ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា និង ​បណ្ណាល័យ នៅ​សាលាបឋមសិក្សា​ស្រែព្រីង ឃុំត្រពាំង​ភ្លាំង ស្រុក​ឈូក

កំពត​ ៖ អគារសិក្សា​មួយ​ខ្នង​មាន​៤​បន្ទប់ និង​ បណ្ណាល័យ​សាលាបឋមសិក្សា​ស្រែព្រីង ក្នុង​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្តកំពត ត្រូវបានធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​ទី០៧​ ខែធ្នូ ឆ្នាំ​២០១៧ ក្រោម​វត្តមាន លោក ​ស៊ឹ​ម វុ​ទ្ធា អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់លោក ​ចាន់ ចេស្តា អភិបាលនៃ​គណៈ​អភិបាល​ខេត្តកំពត​។

ពិធី​នេះ​រៀបចំ​ដោយ​មន្ទីរអប់រំ ​យុវជន​ និង ​កីឡា​ខេត្តកំពត ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​ពីអង្គការ Sipar ឧកញ៉ា លី​អ៊ាង និង​ អង្គការ​ពុទ្ធិក​បណ្ណាល័យ​កម្ពុជា និង​ ក៏មាន​ការចូលរួម​ផងដែរ​ពី​សំណាក់អស់លោក​ជា​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជំនាញ អាជ្ញាធរ​ដែនដី លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​ សិស្សានុសិស្ស​ទាំង​២​ភេទ​។

លោក​ ខៀវ រិ​ទ្ធិ​ភ័​ណ្ឌ អភិបាលស្រុក​ឈូក បាន​ឲ្យ​ដឹងថា​ សាលាបឋមសិក្សា​ស្រែព្រីង ស្ថិត​ក្នុងភូមិត្រពាំង​ស្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត គឺ​ជាប់​តំបន់​តាកែ​ន​កោះស្លា ស្រកានាគ ដែលជា​ទីតាំង​មួយ​ប្រកបដោយ​ព្រៃឈើ​ស្មុគស្មាញ​បំផុត ជា​កន្លែង​ប្រជាជន​សង់​លំនៅដ្ឋាន​ថ្មី ហើយស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​សាលារៀន​នានា​។

​លោក​បាន​បញ្ជាក់ថា​ រហូតដល់​ថ្ថៃទី​២៣​ ខែសីហា ឆ្នាំ​២០០៤ ការិយាល័យ​អប់រំ​ស្រុក​ក៏បាន​ធ្វើការទំនាក់ទំនងជាមួយ​អង្គការ UNESCO ​ដើម្បី​បង្កើត​សាលារៀន​ក្រៅ​ប្រព័ន្ធ​មួយ ក្រោម​កម្លាំងសាមគ្គី​របស់​អាជ្ញាធរ​ដែ​ន​ដី សហគមន៍​ បាន​សង់​អគារសិក្សា​មួយ​ខ្នង​អំពី​កូនឈើ​ប្រក់​ស្បូវមាន​បី​បន្ទប់ ដោយ​ប្រមូល​កុមារ​ឲ្យ​ចូលរៀន​បាន​ចំនួន​១៥៨​នាក់ ស្រី​៦៧​នាក់​។ លុះដល់​ឆ្នាំ ២០០៥-២០០៦ ​សាលារៀន​នេះ​ក៏ត្រូវ​បញ្ចូល​ទៅក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ជា​ផ្លូវការ ដែលមាន​សិស្សចូលរៀន​ចំនួន​២៤១​នាក់ ស្រី​១១២​នាក់ និង​ គ្រូ​ក្របខ័ណ្ឌ​រដ្ឋ​ចំនួន​៣​នាក់ នាយក​សាលា​គឺលោក ញ៉ែម ដៀង​។​

