ព័ត៍មានទាន់​ហេតុការណ៏
Search

អាគារ​ស្កឹមស្កៃ​ក្នុង​ទីក្រុង Los Angeles រង​ការ​គំរាមកំហែង​ ខណៈ​ភ្លើង​ឆេះ​ព្រៃ​នៅ ​California កាន់តែ​អាក្រក់

អគ្គិភ័យ​មួយ ​បាន​លេប​ត្របាក់​តំបន់​ក្រុង Los Angeles កាលពី​ថ្ងៃ​ពុធ​ ដោយ​បង្ខំ​ឲ្យ​មនុស្ស​ជាង ២០០,០០០​នាក់ ​ត្រូវ​ភៀសខ្លួន​ និង​គំរាមកំហែង​ដល់​ផ្ទះ​រាប់ពាន់​ខ្នង​ដោយ​រួម​ទាំង​សង្កាត់​ប្រណិត Bel-Air ដែល​សម្បូរ​ទៅ​ដោយ​អាគារ​ស្កឹមស្កៃ​ផងដែរ។

​អាជ្ញាធរ​បានចេញ​សេចក្តីជូនដំណឹង “​ពណ៌​ស្វាយ​” (​មិន​ធ្លាប់ប្រើ​ពីមុន​) ដោយសារតែ​គ្រោះថ្នាក់​ខ្លាំង​ជាមួយនឹង​ខ្យល់​ដែល​អាច​ឈានដល់​១២៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ពន្លត់​អគ្គិភ័យ​។​

អណ្តាតភ្លើង​បាន​លេប​ផ្ទៃដី​ប្រហែល​៨០,០០០​ហិច​តា​ក្នុង​រយៈពេល​ជាង​មួយថ្ងៃ​ចាប់តាំងពី​អគ្គិភ័យ “Thomas” ដែល​បច្ចុប្បន្ន​ធំ​បំផុត​ក្នុង​រដ្ឋ​បាន​ផ្ទុះឡើង​ដោយ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​ម្នាក់​ស្លាប់​នៅក្នុង​តំបន់​មួយ​ដែលមាន​ចម្ងាយ​ប្រហែល​៤៥​នាទី​ពី​ទីប្រជុំជន LA។​

ខ្យល់​បក់​ខ្លាំង​បាន​បណ្តាល​ឲ្យ​រលក​នៃ​ភ្លើង​ឆេះ​មួយទៀត​ផ្ទុះឡើង​នៅ​យប់​ថ្ងៃ​អង្គារ​ដោយ​រួមទាំង​កន្លែង​មួយ​នៅក្នុង​សង្កាត់ Bel-Air របស់​ទីក្រុង Los Angeles ផងដែរ​។​

តំបន់​នេះ​បាន​ជួបប្រទះ​នឹង​ការកកស្ទះ​ចរាចរណ៍​ខណៈដែល​ប្រជាពលរដ្ឋ​បាន​ភៀសខ្លួន​ចេញពី​ផេះ​និង​ផ្សែង​ដែល​មកពី​លើ​ជ្រលង​ភ្នំ​ក្នុង​ទីក្រុង​ធំ​បំផុត​ទី​២​របស់​សហរដ្ឋអាមេរិក​មួយ​នេះ​។​

ក្រុម​ពន្លត់​អគ្គិភ័យ​បានធ្វើការ​ដើម្បី​សង្គ្រោះ​ផ្ទះ​ដែល​ត្រូវបាន​គំរាមកំហែង​ដោយ​អណ្ដាតភ្លើង​។​
​អភិបាលក្រុង Los Angeles លោក Eric Garcetti បាន​និយាយថា មនុស្ស​ជាង​២៣០,០០០​នាក់​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ចាក​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​នៅក្នុង​ទីក្រុង Los Angeles និង Ventura ។​

អគ្គិភ័យ “Skirball” បាន​ឆាបឆេះ​មុន​ម៉ោង​៥​ព្រឹក​ហើយ​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​ទៅដល់​ផ្ទៃដី​ប្រហែល​១៥០​ហិច​តា​នៅ​ជុំវិញ​សង្កាត់​ដែលជា​ប្រភព​របស់​តារា​ល្បីៗ​និង​មហាសេដ្ឋី​រាប់បញ្ចូល​ទាំង Elon Musk និង​តារាចម្រៀង​ប៉ុប Beyonce ផងដែរ​។​

ប៉ូលិស​បាន​គោះទ្វារ​ហើយ​បាន​ប្រើ​ឧបករណ៍​បំពង​សំឡេង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​គ្រប់ៗ​គ្នា​បាន​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​អស់ហើយ​។​

អ្នក​ព្យាករណ៍​បាន​ទស្សន៍ទាយ​ថា ខ្យល់​បក់​អាច​បណ្តាល​ឲ្យ​មាន​ការរីក​រាលដាល​ថែមទៀត​ដោយ​គំរាមកំហែង​ដល់​លំនៅដ្ឋាន​កាន់តែច្រើន​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684