ព័ត៍មានទាន់​ហេតុការណ៏
Search

ធឿន ធារ៉ា ជួប Rasrisingha ខ​ណៈ មៀ​ច សុខ​រ៉ា ជួប Fasurak នៅ​ស្ទឹងមានជ័យ

​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ពីររូប ត្រៀម​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​ SEA-TV នា​យប់​ថ្ងៃអាទិត្យ ​ទី​២៦ ​ខែវិច្ឆិកា ​ឆ្នាំ២០១៧ ​នេះ។​ ក្នុងនោះ ធឿន ធារ៉ា អ្នក​ប្រដាល់​សមាគមកីឡាប្រដាល់​ក្រសួងកសិកម្ម ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ Pheach Arun អ្នក​ប្រដាល់​ថៃម្តងទៀត ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៦៩​ គីឡូក្រាម។

Pheach Arun ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ តែ​បែរមក​ចាញ់​ក្រោម​កណ្តាប់ដៃ​របស់ ធឿន ធារ៉ា ដោយ​ពិន្ទុ​ កាលពី​ថ្ងៃទី​២៩ ​តុលា ​២០១៧ ដែល​ធ្វើ​ឲ្យ​គេ​មិន​អស់ចិត្ត​សុំ​មក​សងសឹក​ ធារ៉ា​ វិញនៅពេលនេះ។ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ​រូបនេះ ដែល​មិន​ងាយ​មាន​នរណា​វាយ​ឈ្នះ​គេ​ទេ។ គេ​ប្រកួត​មាន​ប្លង់​តាម​លក្ខ​ណៈបច្ចេកទេស ទាំង​កណ្តាប់ដៃ ទាំង​ជើង​ទាត់ ជង្គង់​ កែង គឺ​មាន​កំប្លេតែម្តង។ Pheach Arun ធ្លាប់​មក​ប្រកួត ​និង ​ធ្លាប់​ឈ្នះ​ចាញ់​អ្នក​ប្រដាល់​កម្ពុជា​ច្រើន​នាក់​មកហើយកន្លងមក​។

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៩០​លើក ឈ្នះ​៧៩​លើក ចាញ់​១១​លើក មិនដែលស្មើ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ តាម​ពិតជា​អ្នក​ប្រដាល់​ចាស់វស្សា តែ​គេ​ពុំ​សូវ​ឡើង​ប្រកួតនៅ​ភ្នំពេញ​ប៉ុន្មាន​ទេ។ ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង មានចិត្ត​ប្រដាល់​ធំ ហើយ​ហ៊ាន​ប្តូរ​ជាមួយគូប្រកួត​ដោយ​មិន​ខ្លាចញញើត​ឡើ​​​​។

​ទោះជា​យ៉ាងណា សម្រាប់​ការជួប​ប្រកួត​ជាមួយ​ ធឿន ធារ៉ា​ នេះ មិនដឹងថា Pheach Arun អាចសងសឹក​យកឈ្នះ​បាន ​ឬ អត់​នោះទេ?។ អ្នក​ប្រដាល់​ ធឿន ធារ៉ា គេ​ធ្លាប់​ជួប ​និង​ វាយ​ឈ្នះ​អ្នកប្រដាល់​ថៃ​ច្រើន​នាក់​ដែរ ក្នុង​ការជួប​ប្រកួត​នៅ​ជាយដែន ​និង ​ប្រទេស​ថៃ ព្រោះ​គេ​ជា​អ្នក​ប្រដាល់ដែល​មកពី​ខេត្តកោះកុង​។ ធឿន ធារ៉ា មាន​កំណត់​ត្រា​ប្រកួត​៦៣​លើក ឈ្នះ​៥៥​លើក ចាញ់០៧​លើក និង ​ស្មើ​០១​លើក។ ដូច្នេះចាំមើល​រវាង​ ធឿន ធារ៉ា និង Pheach Arun ជួបគ្នា​លើក​ទី​២នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ?​។

