ព័ត៍មានទាន់​ហេតុការណ៏
Search

​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​កងទ័ព​បះបោរប្រឆាំង​រដ្ឋាភិបាល ​ប្រៀប​ដូច​ «​រុញ​ស៊ីក្លូ​ឱ្យចូល​ឡាន​»

តាម​សេចក្តីរាយការណ៍​របស់​ កាសែត​កម្ពុ​ជាថ្មី ក៏ដូចជា​កាសែត​ប្រចាំថ្ងៃ​នានា​ នៅក្នុង​ប្រទេស​កម្ពុជា លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅប្រទេស​នោះ បាន​ប្រើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ​ដើម្បី​ធ្វើការ​អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ បះបោរ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​កាសែត​កម្ពុ​ជាថ្មី​ យល់ឃើញថា ​ការអំពាវនាវ​របស់លោក សម រង្ស៊ី មិន​គ្រាន់តែ​ជា​ «​ការអំពាវនាវ​ខ្យល់​» ​ឥតប្រយោជន៍​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជាការ​ញុះញង់​ ឱ្យ​កងកម្លាំងប្រដាប់អាវុធ ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ​ប្រកបដោយ​គ្រោះថ្នាក់​ទៀតផង ដែល​ប្រៀបបាន​នឹង​លោក សម រង្ស៊ី «​រុញ​ស៊ីក្លូ​ឱ្យចូល​ឡាន​» ​ដូច្នេះ​ដែរ​។​

​ជាការ​ពិតណាស់ ការអំពាវនាវ​របស់​លោក សម រង្ស៊ី គ្រាន់តែ​ធ្វើឡើង​ឱ្យ​ល្អមើល​តែប៉ុណ្ណោះ ពីព្រោះ​កងកម្លាំងប្រដាប់អាវុធ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ មិនដែល​យក​ត្រចៀក​ស្តា​ប់លោក សម រង្ស៊ី ម្តងណា​ឡើយ ទោះបីជា​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ​ ធ្លាប់បាន​ធ្វើការ​អំពាវនាវ​បែប​ប​នេះ ​ជាច្រើនលើក​ច្រើនសា​រហើយ​ក៏ដោយ​។​

​គួររំឭកថា កាលពី​ឆ្នាំ​១៩៩៨ លោក សម រង្ស៊ី ក៏បាន​ធ្វើការ​អំពាវនាវ​ ឱ្យ​កងកម្លាំងប្រដាប់អាវុធ​បែរ​កាណុង​កាំភ្លើង​ របស់​ពួកគេ​មករក​រាជរដ្ឋាភិបាល ប្រសិនបើ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ បញ្ជា​ពួកគេ​បាញ់សម្លាប់​ក្រុមបាតុករ ​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​នៅពេលនោះ​។ ទោះបីជា​យ៉ាងណា កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​កម្ពុជា​​ មិនបាន​ធ្វើតាម​សម្តី​របស់លោក សម រង្ស៊ី ឡើយ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​មិនមែន​មានចិត្ត​សាហាវឃោរឃៅ រហូតដល់​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ បាញ់សម្លាប់​ប្រជាពលរដ្ឋ​ខ្លួនឯង​នោះដែរ​។​

​ដូចគ្នានេះដែរ បើតាម​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​កាសែត ខ្មែរ​ថែម​ស៍ បាន​ដកស្រង់​កាលពី​ថ្ងៃទី​៦​ខែធ្នូ​នេះ នៅ​ឆ្នាំ​២០១១ លោក សម រង្ស៊ី ក៏​ធ្លាប់បាន​ធ្វើការ​អំពាវនាវ​ ឱ្យ​កងកម្លាំងប្រដាប់អាវុធ ​បះបោរ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ដែរ​។ ប៉ុន្តែ សម្តី​របស់លោក សម រង្ស៊ី បានក្លាយ​ទៅជា​ផ្សែង​ហោះ​ទៅលើ​អាកាស ដោយ​គ្មាន​នរណាម្នាក់​យកចិត្តទុកដាក់​នោះឡើយ​។​

​នៅពេលនេះ កាសែត​កម្ពុ​ជាថ្មី ​យល់ឃើញថា​ ប្រហែលជា​លោក សម រង្ស៊ី លេបថ្នាំ​ច្រឡំ ឬ​យល់​សប្តិឃើញ​អ្វីមួយ​ផ្តេសផ្តាស បានជា​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ធ្វើការ​អំពាវនាវ​ជាថ្មី​ដល់​កងកម្លាំងប្រដាប់អាវុធ​ ឱ្យ​បះបោរ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​។​

