ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​សម្តែង​ការខកចិត្ត​ចំពោះ​ការដាក់​កម្រិត​ទិដ្ឋាការ​របស់​សហរដ្ឋអាមេរិក​លើ​មន្ត្រី​កម្ពុជា

ភ្នំពេញ ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​​អន្តរជាតិ​កម្ពុជា បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ ដែល​បញ្ជាក់​ពី​ការដាក់​កម្រិត​ទិដ្ឋាការ​លើ​មន្ត្រី​របស់​មួយចំនួន​របស់​កម្ពុជា និង​បាន​លើកឡើងថា នោះ​ជាការ​ឆ្លើយតប​ទៅនឹង​វិធានការ​ស្របច្បាប់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្រោម​សិទ្ធិ​អធិបតេយ្យភាព ដែល​នេះ​គឺជា​គាំទ្រ​បុគ្គល​បំពាន​ច្បាប់ ហើយ​ជាការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នេះ​បើតាម​សេចក្ដីប្រកាស​របស់​អ្នកនាំពាក្យ​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​លើកឡើងថា កម្ពុជា​បានធ្វើការ​កត់សម្គាល់ ដោយមាន​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការសម្រេចចិត្ត​ចុងក្រោយ​របស់​ក្រសួងការបរទេស​អាមេរិក ដែល​ពុំបាន​ពិចារណា​លើ​អង្គហេតុ និង​អង្គច្បាប់​ជុំវិញ​ការវិវឌ្ឍ​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា ហើយ​ការសម្រេចចិត្ត​នេះ គឺធ្វើឡើង​ដោយសារ​ហេតុផល​នយោបាយ ដោយ​មានការ​គិតទុក​ជាមុន និង​មាន​ស្តង់ដារ​ពីរ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ហៅ​ការសម្រេចចិត្ត​នេះ​ថា ផ្ទុយ​ពី​ស្មារតី​នៃ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​កម្ពុជា និង​សហរដ្ឋអាមេរិក បន្ទាប់ពី​រដ្ឋាភិបាល​អាមេរិក បានដាក់​កម្រិត​ទិដ្ឋាការ​ដ៏​អយុត្តិធម៌ កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​កម្ពុជា​គ្រាន់តែ​ស្នើ​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​ទិដ្ឋភាព​មនុស្សធម៌ និង​មេត្តាធម៌​ក្នុង​កិច្ចសហប្រតិបត្តិការ​នៃ​កម្មវិធី​មាតុភូមិនិវត្តន៍​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​លើកឡើង​ដែរ​ថា ជា​ការដែល​មិនអាច​ប្រកែក​បាន​ដែលថា ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ត្រូវតែដើរ​ទន្ទឹម​នឹង​ការពង្រឹង​នីតិរដ្ឋ ដូច្នេះ​វិធានការ​ច្បាប់​ប្រឆាំងនឹង​បុគ្គល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​តូច ដែល​បាន​បំពាន​ច្បាប់ មិនគួរ​ត្រូវបាន​ចាត់ទុកថា ជាការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​លំហ​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​ចុះខ្សោយ​នោះទេ​។ វិធានការ​ទាំងនេះ ត្រូវបាន​ដាក់ចេញ​ក្នុង​គោលបំណង​ការពារ​អធិបតេយ្យភាព សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ជាតិ​។ អ្នកនយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​ផ្សេងទៀត រួមទាំង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​មិនបាន​បំពាន​ច្បាប់ នៅតែ​បន្ត​អនុវត្ត​ការងារ​របស់​ពួកគេ ដោយ​សេរី​នៅ​ទូទាំងប្រទេស​។ ក្នុងន័យនេះ រាល់​ការគាំទ្រ​ណាមួយ​ដល់​បុគ្គល និង​អង្គភាព​ដែល​បំពាន​ច្បាប់ គឺ​មានន័យ​ស្មើនឹង​ការសម្លាប់​ដំណើរការ​ប្រជាធិបតេយ្យ ប្រកបដោយ​សន្តិភាព​ក្រោម​នីតិរដ្ឋ​នៅ​កម្ពុជា​។​
តាម​អ្នកនាំពាក្យ ការជ្រៀតជ្រែក​ពី​បរទេស​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង គឺជា​បញ្ហា​រសើប​សម្រាប់​ប្រទេស​កម្ពុជា ក៏ដូចជា​រដ្ឋ​អធិបតេយ្យ​ផ្សេងទៀត​ដែរ​។ ដូច​ក្នុងករណី​លោក Paul Manafort និង​លោក Rick Gates បានបង្ហាញ​យ៉ាងច្បាស់​អំពី​ភាព​រសើប​របស់​អាមេរិក ចំពោះ​ការជ្រៀតជ្រែក​ពី​បរទេស​។ ប្រវត្តិសាស្ត្រ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ការជ្រៀតជ្រែក​ពី​បរទេស​តែងតែ​បណ្ដាល​ឲ្យ​មានការ​បំផ្លិចបំផ្លាញ ដូច​ក្នុងករណី​ប្រទេស​កម្ពុជា​នាពេល​កន្លងមក និង​ក្នុង​បណ្តា​ប្រទេស​ផ្សេង​មួយចំនួនទៀត​ដែល​មជ្ឈដ្ឋាន​បរ​ទេ​ស​ប៉ុ​ន​ប៉ង​ឲ្យ​មានការ​ផ្លាស់ប្ដូរ​។ បទពិសោធន៍​ដ៏​ជូរចត់​នៃ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​ជិត​៣ ទសវត្សរ៍​បានធ្វើ​ឲ្យ​កម្ពុជា​កំណត់​យក​អាទិភាព​លើ​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព ដែល​ទទួលបាន​ដោយ​លំបាក ព្រមទាំង​ការពង្រឹង​នីតិរដ្ឋ ដើម្បី​ធានាថា​ការអភិវឌ្ឍ​ដ៏​ឆាប់រហ័ស​របស់​កម្ពុជា នឹង​បន្ត​ដោយ​គ្មាន​ការរាំងស្ទះ​។ ការចោទប្រកាន់​របស់​សហរដ្ឋអាមេរិក​ដែលថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ចាត់វិធានការ​ប្រឆាំងនឹង​លទ្ធិប្រជាធិបតេយ្យ​គឺជា​ការនិយាយ​ផ្ទុយ​នឹង​ទង្វើ​របស់​ខ្លួនឯង បើ​យើង​ពិនិត្យមើល​គោលនយោបាយ​អាមេរិក​កាលពី​អតីតកាល ដែល​គាំទ្រ​ការផ្លាស់ប្ដូរ​មិន​តាមបែប​ប្រជាធិបតេយ្យ និង​បាន​បង្ក​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​មកលើ​ប្រជាជន និង​ប្រទេស​ដ៏​តូច​មួយ​នេះ​។​

