ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងជើង​និយាយថា ការគំរាមកំហែង​រប​ស់​សហរដ្ឋអាមេរិក​ធ្វើ​ឲ្យ​សង្គ្រាម​មិនអាច​ចៀសផុត​បាន​នៅ​ឧបទ្វីប​កូរ៉េ

ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​និយាយថា សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ ដែល​កំពុង​អនុវត្ត​ដោយ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​ និង​ការគំរាមកំហែង​របស់​អាមេរិក​ចំពោះ​សង្គ្រាម​ប្រឆាំងនឹង​ក្រុង​ព្យុងយ៉ាង​ គឺ​បានធ្វើ​ឲ្យ​ផ្ទុះ​សង្គ្រាម​នៅលើ​ឧបទ្វីប​កូរ៉េ​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ក៏បាន​ស្តីបន្ទោស​ទៅលើ​មតិយោបល់ “​បំរុង​ធ្វើសង្គ្រាម​ដ៏​ចម្រូងចម្រាស់​” ដោយ​ក្រុមមន្ត្រី​អាមេរិក​ផងដែរ​សម្រាប់​ការជំរុញ​ឲ្យ​ឧបទ្វីប​នេះ​ស្ថិតនៅលើ​គែម​នៃ​សង្គ្រាម​។​

អ្នកនាំពាក្យ​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េខាងជើង​ថា “​សំណួរ​ដែល​នៅ​សេសសល់​នាពេល​ឥឡូវនេះ​គឺថា​តើ​នៅពេលណា​ទើប​សង្គ្រាម​នឹង​ផ្ទុះឡើង​?”​។

លោក​បាន​និយាយថា “​យើង​មិន​ចង់​មាន​សង្គ្រាម​ទេ​ប៉ុន្តែ​យើង​មិនត្រូវ​លាក់បាំង​ពី​វា​ឡើយ​”​។​
​ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​បន្ទាប់ពី​ការធ្វើ​តេស្ត​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​ចុងក្រោយ​របស់​កូរ៉េខាងជើង​ដែល​បាន​ធ្វើឡើង​ប្រឆាំងនឹង​សម្ពាធ​អន្តរជាតិ​និងសេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​។​
​ប្រទេស​កូរ៉េខាងជើង​បាន​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា ខ្លួន​បានធ្វើ​តេស្ត​មី​ស៊ី​ល​ឆ្លង​ទ្វីប​ទំនើប​បំផុត​ដែល​អាច​ឈានដល់​ទឹកដី​របស់​សហរដ្ឋអាមេរិក​។​

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន​លោក H.R McMaster បាន​និយាយ​កាលពី​ចុង​សប្តាហ៍​ថា លទ្ធភាព​នៃ​សង្គ្រាម​ជាមួយ​ប្រទេស​កូរ៉េខាងជើង​បាន​កើន​ឡើងជា​រៀងរាល់ថ្ងៃ​។​

កាលពី​ថ្ងៃអាទិត្យ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Lindsey Graham ក៏បាន​អំពាវនាវ​ដល់​មន្ទីរ​ប​ញ្ច​កោណ​ផងដែរ​ឲ្យ​ចាប់ផ្តើម​ជម្លៀស​អ្នក​ដែល​ស្ថិតក្រោម​បន្ទុក​របស់​យោធា​អាមេរិក​ដូចជា​ប្តី​ប្រពន្ធ​និង​កូនៗ​ជាដើម​ចេញពី​ប្រទេស​កូរ៉េខាងត្បូង​ដោយ​និយាយថា ជម្លោះ​ជាមួយ​កូរ៉េខាងជើង​កំពុង​ខិត​កាន់តែ​ជិត​ហើយ​។​

កាលពី​ថ្ងៃ​ពុធ យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B របស់​សហរដ្ឋអាមេរិក​បាន​ចូលរួម​សមយុទ្ធ​យោធា​រួម​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​ដែល​ដំណើរការ​រហូតដល់​ថ្ងៃ​សុក្រ​។​

ប្រទេស​កូរ៉េខាងជើង​ដែល​តែងតែ​គំរាមកំហែង​ដល់​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ​គឺ​បាន​ថ្កោលទោស​ចំពោះ​ការធ្វើ​សមយុទ្ធ​នេះ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684