ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នករត់​តាក់​ស៊ី​ពេញចិត្ត ​នឹង​ការរៀបចំ​បេនឡានច្បារអំពៅ​បាន​ស្អាត ​និង​ មាន​សណ្តាប់ធ្នាប់​ល្អ

​ភ្នំ​ពេ​ញ ៖ បងប្អូន​អ្នករត់​តាក់ស៊ី​ពី​តាម​បណ្តា​ខេត្ត​ចូលមក​រាជធានី​ភ្នំពេញ​ បាន​សំដែង​ការពេញចិត្តពេល​ឃើញ​បេនឡាន​ច្បារអំពៅ ​រៀបចំ​ជួសជុល​បាន​ស្អាត​ និង ​មាន​សណ្តាប់ធ្នាប់​ល្អទៀតផង​។

​តាម​ប្រភពពី​បងប្រុស ​ភឿង ឧ​ត្ត​ម ដែលមាន​ស្រុកកំណើត​ក្នុងភូមិ​ក្រាំង​ដៃ ​ឃុំ​ធ្លក ​ស្រុក​ទ្រាំង ខេត្តតាកែវ ​ដែល​បច្ចុប្បន្ន​ប្រកបរបររត់​តាក់​ស៊ី​បាន​និយាយថា ​បងប្រុស​ពេញចិត្ត​ពេល​បានឃើញទីតាំង​បេនឡាន​ច្បារអំពៅ ​ដែល​ស្ថិតនៅក្នុង​ទឹកដី​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ រៀបចំ​ជួសជុល​បាន​ស្អាត ​និង ​មាន​ទីធ្លា​ធំ​ទូលាយ​ ដែល​អាច​ឲ្យ​បងប្អូន​ដែលមានរថយន្ត​តាក់​ស៊ី រថយន្ត​ដឹក​ឥវ៉ាន់​ បាន​ចូល​សំចត​រង់ចាំ​ដឹក​ម៉ូយ​ និង​ ដឹកអីវ៉ាន់​បានងាយស្រួល​មិន​ដូចពេលមុន​នោះទេ​។​

បងប្រុស​បន្តថា​ បងប្រុស​សព្វថ្ងៃ​រត់​តាក់ស៊ី​ដឹក​ម៉ូយ​ពី​ខេត្តតាកែវ​ មក​ភ្នំពេញ​ ជា​យូ​ឆ្នាំ​មកហើយៗក៏​ពុំដែល​បានឃើញ​បេនឡាន​ច្បារអំពៅ​ រៀបចំ​ជួសជុល​បានល្អ​ស្អាត​បែបនេះ​ដែរ ​ពីព្រោះ​នៅក្នុងបរិវេណ​បេន​មាន​បន្ទប់​អនាម័យ មាន​បង់​សម្រាប់​ឲ្យ​អ្នកដំណើរ​បាន​អង្គុយ​រង់ចាំ​រថយន្ត​តាក់ស៊ីដល់​ម៉ោង​ត្រូវ​ចេញ​។ ​ពី​ដើមមក​គឺ​បងប្រុស​មិនដែល​បានឃើញ​ការរៀបចំ​ក្នុង​បេន​មានសណ្តាប់ធ្នាប់​បានល្អ​ដូច​ពេលនេះ​នោះទេ​។

