា

​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2017) បានប្រកាសថា ​នឹងមិន​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​ចំនួន​៣​រូប ក្រោយ​បញ្ចប់​រដូវកាល​របស់ខ្លួន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​តារាង​រួម​ដែលមាន​ចំនួន​១២​ក្រុម​កាលពីពេល​ថ្មីៗ​។

​កីឡាករ​បរទេស​ទាំង​បីរូបនោះ​មាន​ ខ្សែការពារ​ជនជាតិ​បារាំង Anthony Aymard ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Gi Sung Yeon និង ​ខ្សែបម្រើ​ជនជាតិ​ជប៉ុន Suzuki Yuta​។ យ៉ាងណាក្តីកីឡាករ​ទាំង​បី​នៅ​មិនទាន់​ប្រាកដថា​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ ឬ ​ទៅ​បន្ត​អាជីព​នៅប្រទេស​ណា​ផ្សេង​នោះទេ​។ ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន វិញ​នៅសល់តែ​កីឡាករ​បរទេស​តែ​ម្នាក់ប៉ុណ្ណោះ គឺ​កីឡាករ​អាហ្វ្រិក​ខាងត្បូង Booysen Shane​។

​ចំណែក​កីឡាករ Anthony បាន​ចុះកិច្ចសន្យាពីរ​រដូវ​កាល​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន កាលពី​ឆ្នាំ ​២០១៥។ រូបគេ​មាន​ស្រុកកំណើត​នៅឯ​តំបន់ Le Puy-en-Velay ដែល​ស្ថិតនៅ Auvergne region ភាគខាងត្បូង​នៃ​ប្រទេស​បារាំង​។ រូបគេ​បាន​លេង​ឲ្យ​ក្លិប​ក្នុងស្រុក Le Puy Foot 43 អស់​រយៈពេល ១០ ឆ្នាំ ក៏ដូចជា​លេង​ឲ្យ​ក្លិប AS Polignac រយៈពេល៦ខែ ដែលជា​ក្លិប​នៅ​លំដាប់​ទី៤ និង​ ទី៥ ក្នុងប្រទេសបារាំង​។​ នៅ​ដើមឆ្នាំ ២០១១ កីឡាករ​រូបនេះ​បានធ្វើ​ដំណើរ​មកដល់​ប្រទេស​នៅ​អាស៊ី ហើយ​ចូលរួម​ជាមួយ​ក្លិប Etoile ដែលជា​ក្លិប​មួយ​ភាគច្រើន​កីឡាករ​ជា​ជនជាតិ​បារាំង ដែលជាជើងឯក​លី​ក Singapore League champions​។ ក្រោយ​លេង​នៅ​ក្លិប​នេះ​បានមួយរដូវ​កាល កីឡាករ Anthony ក៏បាន​ចូលរួម​ជាមួយ​ក្លិប Tanjong Pagar​ សមាជិក​ក្នុង​លី​ក​កំពូល​របស់​សិង្ហ​បុរី (S-League) រយៈពេល៤រដូវ​កាល​។​

​ចំណែក​កីឡាករ Gisung Yeon វិញ​បាន​ចុះកិច្ចសន្យា​មួយ​រដូវ​កាល​ជាមួយ​ភ្នំពេញ​ក្រោ​ន កាលពីដើមឆ្នាំ​ ២០១៧​។ កីឡាករ​រូបនេះ​កើត​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​១៩៨៩ នៅ​ទីក្រុង Suwon នៃសាធារណរដ្ឋ​កូរ៉េខាងត្បូង​។ រូបគេ​មានកំណើត​ចេញពី​សាលា Baekam High School នៅ​ទីក្រុង Yongin និង​ នៅ​សកលវិទ្យា​ល័យ Honam University ក្នុង​ទីក្រុង Gwangju មុន​ចេញ​ទៅលេង​នៅ​ក្លិប​Gyeongnam ដែលជា​សមាជិក​នៃ​លី​គ​កំពូល​កូរ៉េខាងត្បូង​។ ចាប់ពី​ឆ្នាំ​ ២០១១ មក​រូបគេ​ប្រកួត​អាជីពនៅ​ប្រទេស​ថៃ រហូត​ដោយ​ចូលរួម​ជាមួយ​ក្រុម​ TTM Phichit, BEC Tero, PTT Rayong តែ​នៅ​ឆ្នាំ ២០១៥ គេ​ផ្លាស់​ទៅលេង​នៅ​ក្លឹប Yadanarbon ក្នុងប្រទេស​មី​យ៉ាន់​ម៉ា រហូតដល់​ពាក់កណ្តាល​រដូវកាល​ឆ្នាំ ​២០១៦ គេ​បាន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្រុម ​Bangkok Christian College​ ម្តងទៀត​។​

​ចំពោះ​កីឡាករ Yuta សញ្ជាតិ​ជប៉ុនមាន​វ័យ២៦ឆ្នាំវិញ​ មុន​មកដល់​កម្ពុជាក្នុង​កិច្ចសន្យា​មួយ​រដូវ​កាល រូបគេ​ធ្លាប់បាន​ចំណាយពេល ៦ ​ខែ​ចុងក្រោយ​ជាមួយនឹង​ក្រុម​សាធារណរដ្ឋ​ឆេ​ក FSC Stara Rise ដែល​ស្ថិតនៅ​ក្របខណ្ឌ Moravian-Silesian Division D ដែលជា​ក្របខ័ណ្ឌ​លំដាប់​ទី​បួន​របស់​ប្រទេសឆេ​ក​។ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​រយៈពេល​៤​ឆ្នាំ ជាមួយ​ក្រុម​សាកលវិទ្យាល័យ Senshu នៅ​ប្រទេស​ជប៉ុន ក្រោយមក​រូបគេ​បាន​លេង​ពីរ​រដូវ​កាល​ជាមួយ​ក្លិប FC Suzuka Rampole មុនពេលផ្លាស់ប្តូរ​ទៅ​សាធារណរដ្ឋ​ឆេ​ក​។​

​យោងតាម​គោល​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីកំណត់ថា ​ក្លិប​ជា​សមាជិក​លី​គ​របស់ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុងនោះត្រូវមាន​កីឡាករ​អាស៊ីមួយ​រូប (​រូបមន្ត ៤+១)​។ ដូច្នេះ​ភ្នំពេញ​ក្រោ​ន ត្រូវ​ស្វែងរក​កីឡាករ​៤​រូបបន្ថែម​នៅ​រដូវ​កាល​ក្រោយ ​ដើម្បី​បំពេញ​កៅអី​កីឡាករ​បរទេស​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684