ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​៖ មានតែ​សន្តិភាព​ទេ ដែល​ជួយ​ទប់ស្កាត់​ពិការភាព

ភ្នំពេញ ​ ៖ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានធ្វើការ​អំពាវនាវ​ឲ្យ​ជនពិការ​ទាំងអស់​ចូលរួម​ថែរក្សា​នៅ​សុខសន្តិភាព​ដែល​កំពុង​កើតមាន​នៅក្នុង​ព្រះរាជណាចក្រ​កម្ពុជា។ សម្តេច​បាន​ចាត់ទុកថា មានតែ​សន្តិភាព​មួយគត់ ដែល​អាច​ទប់ស្កាត់ និង កាត់បន្ថយ​បាន​នូវ​ពិការភាព។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​អំពាវនាវ​បែបនេះ​នៅក្នុង​ទិវា​ជនពិការ​កម្ពុជា​លើក​ទី ១៩ និង ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី ៣៥​ក្រោម​ប្រធានបទ​« ធ្វើ​ឲ្យ​មាន​ភាពរឹងមាំ​ស្រប​នឹង​សង្គម​មួយ​មាន​សន្តិភាព​សម្រាប់​ទាំងអស់គ្នា​» ដែល​បាន​ប្រារព្ធ​ធ្វើ​នា​ព្រឹក​ថ្ងៃទី ៧ ខែ ធ្នូ​នៅ សាល​មហោស្រព​កោះ​ពេជ្រ។​
​ ​
សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា សង្គ្រាម​បាន​បន្សល់ទុក​នូវ​ជន​ពិការ​ដ៏​ច្រើន ដែល​គិត​មកដល់​បច្ចុប្បន្ន កម្ពុ​ជាមាន​ជនពិការ​រហូត​ជិត​កន្លះ​លាន​នាក់ ដែល​ក្នុងនោះ រាប់បញ្ចូល​ទាំង​ជនពិការ​ដែល​បង្កឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង ដាច់​សរសៃ​ឈាម ខួរក្បាល​ផងដែរ ។ តែ​បញ្ហាសំខាន់​របស់​យើង​គឺ​ការរក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព មាន​សន្តិភាព ទើប​យើង​មានលទ្ធភាព​ស្ដា​រ​នូវ​នីតិសម្បទា​ជនពិការ ​មាន​សន្តិភាព​ទើប​អាច​កាត់បន្ថយ​បាន​នូវ​ពិការភាព។ សម្តេច​បាន​បន្តថា ហេតុ​ដូចនេះហើយ​ទើប​រាជរដ្ឋាភិបាល​ខិតខំ​ធ្វើ​គ្រប់បែបយ៉ាង ដើម្បី​រក្សាបាន​នូវ​សុខសន្តិភាព រាប់ទាំង​ការបង្ក្រាប​ចលនា​បដិវត្ត​ពណ៌​នាពេល​ថ្មីៗ​នេះ​ផងដែរ ។



សម្តេច​ពិជ័យ​សេនា ក៏បាន​ធ្វើការ​រិះគន់​ចំពោះ​អ្នកនយោបាយ​ប្រឆាំង​ដែល​បាននិងកំពុង​ធ្វើការ​អំពាវនាវ​ឲ្យ​បរទេស​ដាក់ទណ្ឌកម្ម​ចំពោះ​កម្ពុជា ដែលជា​ទង្វើ​មួយ​សម្លាប់​ជាតិ​ឯង.