​ដោយឡែក​ប្អូនប្រុស ​គួ​ង​ វិចិត្រ ដែល​បច្ចុប្បន្ន​បើកបរ​រថយន្ត​តាក់​ស៊ី​ពី​ភ្នំពេញ​ ទៅ​ខេត្តស្វាយរៀង បាន​និយាយថា​ ប្អូនប្រុស​សូម​កោត​សរសើរ​ដល់​ម្ចាស់​បេន​ និង ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​ដែល​ខិតខំរួមគ្នា​ជួសជុល​បេនឡាន​ច្បារអំពៅ​ បានល្អ​ស្អាត ​និង ​ធំ​ទូលាយ​ទៀតផង​។ ​អ្វីដែល​ប្អូនប្រុសសូម​កោត​សរសើរ​ទៀតនោះ​ គឺមាន​បន្ទប់​អនាម័យ​ និង ​កន្លែង​រង់ចាំមាន​បង់​(​កៅអី​) សម្រាប់​ឲ្យ​អ្នកធ្វើដំណើរ​អង្គុយចាំ​ឡាន​តាក់ស៊ី​ត្រូវ​ចេញដំណើរ​។​ ប្អូនប្រុស​សុំ​ឲ្យ​សាលា​រាជធានីភ្នំពេញ​ ធ្វើ​យ៉ាងណា​ជួយ​រៀបចំ​ឲ្យ​មាន​បេនឡាន​ល្អ​ស្អាត​ដូច​បេនឡាន​ច្បារអំពៅ​។

​គួរបញ្ជាក់​ដែរ​ថា ពីមុនមក​គេ​តែងតែ​ឃើញ​បងប្អូន​អ្នករត់​តាក់ស៊ីនាំគ្នា​សំណូមពរ​ឲ្យ​អាជ្ញាធរ​ និង ម្ចាស់​បេនឱ្យ​រៀបចំ​បេនឡាន​ឲ្យ​បានល្អ​ស្អាត​ ដើម្បី​ឲ្យ​ពួកគាត់​យក​រថយន្ត​ទៅ​ចូល​សំចត​រង់ចាំ​ដឹកអ្នកដំណើរ​ ឥឡូវនេះ​គឺ​អាជ្ញាធរ​ និង ​ម្ចាស់​បេន​បានរៀបចំ​ជួសជុល​បានល្អ​ស្អាត​ទៅតាមការចង់បាន​ពី​អ្នករត់​តាក់​ស៊ី​ពិតប្រាកដ​មែន​។

​ទាក់ទិន​ទៅ​នឹង​ការរៀបចំ​ទីតាំង​បេនឡាន​ច្បារអំពៅ ​បានល្អ​ស្អាត​នេះដែរ ​លោក​ ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ លោក​តែងតែ​សំណូមពរ​ដល់​បងប្អូន​អ្នករត់​តាក់​ស៊ី​ ត្រូវនាំគ្នា​ចូលទៅ​ចាំ​ដឹក​ម៉ូយ​ក្នុង​បេនឡាន​ ​ដើម្បី​បញ្ឈប់​ការរត់​ចាប់​ម៉ូយ​តាម​ដងផ្លូវ​បែបអនាធិបតេយ្យ​ ហើយ​ងាយ​នឹង​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ ខ​ណៈដែល​បងប្អូន​អ្នករត់​ចាប់​ម៉ូយគាត់​តែងតែ​រត់​ចាប់ទាញ​អាវ ទាញ​សំពត់ ឬ ទាញ​ឥ​វ៉ាន់​ បង្ក​ឲ្យ​អ្នកជិះ​ម៉ូតូ​ត្រូវ​ធ្លាក់​ពីលើ​ម៉ូតូ​រហូតបែកក្បាល​ស្លាប់​ទៀតផង​។​ ឥឡូវ​បេនឡាន​(​ចំណតរថយន្ត​)​បាន​ជួសជុលល្អ​ស្អាត​ហើយ ​ដូច្នេះបងប្អូន​ដែល​រត់​តាក់​ស៊ី​សូម​បញ្ឈប់​ការចត​ដាក់​ម៉ូយ​នៅលើ​ស្ពាន ​និង ​គល់ស្ពាន​ព្រះមុនីវង្ស​ថ្មី-ចាស់ទៀត​ទៅ ហើយ​បើ​នៅតែមាន​គឺ​អាជ្ញាធរ​លែង​អធ្យាស្រ័យ​ទៀតហើយ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684