ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​សាម​សុង​បន្ត​យុទ្ធនា​ការចែក​មួកសុវត្ថិភាព ​ដល់​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ជិត​១​ពាន់នាក់ ​

​ភ្នំពេញ ៖ ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ដល់​សង្គម​ និង ​ដើម្បី​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍ក្នុងការទប់ស្កាត់​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ ក្រុមហ៊ុន​សាម​សុង​បន្ត​ជំរុញ​គំនិត​ផ្តួចផ្តើមសហគមន៍​ក្នុងប្រទេស​កម្ពុជា ជាមួយ​នឹ​ងពិធី​ចែក​មួកសុវត្ថិភាព​ក្រោម​គោល​គំនិត «​អនាគតសិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» ដែល​ជួយ​ធ្វើ​ឲ្យ​អ្នកបើកបរ​ក្នុងប្រទេស​កម្ពុជា​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ធ្វើដំណើរ​។

​ទន្ទឹមគ្នា​នេះដែរ​ ដោយ​ទទួលបាន​ភាពជោគជ័យ និង ​ការបន្ត​គាំទ្រ​យ៉ាង​ធំធេង​ពី​ក្រសួង​អប់រំ​ យុវជន និង​កី​ទ្បា ​ក្រុមហ៊ុន​សាម​សុង​ នា​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ​ឆ្នាំ​២០១៧ ​បាន​បើក​យុទ្ធនា​ការចែកមួកសុវត្ថិភាព​ដល់​សិស្សានុសិស្ស​ជិត​ ១០០០​ នាក់ ​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ដោយមានការចូលរួម​ពី​សំណាក់​លោក ប៊ូ ជុំ​សេរី អនុ​រដ្ឋលេខា​នៃ​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា​,​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ​ សាម​សុង​អេ​ទ្បិ​ច​ត្រូ​និក​សាខា​កម្ពុជា​,​កំពូលតារាចម្រៀង ឱក សុគន្ធ​កញ្ញា អ្នកតំណាង​ទូរស័ព្ទដៃ​សាម​សុង​ រួមជាមួយ​លោកគ្រូ​អ្នកគ្រូជាច្រើន​នាក់​ទៀត​។

​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា បាន​ថ្លែងថា ​ខ្ញុំ​ពិតជា​មាន​ក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ដែល​បាន​ចូលរួម​ធ្វើជា​សក្ខីភាព​នៃ​ពិធី​ចែក​មួកសុវត្ថិភាព ក្រោមគោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» ជា​លើក​ទី​ពីរ​ក្នុងប្រទេស​កម្ពុជា។​ សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​សាម​សុង ​ដែល​បានរៀបចំ​កម្មវិធី​នេះ​ទ្បើង ដើម្បី​ជំរុញឲ្យ​យើងទាំងអស់គ្នា​យល់ដឹង​ជា​សាធារណៈ​ អំពី​វិធានការការពារ​អាយុជីវិត​ប្រជាជន​កម្ពុជា​ និង លើកស្ទួយ​ដល់​ការអភិវឌ្ឍ ប្រទេសជាតិ​។

​ដោយឡែក​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ សាម​សុង​ ក៏បាន​លើកឡើងថា ខ្ញុំពិតជា​រីករាយ​ដែល​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ ​យុវជន និង​កី​ទ្បា​ និង​ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដើម្បី​បង្កើត​ពិធី​ចែក​មួកសុវត្ថិភាពនេះ​ឡើង​។ យុទ្ធនាការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់​សាមសុង Love & Care ដើម្បី​តបស្នង​ជូន​សហគមន៍​របស់​យើង​។

​លោក Seungho Choi បាន​បន្ថែមថា សារ​របស់ខ្ញុំ​ជូនទៅ​កាន់​សិស្ស​ទាំងអស់គ្នា​ថ្ងៃនេះ​ គឺប្អូនៗ​ត្រូវពាក់មួក​សុវត្ថិភាព​ជានិច្ច​នៅពេល​ជិះ​កង់​ ឬ​ ម៉ូតូ​ ដើម្បី​ការពារ​ខ្លួន និង​មនុស្ស​ជុំវិញ​អ្នក​ពីគ្រោះថ្នាក់​ចរាចរណ៍​ ដែល​អាច​កើតមានទ្បើង​ជាយថាហេតុ​ និង ​កាត់បន្ថយ​ការព្រួយបារម្ភ​របស់ក្រុមគ្រួសារ​អ្នកផង​ដែរ​។

​សូមបញ្ជាក់ថា ​ក្នុង​យុទ្ធនាការ​នេះ សិស្សានុសិស្ស​ក៏បាន​ទទួល​ការបណ្តុះបណ្តាល​ពី​ប៉ូលិសចរាចរណ៍​ ក្រោម​ប្រធានបទ​ស្តីពី​ការប្រើប្រាស់​មួកសុវត្ថិភាព​ផងដែរ ហើយ​មួកសុវត្ថិភាពប្រមាណ​ជាង ១០០០​ មួក​ ក៏​ត្រូវបាន​ប្រគល់ជូន​សិស្សានុសិស្ស​នៃ​វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បី​បង្ការ​ការរង​គ្រោះ​ពី​គ្រោះថ្នាក់​ចរាចរណ៍​។​ គោលដៅ​ដ៏​សំខាន់បំផុត​នៃពិធី​ចែក​មួក​សុវត្ថិ គឺ​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ជះឥទ្ធិពល​ដល់​សង្គម និង ​សេដ្ឋកិច្ច ​ព្រមទាំង​ជួយ​បង្ការ​ការគ្រោះថ្នាក់​ដល់​អ្ន​ក​ធ្វើដំណើរ​តាម​ទោចក្រយានយន្តជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684