ពាក់ព័ន្ធ​នឹង​មន្ទី​ង​រំលឹក​ខួប​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៩ នេះ សម្តេច​បាន​មានប្រសាសន៍ ថា ទិវា​ជនពិការ​អន្តរជាតិ​ត្រូវបាន​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​អំពី​ការតស៊ូ​ទាមទារ​សិទ្ធិ​ចូលរួម​ក្នុងសង្គម​របស់​ជនពិការ​ ដែលជា​ជន​បាត់បង់​កាយសម្បទា​កាយវិញ្ញាណ​ និង​សតិបញ្ញា ប្រមាណ​ជាង ១​ប៊ី លាន​នាក់​នៅ​ក្នុង​ពិភពលោក ដែល​តែងតែ​ជួបប្រទះ​នូវ​ឧបសគ្គ​រារាំង​នៅ​ក្នុង​ជីវិត​ចាប់តាំង​ពី​ទសវត្សរ៍ ឆ្នាំ​១៩៥០ នៅ​សហរដ្ឋអាមេរិក​ និង​អឺរ៉ុប​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​នូវ​ស្ថានភាព​រស់នៅ​របស់​ពួកគេ​ក្នុង​គោលបំណង​បង្កើន​ការ​យល់ដឹង​អំពី​បញ្ហា​ពិការភាព ដោយ​ផ្តោត​សំខាន់​លើ​សិទ្ធិ​ជន​ពិការ​ និង​ការធ្វើសមាហរណកម្ម​ជនពិការ​ទៅលើ​គ្រប់​សកម្មភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។ ​ដោយឡែក ព្រះរាជាណាចក្រ​កម្ពុជា​ប្រារព្ធ​ទិវា​ជនពិការ​នេះ​ឡើង​ដើម្បី​រំលឹក​អំពី​មហា​វិនាសកម្ម​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​បន្សល់ទុក​នូវ​ផលវិបាក​ជាច្រើន ក្នុងនោះ រួមមាន ស្ត្រី​មេម៉ាយ កុមារកំព្រា ជនពិការ ព្រមទាំង​គ្រាប់មីន និង​កាកសំណល់​ជាតិ ផ្ទុះ​សល់​ពី​សង្គ្រាម​។

សម្តេច​បាន​បន្តថា ឆ្នាំ​២០១៧​នេះ​ទិវា​ជនពិការ​កម្ពុជា​និង​ទិវា​ជនពិការ​អន្តរជាតិ ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ​៖«​ធ្វើឲ្យមាន​ភាពរឹងមាំ​ស្រប​នឹង​សង្គម​មួយ​មាន​សន្តិភាព​សម្រាប់ ទាំងអស់គ្នា​»​ក្នុង​គោលបំណង​ដើម្បី​អបអរសាទរ​ភាពជោគជ័យ​នៃ​វិស័យ​ពិការភាព​នៅ​កម្ពុជា​ហើយ បន្ត​បង្ហាញ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​សិទ្ធិ និង​ការចូលរួម​របស់​ជន​ពិការ ធានា​ដល់​ការធ្វើ​បរិ​យា​ប័ន្ន​និង​ចលនា​ការ​នៃ​វិស័យ​ពិការភាព​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ស្ដីពី​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជនពិការ​ទសវត្សរ៍ ជនពិការ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ ២០១៣-២០២២ , យុទ្ធសាស្ត្រ​អ៊ី​ន​ឈាន់ ធ្វើ​ឲ្យ​សិទ្ធិ​ក្លាយជា​ការពិត ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​ពិការភាព ២០១៤-២០១៨​។​



