ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ពូ​ទីន ស្វែងរក​អាណត្តិ​ថ្មី​ជា​ប្រធានាធិបតី​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ខែមីនា

ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា លោក​នឹង​ស្វែងរក​អាណត្តិ​រយៈពេល​ប្រាំមួយ​ឆ្នាំ​ថ្មី​នៅក្នុង​ការបោះឆ្នោត​ខែ​មីនា​ដែល​វា​នឹង​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មេដឹកនាំ​រុស្ស៊ី​កាន់​តំណែង​បាន​យូរ​ជាងគេ​បំផុត​ចាប់តាំង​ពី​លោក​យ៉ូ​សែ​ប​ស្តា​លីន​។​

លោកពូ​ទីន​ដែល​បាន​កាន់កាប់​ប្រទេស​រុស្ស៊ី​ទាំង​ជា​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​អស់​រយៈពេល​១៨​ឆ្នាំ​មកហើយ​នោះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​ជ័យជម្នះ​បន្តទៀត​ខណៈ​គូបដិបក្ខ​ដែល​ប្រកួតប្រជែង​ជាមួយនឹង​រូបគាត់​គឺមាន​ចំនួន​តិច​បំផុត​។​

លោក​បាន​និយាយ​ក្នុងអំឡុង​ពេលធ្វើ​ទស្សនកិច្ច​ទៅកាន់​រោងចក្រ​ផលិត​រថយន្ត GAZ ក្នុង​តំបន់ Nizhny Novgorod នៅ​ភាគ​ខាងកើត​ទីក្រុង​មូ​ស្គូ​ថា “​ខ្ញុំ​នឹង​ឈរឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​នៃ​សហព័ន្ធរុស្ស៊ី​”​។​

គាត់​បានធ្វើ​សេចក្តីប្រកាស​យ៉ាង​ទូលំទូលាយ​នេះ​ជាមួយនឹង​ការអបអរសាទរ​ពី​កម្មករ​។​
​យ៉ាងណាក្តី អ្នក​រិះគន់​កំពូល​រប​ស់លោក​ពូ​ទីន​ឈ្មោះ Alexei Navalny ដែល​បានប្រកាស​គោលបំណង​សម្រាប់​តំណែង​វិមាន​ក្រឹម​ឡាំង​ថ្វីបើ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ឈរឈ្មោះ​ដោយសារតែ​ការកាត់ទោស​ពីបទ​ក្លែងបន្លំ​ក៏ដោយ​នោះបាន​ហៅ​លោក​ប្រធានាធិបតី​ថា​ជា “​ជន​ឆបោក​”​។​

លោក Navalny អាយុ​៤១​ឆ្នាំ​ដែលជា​មេធាវី​ទទួលបាន​ការអប់រំ​នៅ​ប្រទេស​លោកខាងលិច​បាន​និយាយ​តាម Twitter សំដៅ​ទៅលើ​ផែនការ​របស់​លោកពូ​ទីន​ថា “​ខ្ញុំ​សូម​ស្នើថា ខ្ញុំ​មិន​ព្រម​ទេ​”​។​

ការ​ថ្លែង​របស់​លោកពូ​ទីន​បាន​កើតឡើង​ស្រប​ពេលដែល​ប្រទេស​រុស្ស៊ី​ត្រូវ​រងគ្រោះ​ពី​ការសម្រេចចិត្ត​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​អូឡាំពិក​អន្តរជាតិ​ក្នុងការ​ហាមឃាត់​ប្រទេស​នេះ​ពី​ការប្រកួត​កីឡា​រដូវរងា​ដើម្បី​ជាការ​ដាក់ទណ្ឌកម្ម​លើ​ការអះអាង​អំពី​សារធាតុ​ប៉ូវ​កម្លាំង​ដែល​រៀបចំ​ដោយ​រដ្ឋ​។​

ប៉ុន្តែ​បើទោះបី​ជាមាន​បញ្ហា​ជាច្រើន​ដូចជា​អំពើពុករលួយ ភាពក្រីក្រ​និង​ការថែទាំ​សុខភាព​ក៏ដោយ​, មេដឹកនាំ​វ័យ​៦៥​ឆ្នាំ​រូបនេះ​ទទួលបាន​អត្រា​គាំទ្រ​ប្រមាណ​៨០​ភាគរយ​។​

លោកពូ​ទីន​បាន​ក្លាយជា​ប្រធានាធិបតី​ដំបូង​បន្ទាប់ពី​លោក Boris Yeltsin បាន​លាលែង​ពី​តំណែង​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​នៃ​ឆ្នាំ​១៩៩៩​។​

អ្នកវិភាគ​មួយចំនួន​បាន​និយាយថា បន្ទាប់ពី​ការដឹកនាំ​អស់​រយៈពេល​១៨​ឆ្នាំ​ទាំង​ជា​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​, កេរ្តិ៍ឈ្មោះ​របស់​លោកពូ​ទីន​ប្រហែលជា​ត្រូវបាន​រីក​រាលដាល​នៅ​ទូទាំងប្រទេស​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684