ព័ត៍មានទាន់​ហេតុការណ៏
Search

Yorth Dachha មក​សងសឹក ​អ៊ុំ ចំរើន ឯ Khum Phat មកជួប ​យុគ ​យក្ស​ផ្លែ នៅ​ SEA-TV

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ពីររូប ត្រៀម​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ​ពីររូប ដែល​នឹង​ឡើងមកសងសឹក ​និង ​ជួប​ប្រកួត​ជាមួយ នៅក្នុង​កម្មវិធី​ប្រដាល់​ Ganzberk លើស​ង្វៀន SEA-TV ថ្ងៃទី​០៩​ ធ្នូ​ ២០១៧​នេះ។ ក្នុងនោះអ្នក​ប្រដាល់​ថៃ​ឈ្មោះ Yorth Dachha គេ​នឹង​មក​សងសឹក​អ្នកប្រដាល់ ​អ៊ុំ ចំរើន ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ហើយ​អ្នក​ប្រដាល់​ថៃ ​Khum Phat គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជា​សីហ៍​មាន​រិ​ទ្ធ។

​​អ៊ុំ ចំរើន គេ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Yorth Dachha ក្នុង​ប្រភេទ​ទម្ងន់ ​៦៩ គីឡូក្រាម។ ចំរើន គេ​ធ្លាប់​ឈ្នះ Yorth Dachha ក្នុង​ទឹក​ទី​៥ កាលពី​ជួបគ្នា​ថ្ងៃទី​២៤​ កុ​ម្ភៈ ២០១៧​ កន្លងមកនេះ។ ចំរើន ជារួម​ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ​៣១ ​លើក​ហើយ ដោយ​ក្នុង​ចំនួន​នេះគេ​វាយ​ឈ្នះ​ថៃ១៩​លើក ចាញ់​១១​លើក និង​ ស្មើ​០១​លើក។

Yorth Dach ha នេះ ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​ ០៣ លើក​ទាំង​លើក​នេះ ដែល​មក​លើក​ទី​១ គេ​វាយ​ស្មើ​ជាមួយ​ ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា លើក​ទី២ ចាញ់ ​អុំ ចំរើន នោះ​។ គេ​ជា​ជើង​ខ្លាំង​មួយរូបនៅ​ស្រុកថៃ តែបើ​ពិនិត្យ​មើលទៅ អ្នក​ប្រដាល់​ថៃ​រូបនេះមិនជា​ខ្លាំង​លើ​ អ៊ុំ ចំរើន ​ប៉ុន្មាន​ទេ ហើយគេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨១​លើក ក្នុងនោះ​ឈ្នះ​៦៩​លើក ចាញ់​១១​លើក​ និង​ ស្មើ​០១​លើក។ អ៊ុំ ចំរើន មាន​កំណត់​ត្រា​ប្រកួត​ចំនួន​១១៣​លើក ឈ្នះ៧៧​លើក ចាញ់​៣៦លើក មិនដែល​ស្មើ​។ កណ្ដាប់ដៃ កែង និង ​ជើង​ទាត់​របស់​ ចំរើន វាយ​ចេញ​ខ្លាំង​ និង​ មាន​ទម្ងន់​ធ្ងន់​គួរសម​ដែរ។

ទន្ទឹមនេះ ចំរើន ក៏​ធ្លាប់​ជួប​ជាមួយ​អ្នក​ប្រដាល់​បរទេសជាតិ​សាសន៍​ផ្សេងៗ​ជាច្រើន​នាក់​ទៀតផង​ដែរ។ ជា​អ្នក​ប្រដាល់​ដែល​មិនចេះ​វាយ​បន្ធូរ​ដៃ​នោះទេ ឱ្យតែ​គេ​យល់ថាដៃគូ​អាច​បង្ក្រាបបានគឺ​គេ​មិនប្រស់​ទុក​យូរ​ទេគេ​ផ្តួល​យកឈ្នះ​តែម្តង។ និយាយ​ពី​បច្ចេកទេស និង កលល្បិច​នោះ ចំរើន ​គេមាន​ពេញ​ខ្លួន។ ចាំមើល តើ​អ៊ុំ ចំរើន អាច​យកឈ្នះ Yorth Dachha នេះ បាន​ទៀត​ឬ​អត់?។

​យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ជើងចាស់ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃឈ្មោះ Khum Phat ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ៥៧ គ​.​ក្រ។ អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ មិន​ធ្លាប់​មកប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក។

Khum Phat អ្នក​ប្រដាល់​ថៃ​រូបនេះ បើតាម​លោក​ញាន សុធី អ្នក​ផ្គូផ្គង​ប្រដាល់​ប្រចាំ​SEA-TV និយាយ​អោយដឹង​នោះ​ថា គេ​ជា​ជើង​ខ្លាំង​មួយរូប​នៅ​ប្រទេស​ថៃ ដោយ​គេ​មាន​ប្រវត្តិ​ប្រកួត​បាន​៦៦​លើក ឈ្នះ​៥៧​លើក ចាញ់​០៨​លើក និង​ស្មើ​០១​លើក។ Khum Phat នេះ គេ​មាន​កម្ពស់​ប្រហាក់ប្រហែល​យុគ យក្ស​ផ្លែ ដែរ គឺ​១,៦៤​ម៉ែត្រ ក្នុងពេលដែល​ យក្ស​ផ្លែ មាន​កម្ពស់​១,៦៣​ម៉ែត្រ។​

ទោះជា​យ៉ាងណា សម្រាប់​ការជួប​ជាមួយ​ យុគ យក្ស​ផ្លែ ជើង​ខ្លាំង​របស់​កម្ពុជា​ម្នាក់នេះ Khum Phat មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ទេ ព្រោះ​យក្ស​ផ្លែ គេ​វាយ​ខ្លាំង​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ ហើយ​មួយទៀត​គេ​មាន​កម្លាំង​កាយសម្បទា​ខ្លាំង​រឹងមាំ វាយ​សម្រុក​មិន​ដក​ដៃ​ឡើយ ។
ដូច្នេះ​ចាំមើល Khum Phat អ្នក​ប្រដាល់​ថៃ​ដែល​មក​លើក​នេះ អាច​យកឈ្នះ​ យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​កម្ពុជា​យើង​ឬ​អត់ ? ។

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ម៉ន ព្រហ្ម​ម៉ាញ​អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក នឹង​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​ផៃ គឹម​ហឿ​ត អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។​ សម្រាប់​គូ​នេះ គេ​មិន​មានជំនឿថា ម៉ន ព្រហ្ម​ម៉ាញ ឈ្នះ​ផៃ គឹម​ហឿ​ត​នោះឡើយ ព្រោះថា​ម៉ន ព្រហ្ម​ម៉ាញ គេ​វាយ​រាង​ស្រុត​ធ្លាក់​ច្រើន​ប៉ុ​ន្មា​ប្រកួត​ចុងក្រោយ​នេះ​។

​យ៉ា​ម រ៉េត អ្នក​ប្រដាល់​ក្លិប​កុមារកំព្រា ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​យុគ យក្ស​ខួច អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ខេត្តបាត់ដំបង ។​ពួកគេ​ទាំងពីរ​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684