​ជាការ​ពិតណាស់ ដូច​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ប្រាប់​អ្នកសារព័ត៌មាន ​កាលពី​ថ្ងៃទី​៦​ខែធ្នូ​នេះ កងកម្លាំងប្រដាប់អាវុធ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅតែ​ស្មោះស្ម័គ្រ​ជានិច្ច​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ពួកគេ​នឹងមិន​ធ្វើ​អ្វី ​តាម​ការ​ញុះញង់​របស់លោក សម រង្ស៊ី ដែលជា​អំពើ​ប្រាស់ចាក​ នឹង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។​

​ទន្ទឹមនឹងនេះ កាសែត​កម្ពុ​ជាថ្មី​ យល់ឃើញថា​ កងយោធពល​ខេមរភូមិន្ទ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹងមិន​បណ្តោយឱ្យ​ក្រុម​ទាហាន​ណាមួយ ​ធ្វើការ​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​ ដោយ​ខុសច្បាប់​នោះដែរ ហើយ​ប្រសិនបើ​មាន​ដូច្នេះ​មែន​នោះ កងយោធពល​ខេមរភូមិន្ទ​ ក៏​នឹងធ្វើ​ការបង្ក្រាប​ការបះបោរ​ណាមួយ​នោះ​ ប្រក​ដ​ដោយ​ប្រសិទ្ធភាព​បំផុត ដូចជា​ការបង្ក្រាប​ក្រុម​ទាហាន​អនាធិបតេយ្យ​ ដែល​បាន​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​៥-៦​ខែកក្កដា​ឆ្នាំ​១៩៩៧​ដូច្នេះ​ដែរ​។​

​ម្យ៉ាងវិញទៀត នៅក្នុង​ប្រវត្តិសាស្ត្រ​សកលលោក​ថ្មីៗ​នេះ វា​កម្រ​មាន​កងកម្លាំងប្រដាប់អាវុធ​ នៅ​ប្រទេស​ណាមួយ​ធ្វើការ​បះបោរ​ប្រឆាំង នឹង​រដ្ឋាភិបាល​បាន​ជោគជ័យ​នោះឡើយ​។​

​បើតាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍ អាល់​ហ្សា​ហ្ស៊ី​រ៉ា នៅ​ម​ជ្ឈឹ​ម​បូព៌ា កាលពី​ខែកក្កដា​ឆ្នាំ​២០១៦ ក្រុម​ទាហាន​តួ​គី​បាន​បះបោរ​ប្រឆាំង នឹង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី រ៉ឺ​ចិ​ប តា​យ​យី​ប រ៉ឺ​ដូ​ហ្គ​ន នៅ​រដ្ឋធានី​អង់កា​រ៉ា និង​ទីក្រុង​អ៊ី​ស្តា​ន​ប៊ុល ប្រទេស​តួ​គី​។ ប៉ុន្តែ ពួកគេ​ត្រូវបាន​បង្ក្រាប​ទៅវិញ បន្ទាប់ពី​មានការ​ប្រឈមមុខ​ ដាក់​គ្នា​ពេញ​មួយ​រាត្រី ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​ ១៧​នាក់​នោះ​។​

​ដូចគ្នានេះដែរ បើតាម​សេចក្តីរាយការណ៍​របស់​កាសែត ឌឹ វ៉​ល​ស្ទ្រី​ត ជើ​នណល នៅ​សហរដ្ឋអាមេរិក នៅ​ខែកក្កដា​ឆ្នាំ​២០១២ ពួក​ទាហាន​មួយក្រុម ​នៅ​បន្ទាយ​យោធា​មួយ​ នៅ​រដ្ឋធានី​អាន់​តាន​ណា​ណា​រី​វ៉ូ ប្រទេស​ម៉ា​ដា​ហ្គា​ស្កា ​ដែលជា​កោះធំ​មួយ​ស្ថិតនៅ​ភាគខាងត្បូង​ទ្វីប​អា​ហ្វ្រ៊ី​ក បាន​បះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​។ ប៉ុន្តែ ពួកគេ​ត្រូវបាន​កងទ័ព​រដ្ឋាភិបាល​បង្ក្រាប​ទៅវិញ ដោយ​ថែមទាំង​សម្លាប់​មេបះបោរ និង​ចាប់ខ្លួន​ពួក​កូនទាហាន​ជាច្រើន​នាក់​ទៀតផង​។​