ភាពអយុត្តិធម៌​ដ៏​ជាក់ស្ដែង​បំផុត គឺ​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​ខ្លួន​បាន​គាំទ្រ​របប​ខ្មែរក្រហម ដែល​គ្រប់គ្រង​ប្រទេស​ដោយ​គ្មាន​ការ​គោរព​សិទ្ធិមនុស្ស និង​គ្មាន​លទ្ធិប្រជាធិបតេយ្យ​អ្វី​ទាំងអស់ ឲ្យ​កាន់កាប់​អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ ហើយ​ជំរុញ​ឲ្យ​មានការ​អនុម័ត​សេចក្ដីសម្រេចចិត្ត​របស់​អង្គការ​នេះ​ដែល​ហាមឃាត់​ការផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ដល់​ប្រជាជាតិ​មួយ​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយសារ​ការទម្លាក់​គ្រាប់បែក របស់​អាមេរិក​។ ប្រតិកម្ម​របស់​សហរ​ដ្ឋ​អាមេរិក ចំពោះ​ការវិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា​នាពេល​ថ្មីៗ​នេះ ហាក់ដូចជា​ធ្វើឡើង​មិនមែន​ក្រោម​ហេតុផល​នៃ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នោះទេ ប្រសិនបើ​ពិចារណា​លើ​ការប្រព្រឹត្ត​របស់​សហរ​ដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ផ្សេងទៀត​អំពី​បញ្ហា​ប្រជាធិបតេយ្យ និង​ការគោរព​សិ​ទិ្ធ​មនុស្ស​។ ការវាយតម្លៃ​បែបនេះ​ត្រូវបាន​គូសបញ្ជាក់​យ៉ាងច្បាស់​នៅក្នុង​វេទិកា​សួរ​សំណួរ​ក្នុងអំឡុងពេល​សន្និសីទ​កាសែត​នៅ​ក្រសួងការបរទេស​អាមេរិក​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ផងដែរ​។​

