ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ការដ្ឋាន​ពង្រីក​ផ្លូវមួយខ្សែរ​​ចូលក្នុង​តំបន់​ពយ​កំ​ពេញ ភូមិ​លេខ​០១ សង្កាត់​លេខ០៣

ព្រះសីហនុ​ ៖​ ផ្លូវ​មួយ​ខ្សែប្រវែង​ប្រមាណជាង ​៥០០ ​ម៉ែត្រ ស្ថិតក្នុង​ភូមិ​លេខ​០១ សង្កាត់​លេខ០៣ ក្រុងព្រះសីហនុ ត្រូវបាន​អាជ្ញាធរខេត្ត​សម្រេចធ្វើការសាងសង់ ​និងពង្រីក​បន្ថែម​ដើម្បី​ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទូទៅ​ប្រើប្រាស់​ងាយស្រួល ក្នុងការ​ធើ្វ​ដំណើរ​ទៅមក​ជា​ប្រយោជន៍សាធារណៈ។

​លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណ៍ ​និង​ ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ បានធ្វើការ​បញ្ជាក់ថា ​ផ្លូវចំនួ​ន​មួយ​ខ្សែ ដែល​នឹង​ចាប់ផ្តើម​ធ្វើការ​សាងសង់​ខាងលើនេះ មាន​ប្រវែងបណ្តោយ៥៥៦ម៉ែត្រ ទទឹង១២ម៉ែត្រ និងមាន​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​នៅ​សងខាង​ផ្លូវ​ផងដែរ​។​

ជាមួយគ្នានេះ លោក ណុប ហេង ក៏បាន​ធ្វើការ​អំពាវនាវផងដែរ​ ទៅដល់​បងប្អូន​ប្រជាពលរដ្ឋដែលមាន​ផ្ទះ​ ឬ​ របង​ដែល​ប៉ះពាល់​នឹង​គោលដៅ​សាងសង់​ផ្លូវ​ ពង្រីក​ផ្លូវ​ សូមមេត្តាជួយសហការ​ល្អ​ផ្តល់ការងាយ​ស្រួល​ជាមួយ​មន្ត្រី​ជំនាញ​ធ្វើ​ផ្លូវ​ផង ​ដើម្បីរួម​ចំណែក​ក្នុងការជួយអភិវឌ្ឍ ប្រទេសជាតិ និង ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា។

​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ក្តី​រីករាយ​អបអរសាទរ និង​ ថ្លែងអំណរគុណ​ចំពោះ​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នែ​ព្រះរាជាណាចក្រ​កម្ពុជា ដែលបានសម្រេច​ឲ្យរដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម​ សុរិយោ​ដី​ និង​សំណង់​ ចុះ​ធ្វើការ​ពិនិត្យ និង ផ្តល់​ប័ណ្ណ​កម្មសិទ្ធិដីធ្លី​ស្របច្បាប់​ដល់​ពួកគាត់​ទាំងអស់គ្នា​រស់នៅ​តំបន់​ពយ​កំ​ពេញ ហើយ​ឥឡូវលោកអភិបាលខេត្តព្រះសីហនុ ក៏បាន​ចាប់ផ្តើម​សាងសង់​ផ្លូវ​ជូន​ដល់​ពួកគាត់​ទៀត សម្រាប់ប្រើប្រាស់​សាធារណៈ។ ទាំងនេះ​គឺជា​មោទនភាព​ខ្លាំងណាស់​សម្រាប់​ប្រជាពលរដ្ឋរស់នៅតំបន់​ពយ​កំ​ពេញ ពីព្រោះ​បញ្ហា​សាងសង់ ឬ​ ជួស​ជល់​ផ្លូវចូល​តំបន់​ពយ​កំ​ពេញ ​ឬ ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​សម្រាប់​ប្រជាពលរដ្ឋរស់នៅ​ពយកំ​ពេញ ជាង​១០០​គ្រូ​សារ ដោយពីមុនមកមិនដែល​មាន​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684