​វេ​ង សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នៃ​សមាគម​កីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ ឈ្មោះ​ Loom Leng​។ ​ពួកគេប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ​៦៣,៥០០​ គីឡូក្រាម​។ អ្នក​ប្រដាល់​ថៃ Loom Leng ដែល​មកជួប​ វេ​ង សុ​ភ័​ក្រ​ នេះ គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​ ៦៣,៥០០ ហើយក៏​ជា​អ្នក​ប្រដាល់​ជើងចាស់ធ្លាប់មក​ប្រកួត​នៅ​កម្ពុជា​ប្រមាណ ​១១​ លើក​ហើយ​កន្លងមក។ នេះ​បើតាម​អ្នក​ផ្គូផ្គង​ប្រចាំសង្វៀន​ SEATV ។

Loom Leng នេះមាន​កំណត់​ត្រា​ប្រកួត​ចំនួន​៧៦​លើក ឈ្នះ​៦៣​លើក ចាញ់​១២​លើក និង ស្មើ​០១លើក។ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះមិន​ប្រាកដថា​ឈ្នះ ​វេ​ង សុ​ភ័​ក្រ នោះទេ ព្រោះថា សុ​ភ័​ក្រ​ នេះគេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ ហើយ​វាយ​មាន​ផ្លែ​ល្អ​ថែមទៀត។​ វេ​ង សុ​ភ័​ក្រ ជើង​ខ្លាំង​របស់​កម្ពុជា​នេះ ធ្លាប់​បំបាក់​ថៃ​អស់​ប្រមាណ​៨​នាក់​ហើយ​កន្លងមក។ ទោះបី​គេជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ក្តី តែ​ សុ​ភ័​ក្រ​ វាយ​ជាមួយ​ថៃ គឺ​គ្មាន​ញញើត​ខ្លាច​អ្វី​បន្តិច​ទេ។ គេ​មានកណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​ និង​ ជង្គង់ កែង ក៏​ល្អ​ផងដែរ។

​ទោះជា​បែបនេះ​ក្តី មិនទាន់​ហ៊ាន​សន្និដ្ឋានថា វេ​ង សុ​ភ័​ក្រ ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​ជាមួយអ្នក​ប្រដាល់​ថៃ Loom Leng នេះឡើយ? ព្រោះថា ពេលខ្លះ​គេ ​(​សុ​ភ័​ក្រ​)​ ក៏​វាយ​អន់​ដែរ ដូចជាពេល​ជួប​ប្រកួត​ចុងក្រោយ​ជាមួយ Fa Nemith កាលពី​ថ្ងៃទី​១៤ ​តុលា ២០១៧​ កន្លងមក គឺ​គេវាយ​អត់​សូវ​ចេញ​នោះទេ ធ្វើឱ្យ​លទ្ធផល​ចាញ់ ​Fa Nemith ​ដោយ​ពិន្ទុ​នោះ​។ វេ​ង សុ​ភ័​ក្រ គេ​មានប្រវត្តិ​ប្រកួត​ចំនួន​៧៥​លើក ក្នុងនោះ​ឈ្នះ​៦៣​លើក ចាញ់​១១​លើក និង ស្មើ​០១​លើក។ ចាំមើលរវាង ​វេ​ង សុ​ភ័​ក្រ និង Loom Leng តើន​រណា​ជា​អ្នកឈ្នះ​ក្នុង​ការជួប​ប្រកួត​គ្នា​នេះ​?។​