ដោយមាន​គណបក្សនយោបាយ​ជាច្រើន​កំពុង​លូតលាស់​នៅ​កម្ពុជា លំហ​លទ្ធិប្រជាធិបតេយ្យ និង​ប្រព័ន្ធ​ពហុបក្ស​នៅតែ​បន្ត​មាន​។ កម្ពុជា​ប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​រៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​បរិយាកាស​សេរី យុត្តិធម៌ និង​របៀបរៀបរយ ដែល​អាច​ទទួលយកបាន​សម្រាប់​ម្ចាស់ឆ្នោត​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោកស្រី Heather Nauert បានចេញ​សេចក្តីថ្លែងការណ៍​មួយ​លើកឡើងថា ក្រសួងការបរទេស​អា​មេ​រិ​ក នឹង​រឹតបន្តឹង​ទិដ្ឋាការ​ចំពោះ​មន្ត្រី​ជាន់​កម្ពុជា និង​ក្រុមគ្រួសារ​ចូល​អាមេរិក ជាការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​នានា ដែល​អាមេរិក​ចាត់ទុកថា រាជរដ្ឋាភិបាល​កម្ពុជា បាន​រំលោភបំពាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយបាន​ចាប់ខ្លួន​មេដឹកនាំ​ប្រឆាំង ក៏ដូចជា​ការរំលាយ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​

សេចក្ដីថ្លែងការណ៍​រប​ស់លោក​ស្រី Heather Nauert លើកឡើងថា យើង​សូម​ប្រកាសថា ក្រសួងការបរទេស​អា​មេ​រិ​ក នឹង​រឹតបន្តឹង​ទិដ្ឋាការ ចំពោះ​បុគ្គល​ទាំងឡាយណា ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ នៅក្នុង​កាលៈទេសៈ​នេះ​សមាជិក​ក្រុមគ្រួសារ នៃ​បុគ្គល​ទាំងនោះ នឹង​រឹតបន្តឹង​ដូចគ្នា​ផងដែរ​។ អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា វិលត្រឡប់​មករ​ក​សភាព​ដើម​វិញ ឲ្យ​មាន​បក្សប្រឆាំង ដោះលែង​លោក កឹម សុខា និង​អនុញាតិ​ឲ្យ​សង្គម​ស៊ីវិល ក៏ដូចជា​បន្ត​ឡើងវិញ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ យោងតាម​ស្មារតី​រដ្ឋធម្មនុញ្ញ ដើម្បី​រួចផុត​ពី​ការដាក់​បំរាម​ទិដ្ឋាការ​នេះ ជាពិសេស​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៨ ទទួលបាន​នូវ​នីត្យានុកូលភាព​។​

ជាមួយគ្នា​នោះ លោកស្រី Heather Nauert អះអាងថា អាមេរិក​នឹង​តាមដាន​ស្ថានការណ៍​បន្តទៀត ព្រមទាំង​ចាត់វិធានការ​បន្ថែមទៀត ប្រសិនបើ​ចាំ​ចាច់ នឹង​បន្ត​ទំនាក់ទំនង​ជិតស្និទ្ធ​ជា​ប្រជាពលរដ្ឋ​កម្ពុជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114