​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត ឌឹ ហ្គា​ឌា​ន របស់​អង់គ្លេស នៅ​ខែកក្កដា​ឆ្នាំ​២០០៣ ពួក​ទាហាន និង​នា​វឹក​ចំនួន​៣០០​នាក់​ បាន​បះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​ របស់​អ្នកស្រី​ប្រធានាធិបតី ហ្គ្ល​រាល ម៉ា​កា​ប៉ា​ហ្គា​ល អា​រ៉ូ​យ៉ូ របស់​ប្រទេស​ហ្វ៊ី​លី​ពី​ន​។ ប៉ុន្តែ ពួក​ទាហាន​បះបោរ​ទាំងនោះ​ ក៏​ត្រូវបាន​បង្ក្រាប​ទាន់ពេលវេលា ​ដោយ​កងទ័ព​រដ្ឋាភិបាល​ផង​ដែរ​។​​

ប៉ុន្តែ ប្រហែលជា​មិនមាន​ការបះបោរ​ដោយ​យោធា​ណាមួយ​ មានការ​បង្ហូរឈាម​ខ្លាំង​ ដូចជា​នៅ​ប្រទេស​បង់​ក្លា​ដេ​ស ​កាលពី​ឆ្នាំ​២០០៩ ​នោះឡើយ​។​

​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត ឌឹ ញូយ៉ក ថែម​ស៍ របស់​សហរដ្ឋអាមេរិក ពួកក្រុម​ទាហាន​បង់​ក្លា​ដេ​ស​ ការពារ​ព្រំដែន​បានធ្វើ​ការបះបោរ​ អស់​រយៈពេល​ពីរ​ថ្ងៃ​ប្រឆាំងនឹង​រដ្ឋាភិបាល​ របស់​អ្នកស្រី​នាយករដ្ឋមន្ត្រី សៀក ហា​ស៊ីណា ដែល​ទើបតែ​ជាប់ឆ្នោត​ថ្មីៗ​នៅ​ឆ្នាំ​២០០៩​នោះ​។ ប៉ុន្តែ លទ្ធផល​នៃ​ការបះបោរ​នេះ​ គ្រាន់តែ​នាំឱ្យ​មានការ​បង្ហូរឈាម​តែប៉ុណ្ណោះ ដោយ​ទាហាន​ចំនួន​ជិត​៦០​នាក់ និង​ជន​ស៊ីវិល​ជិត​២០​នាក់ ​ត្រូវបាន​សម្លាប់ ហើយ​តុលា​ការបង់​ក្លា​ដេ​ស បាន​កាត់ទោស​ព្យួរ​ក​ទាហាន​បះបោរ​ ចំនួន​១៣៩​នាក់ និង​កាត់ទោស​មនុស្ស​១៤៦​នាក់​ទៀត​ ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។​​

យោងតាម​ប្រវត្តិ​នៃ​ការបះបោរ​ ដោយ​ពួកយោធា​នៅក្នុង​បណ្តា​ប្រទេស​ខាងលើ កាសែត​កម្ពុ​ជាថ្មី​ យល់ឃើញថា​​ កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ មិនមាន​ចេតនា​ចង់​ធ្វើតាម​ ការ​ញុះញង់​របស់លោក សម រង្ស៊ី ឡើយ ហើយ​ពួកគេ​នៅតែ​គោរព​តាម​រដ្ឋធម្មនុញ្ញ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បំពេញ​កត​ព្វ​កិច្ច​ដ៏​ថ្លៃថ្នូរ​របស់ខ្លួន ក្នុងការ​ការពារ​មាតុប្រទេស និង​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ក្រុមគ្រួសារ និង​ញាតិសន្តាន​របស់​ពួកគេ​ផ្ទាល់​ផងដែរ​។

​ជាការ​ពិតណាស់ ការអំពាវនាវ​របស់​លោក សម រង្ស៊ី ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ ធ្វើការ​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​នោះ មិន​ខុសពី​ការ ​«​រុញ​ស៊ីក្លូ​ឱ្យចូល​ឡាន​» ​នោះឡើយ​៕​ (បទ​វិចារណកថា ដោយ កាសែត​កម្ពុ​ជាថ្មី)​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684