ចំពោះ​អ្នក​ប្រដាល់​ជើងចាស់ រិ​ទ្ធ មុន្នី ក្លិប​ម្កុដ​រាជសីហ៍ បាន​ណាត់ជួប​ជម្រះបញ្ជី​ជាមួយ​ ម៉ន ចាន់​ដា​រ៉ា អ្នក​ប្រដាល់​ស្រករ​ក្រោយនៃ​ក្លិប​ការិយាល័យ​ទី​៥​ កងទ័ពជើងគោក​។ ​ពួកគេ​ទាំងពីរជួបគ្នា​ក្នុងប្រភេទ​ទម្ងន់ ​៦៥ ​គីឡូក្រាម។​ ពីរ​នាក់​នេះធ្លាប់​ជួបគ្នា​ពីរលើក​ហើយ​កន្លងមក ដោយ​ការជួបគ្នាលើក​ទី​១ (១២​ មិថុនា ​២០១៧)​ រិ​ទ្ធ មុន្នី គេ​ឈ្នះ​ ម៉ន​ ចាន់​ដា​រ៉ា ដោយ​ពិន្ទុ​។​ តែ​ការជួបគ្នាលើក​ទី​២ (០៣ ​កក្កដា​ ២០១៧) រិ​ទ្ធ មុន្នី គេ​ប្រកួត​ចាញ់​ ម៉ន ចាន់​ដា​រ៉ា ដោយ​ពិន្ទុ​វិញ។ ​តែការ​ចាញ់ ​ម៉ន ចាន់​ដា​រ៉ា ​ក្នុង​ការជួប​លើក​ទី​២​នោះ ដោយ​លក្ខណៈ​ប្រផុតប្រផើយ​តែប៉ុណ្ណោះ។​

រិ​ទ្ធ មុន្នី ក្លិប​ម្កុដ​រាជសីហ៍ ជា​ជើង​ខ្លាំង​និង​ជា​ជើងចាស់ដែល​វាយ​កម្រ​ចាញ់​ណាស់ ទោះបីជាកណ្តាប់ដៃ​របស់​គេវាយ​មិនសូវមាន​ទម្ងន់​ខ្លាំង​ក៏ដោយ តែ​គេ​វាយ​ចេញ​បាន​លឿន រហ័ស និង ​ញាប់ ដែល​ធ្វើឱ្យ​ដៃគូ​ពិបាក​ក្នុងការ​ទប់ទល់​ និង ​ការពារ។ ឯ ម៉ន ចាន់​ដា​រ៉ា ជា​អ្នក​ប្រដាល់ស្រករ​ក្រោយ ប៉ុន្តែ​បានធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ ដោយសារតែ​គេ​មាន​ថ្វីដៃ​ល្អ ខ្លាំង និង​ វាយមិន​ញញើត​ដៃគូ បើទោះជា​គូប្រកួត​ជា​អ្នក​ប្រដាល់​ជើងចាស់ ឬក៏​ជា​ជើង​ខ្លាំង​ក៏ដោយ។​ កាលពីថ្ងៃទី​១១ ​វិច្ឆិកា ​កន្លងមកនេះ ម៉ន ចាន់​ដា​រ៉ា បាន​ផ្តួល ​ម៉ៃ ថៃ​ប៊ិ​ប ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ឱ្យ​សន្លប់ក្នុង​ទឹក​ទី​១។

​ប៉ុន្តែ​សម្រាប់​ការជួប​ប្រកួត​ជាមួយ ​រិ​ទ្ធ មុន្នី​ លើក​នេះ ប្រហែលជា​មិន​ងាយស្រួល​ដូច​ការជួប​លើក​មុននោះទេ ព្រោះ​ មុន្នី ជា​អ្នក​ប្រដាល់​ជើងចាស់​ដែលមាន​ថ្វីដៃ​ល្អ ហើយ​វាយ​មាន​ប្លង់​ច្បាស់លាស់មិន​វាយ​ប៉ាតណាប៉ាតណី​នោះទេ។ ទោះជា​យ៉ាងណា រវាង ​ម៉ន ចាន់​ដា​រ៉ា និង រិ​ទ្ធ មុន្នី ជួបគ្នា​លើក​ទី​៣​នេះ ក្រុមអ្នកវិភាគ​ប្រដាល់​មិន​ហ៊ាន​សន្និដ្ឋានថា នរណា​ជា​អ្នកឈ្នះ​នោះឡើយ?។​ការប្រកួត​ចុងក្រោយ​របស់ ​រិ​ទ្ធ មុន្នី គឺ​វាយ​ចាញ់​ សំអាង ឌុន ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ទឹក​ទី​១។ ឯ ម៉ន ចាន់​ដា​រ៉ា ប្រកួត​ចុងក្រោយគេ​ផ្តួល ​ម៉ៃ ថៃ​ប៊ិ​ប ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​១៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684