លោក​បាន​បន្តថា ដោយសារ​បច្ចុប្បន្ន​ចំនួន​សិស្ស​ចេះតែ​កើនឡើង​ឥតឈប់ឈរ អង្គការ​ពុទ្ធិកបណ្ណាល័យ​កម្ពុជា​បាន​សាងសង់​អគារសិក្សាមួយ​ខ្នង​មានមួយ​បន្ទប់​សម្រាប់​ដាក់​បណ្ណាល័យ​។បន្ទាប់មក ក្នុង​ឆ្នាំ​សិក្សា​ ២០១៣-២០១៤​ ដោយ​ឃើញ​ពី​ភាពខ្វះខាតអគារសិក្សា ហើយ​សិស្សកាន់តែ​កើនឡើង​រហូត​បែបនេះ នៅ​ថ្ងៃទី២៥ ​ខែមេសា ឆ្នាំ​២០១៧ អង្គការស៊ីប៉ា​(Sipar)​ ឧកញ៉ា ហៃ លី​អ៊ាង និង​ អង្គការ​ពុទ្ធិក​បណ្ណាល័យ​កម្ពុជា​ បាន​សាងសង់​អគារ​មួយ​ខ្នង​មាន​៤​បន្ទប់ ​ដែលមានបណ្តោយ ​៣២ គុណ​នឹង​ ៩​ម៉ែត្រ ធ្វើ​អំពី​បេតុង ដំបូល​ប្រក់​ក្បឿង មាន​បំពាក់ដោយ​សម្ភារៈសិក្សា​គ្រប់​ប្រភេទ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន​៥៦.០៦៨​ដុល្លារអាមេរិក ហើយអគារសិក្សា​និង​បណ្ណាល័យ​នេះ ត្រូវបាន​បញ្ចប់​ការ​សាងសង់​នៅ​ថ្ងៃទី​២៩​ ខែសីហា ឆ្នាំ​២០១៧​។

មានមតិ​សំណេះសំណាល​ក្នុងឱកាស​នោះ លោក​ ស៊ឹម វុ​ទ្ធា អភិបាលរង​ខេត្តកំពត បាន​បញ្ជាក់ថា ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា​មួយ​ខ្នង ស្មើនឹង​បួន​បន្ទប់​ និង ​បំពាក់​សម្ភារៈសង្ហា​រឹមជូនបណ្ណាល័យ ជូន​សាលាបឋមសិក្សា​ស្រែព្រីង នាពេលនេះ​ពិតជា​មាន​សារសំខាន់​ណាស់ ក្នុងការរួមចំណែក​ដោះ​បន្ទុក​ចំណាយ​មួយផ្នែក​របស់​មាតាបិតា​សិស្ស​ដែលមាន​ជីវភាព​ក្រីក្រ បន្ទុកចំណាយ​របស់​សហគមន៍ អាជ្ញាធរ​ដែនដី មន្ទីរអប់រំ និង​ក្រសួង​អប់រំ ក្នុងការ​អភិវឌ្ឍ​សាលារៀន​ដើម្បី​មានលទ្ធភាព​គ្រប់គ្រាន់​ថែមទៀត​ក្នុងការ​រក្សា​នូវ​និរន្តរភាព ភាព​គង់វង្ស​នៃ​ការសិក្សា​របស់​សិស្សានុសិស្ស​ដើម្បី​ពង្រឹង​អត្រា​ឡើង​ថ្នាក់​របស់​សិស្សានុសិស្ស ហើយ​កាត់បន្ថយ​អត្រា​ត្រួតថ្នាក់​និង​អត្រា​បោះបង់​ការសិក្សា របស់​សិស្ស ឲ្យ​បាន​ស្របតាម​ចំណុច​ដៅ​របស់​ក្រសួង​អប់រំ ព្រោះថា​សាលា​ដែលមាន​សម្ភារ​រូបវ័ន្ត​សម្រាប់​បម្រើ​ឲ្យ​ការសិក្សា​បាន​គ្រប់គ្រាន់​នោះ សិស្សានុសិស្ស​នឹង​ទទួលបាន​សេវា​អប់រំ​គ្រប់ៗ​គ្នា​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាពក្នុងទិសដៅ​ឆ្លើយតប​នឹងគោលនយោបាយ អប់រំ​សម្រាប់​ទាំងអស់គ្នា ទាំងអស់គ្នា​សម្រាប់​ការអប់រំ​។

បន្ទាប់ពី​សំណេះសំណាល គណៈអធិបតី ក៏បាន​បំពាក់​គ្រឿងឥស្សរយស​ដល់​សប្បុរ​សជន ជា​តំណាង​អង្គការ​នានា​ដែល​បាន​ចូលរួម​សហការ​កសាង​អគារសិក្សា​និង​បណ្ណាល័យ នៃ​សាលាបឋមសិក្សា​ស្រែព្រីង ស្ថិតក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត និង​កាត់​ខ្សែបូរ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពីពេលនេះ​តទៅ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684