រាជរដ្ឋាភិបាល​កម្ពុជា​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ក្នុង​វិស័យ​ពិការភាព​សំដៅ​ជួយ​ដល់​ជនពិការ​និង​ក្រុមគ្រួសារ​ឲ្យ​ទទួលបាន​គុណភាព​ជីវិត​ល្អប្រសើរ គ្មាន​ការរើសអើង​ទទួលបាន សេវា​សង្គម​និង​សេវា​សាធារណៈ​ស្មើគ្នា​ការចូលរួម​គ្រប់​សកម្ម​ភាព​ក្នុងសង្គម ទាំង​ការ​ទៅ​ចុះឈ្មោះ បោះឆ្នោត​និង​ឈរឈ្មោះ​ជា​បេក្ខជន​ឱ្យគេ​បោះឆ្នោត​ការទទួលបាន​ការគោរព​សិទ្ធិ និង​សេរីភាព ទាំង​ការគិតគូរ​បញ្ចូល​បញ្ហា​ពិការភាព​ក្នុង​គ្រប់​វិស័យ​តាមរយៈ​ការកែសម្រួល រៀបចំ​លិខិតបទដ្ឋាន គតិយុត្ត​ការចុះផ្សាយ​ការយល់ដឹង​អំពី​វិស័យ​ពិការភាព​ទៅគ្រប់​ក្រសួង​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​គាំទ្រ​ដល់​ការ​អភិ វ​ឌ្ឍ​ប្រកបដោយ​ចីរភាព សម្រាប់​ជន​មាន​ពិការភាព​គ្រប់រូប​នៅ​កម្ពុជា​។​

ទន្ទឹមនឹងនេះ​សុខុមាលភាព​របស់​ជន​ពិការ​ក៏ត្រូវ​បាន​យកចិត្តទុកដាក់​ពី​គ្រប់​មជ្ឈដ្ឋាន​ស្រប​ទាំង​កាលានុវត្តភាព​នៃ​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​។​ជនពិការ​ត្រូវបាន​ផ្ដល់​អាទិភាព​ក្នុងការ​ជ្រើសរើស​ឲ្យ​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​ចំនួន ៤៣​ស្ថាប័ន ដោយ​គិត​ក្នុង​ឆ្នាំ ២០១៧​នេះ​មាន​ជនពិការ​ចូល​បម្រើការ​ងារ​សរុប​ចំនួន ២៧៣៧​នាក់ ក្នុងនោះ​ពិការ​កម្រិតធ្ងន់ មាន​ចំនួន ១១៨០​នាក់ ដែល​ក្នុង​ម្នាក់​គិត​ស្មើនឹង ចំនួន ២​នាក់ មាន​ចំនួន​សរុប ៣៩១៧​នាក់ ស្មើនឹង ១,៧៨ ភាគរយ​បច្ចុប្បន្ន ក្រសួង​ស្ថាប័ន​នានា​បាននិងកំពុង​ជ្រើសរើស​ឲ្យ​គ្រប់​តាម​អត្រា កំណត់​ចំនួន ២ ភាគរយ នៅក្នុង​ឆ្នាំ ២០១៨ ។​
សម្តេច​ពិជ័យ​សេនា​បាន​បន្តថា តាមរយៈ​ការអនុវត្ត​របប​គោលនយោបាយ​ដើម្បី​ចូលរួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​និង​គោលនយោបាយ​ជាតិ​នានា​ទាក់ទង​នឹង​ការកាត់បន្ថយ​ភាពក្រីក្រ​ជាក់ស្ដែង​រាជរដ្ឋាភិបាល​បាន​ប្ដូរ​កម្មសិទ្ធិ​ដីធ្លី​និង​បាន​ កសាង​លំនៅដ្ឋាន​ជូន​ជនពិការ​តា​កែន​កោះស្លារ តំបន់​អភិវឌ្ឍន៍​ខេត្តកំពត ៣១៧ នៅ​ស្រុក​គូលែន​ខេត្តសៀមរាប និង នៅ​ភ្នំ​ឆ័​ត្រ ខេត្តបន្ទាយមានជ័យ​។ រាជរដ្ឋាភិបាល​ក៏បាន​បើក​សេវា​ស្ដារ​លទ្ធភាព​ពលកម្ម​នៅតាម​សហគមន៍ និង​គាំទ្រ​ជនពិការ​ចងក្រង​ក្រុម​ជួយ​ខ្លួនឯង​,​ចងក្រង​អង្គការ​ជនពិការ​ថ្នាក់ឃុំ​ស្រុក​ខេត្ត​ក្នុងទិសដៅ​ឲ្យ​ជនពិការ​អាចជួយ​គ្នា​ទៅវិញទៅមក​រៀបចំ​ផែនការ​ដាក់បញ្ចូល​វិស័យ​ពិការភាព​ជាមួយ​ថ្នាក់ឃុំ​ស្រុក​និង​ខេត្ត ជាពិសេស​ចូលរួមចំណែក​ជួយ​ដល់​ជនពិការ​ក្រីក្រ​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​ប្រកបដោយ​ឯករាជ្យ​ស្មើ​ភា​ភ ស្មើ​សិទ្ធិ និង សេ​ក្តី​ថ្លៃថ្នូរ ។ បច្ចុប្បន្ន​ជនពិការ បាន​ចង​ក្រុម​ជួយ​ខ្លួនឯង​ចំនួន ១៩៥០, អង្គការ​ជនពិការ​ចំនួន ៧០ មាន​ជនពិការ​ប្រមាណ​ចំនួន ២​ម៉ឺន​៨​ពាន់​នាក់ ក្នុង​មួយឆ្នាំ​បានទទួល​ការផ្ដល់សេវា​ស្ដារ​លទ្ធភាព​ពលកម្ម កាយសម្បទា និង​ជនពិការ​ចំនួន​១៩២ បានទទួល​ការបណ្ដុះបណ្ដាល វិជ្ជាជីវៈ និង​មុខ របរ​ក្នុង​ឆ្នាំ​២០១៦។

ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​បាននិងកំពុង​ទទួល​នូវ​ផលប្រយោជន៍​ជាច្រើន ដូចជា​ការពិនិត្យ​ព្យាបាល​និង​ការថែទាំ​សុខភាព ការទទួល​សេវា​ស្ដារ​លទ្ធភាព​ពលកម្ម ថ្លៃ​អាហារ​ហូបចុក សោហ៊ុយ​ធ្វើដំណើរ ដោយបាន​ធ្វើ​នៅ​ខេត្ត​ប៉ៃលិន ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ដើម្បី​ចូលរួមចំណែក​អនុវត្ត​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ផែនការ​យុទ្ធសាស្ត្រ​ជាតិ​និង​គោលនយោបាយ​ជាតិ​នានា​ដែល​ទាក់ទង​នឹង​ការកាត់បន្ថយ ភាព​ក្រី ក្រ​។

យើង​ក៏បាន​រៀបចំ​បង្កើត​ឲ្យ​មាន​អក្សរ​ស្ទាប​និង​ភាសា​សញ្ញា​សម្រាប់​ជនពិការភ្នែក​និង​មនុស្ស ដែល​បានដាក់​បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​នៃ​វិស័យ​អប់រំ​និង​ព័ត៌មានវិទ្យា​ព្រមទាំង បាន​បក​ប្រែជា​ភាសា​សញ្ញា​នៅតាម​ស្ថានីយទូរទស្សន៍​នានា ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ជនពិការ​ទទួលបាន​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​។​

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ចុងខែ ធ្នូ ឆ្នាំ ២០១៣ ថ្មីៗ​កន្លងទៅនេះ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ​បានធ្វើកា​រ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​របាយការណ៍​នៃ​ការអង្កេត​ប្រជាជន​ចន្លោះ​ជំរឿន កម្ពុជា​ឆ្នាំ ២០១៣ ក្នុងនោះ​ពិការភាព គឺជា​របាយកាណ៍​ទី​៥ នៃ​លទ្ធផល​ធ្វើ​ជំរឿន​អង្កេត​ក្នុង ឆ្នាំ​២០១៣ ។ ជំរឿន​ឆ្នាំ ២០០៨ បាន​បង្ហាញថា ជនពិការ​នៅ​កម្ពុ​ជាមាន​ជិត ២០ ម៉ឺន​នាក់ ស្មើ​និង ១,៤៤​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684