ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់ ​៦៣,៥០០​ គីឡូក្រមា បាន​ទៅលើ ​ផាន់ គ្រាន់

​ផាន់ គ្រាន់ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​ក្លាយជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវទម្ងន់ ៦៣,៥០០ ​គីឡូក្រាម បន្ទាប់ពី​បាន​ផ្តួល​យកឈ្នះ ​Kong Sayam អ្នក​ប្រដាល់​ថៃ នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ល្ងាច​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ២០១៧ លើស​ង្វៀន​ SEA-TV​ នោះ។​ ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើមខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់ ​៦៣,៥០០​ គីឡូក្រាម​នេះ បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០១៧​មក ដោយ​ប្រកួត​វិលជុំ​ជម្រុះ​រវាង​ពូ​ល​ខ្មែរ​៤​រូប​ និង​ ពូ​ល​ថៃ​៤​រូប ជម្រុះ​នៅសល់​២​នាក់ ដែល​ប្រកួត​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ បានបញ្ចប់​នៅ​ថ្ងៃទី​០៩ ធ្នូ ២០១៧​នេះ។

​ផាន់ គ្រាន់ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នៅក្នុង​ការប្រកួត​ជម្រុះ​៥​លើក​កន្លងមក គេ​ប្រកួតមិនដែល​ចាញ់​ទេ។ ចំណែក Kong Sayam ក្នុង​៥​ប្រកួត​ដូចគ្នា គេ​ឈ្នះ​៤ ចាញ់១ប្រកួត​។​ Kong Sayam បាន​វាយ​ចាញ់ ​ផាន់ គ្រាន់ មិន​ឯកច្ឆន្ទ​នោះទេ គឺ​ចាញ់ ​១​ទល់​៤ ពោល គឺ​ក្នុង​ចៅក្រមប្រាំរូបមានតែ​ចៅក្រមមួយ​រូប​ប៉ុណ្ណោះ ដែល​ផ្តល់​ពិន្ទុ​អោយ Kong Sayam ឈ្នះ ឯ​៤​រូប​ទៀត​សុទ្ធតែ​ផ្តល់​ពិន្ទុ​អោយ​ផាន់ គ្រាន់​ឈ្នះ​ទាំងអស់ ។

​គួរ​បញ្ជាក់ថា Kong Sayam ធ្លាប់​ចាញ់​ ផាន់ គ្រាន់ មួយលើក​ហើយ ក្នុង​ការជួប​ប្រកួត​គ្នា​ក្នុង​វគ្គ​ជម្រុះកន្លងមក ដោយ​ ផាន់ គ្រាន់​ ឈ្នះ Kong Sayam ដោយ​ពិន្ទុ ហើយ​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ អ្នកប្រដាល់​រូបនេះនៅតែ​វាយ​ចាញ់ ​ផាន់ គ្រាន់ ​ដៅ​យ​ពិន្ទុ​ដដែល។​ ផាន់ គ្រាន់ ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់ ​៦៣,៥០០ ​គីឡូក្រាម ដែលមាន​ប្រាក់រង្វាន់​២០​លាន​រៀល ប្រហាក់ប្រហែល​នឹង ​៥.០០០ ​ដុល្លារ។ រីឯ Kong Sayam ដែល​បាន​ចំណាត់ថ្នាក់​លេខ២ នោះបាន​រង្វាន់​១២​លាន​រៀល ប្រហាក់ប្រហែល​នឹង ​៣.០០០​ ដុល្លារ ។

​ចំពោះ​ការប្រកួត​ជា​លក្ខ​ណៈ​មិត្តភាព​អន្តរជាតិ​នោះ មាស ច័ន្ទ​មាន អ្នក​ប្រដាល់​ក្លិប​កងពលធំអន្តរាគមន៍​លេខ​២ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Phat Runthy ដែលជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មីឱ្យសន្លប់​ក្នុង​ទឹក​ទី​២។ ត្រូវ​បែក​មាត់​ដោយសារ​កែង និង​ត្រូវ​គ្រូពេទ្យ​បញ្ឈប់ ស្របពេល​អ្នក​អោយ​ទឹក​បោះ​កន្សែង​សុំ​ចុះចាញ់​ផងដែរ ។ Phat Runthy ត្រូវ ​មាស ច័ន្ទ​មាន ដាល់​ត្រូវ​គុម្ព​ថ្គាម​ឆ្វេង​មួយដៃស្តាំ​ពេញ​ទំ​ហ៊ឹង ដែលជា​ហេតុ​ធ្វើអោយ Phat Runthy ដួលសន្លប់​ឈឹង​តែម្តង ។

​គួ​ន ប៊ុន​ហ៊ីម អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង បាន​ប្រកួត​ចាញ់​ ផាន ផាត់​យុទ្ធ អ្នក​ប្រដាល់ក្លិប​សាល​វ័​ន្ត​កីឡា​ក្នុង​ទឹក​ទី​៣ ខ​ណៈ ផាន់ ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ផ្តួល តាំង តាក់ អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ អោយ​សន្លប់​ក្នុង​ទឹក​ទី​២។

​Yorth Dechha សងសឹក ​អ៊ុំ ចំរើន អត់​បានសម្រេច ឯ ​Khum Phat សន្លប់​ទឹក​៣

​​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ពីររូប អ្នក​ប្រដាល់​ថៃ​ពីររូប គឺ​អ៊ុំ ចំរើន ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​និង​យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជា​សីហ៍​មាន​រិ​ទ្ធ បាន​ផ្តួល​ថៃ​អោយ​សន្លប់​ដូចគ្នា ក្នុង​ការជួប​ប្រកួត​គ្នានៅក្នុង​កម្មវិធីប្រដាល់​ Ganzberk លើស​ង្វៀន SEA-TV ថ្ងៃទី​០៩​ធ្នូ​២០១៧​នេះដែរ។​ ក្នុងនោះអ្នក​ប្រដាល់​ថៃឈ្មោះ Yorth Dechha ដែល​មក​សងសឹក​អ្នក​ប្រដាល់ ​អ៊ុំ ចំរើន នោះ គឺ​មិនបាន​សម្រេច​នោះឡើយ ដោយ​ត្រូវ​ ចំរើន វាយ​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤។ ​អ៊ុំ ចំរើន គេ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Yorth Dechha ក្នុង​ប្រភេទ​ទម្ងន់ ​៦៩ គីឡូក្រាម។ ចំរើន គេ​ធ្លាប់​ឈ្នះ Yorth Dachha ក្នុង​ទឹក​ទី​៥ កាលពី​ជួបគ្នា​ថ្ងៃទី២៤​ កុ​ម្ភៈ ២០១៧​ កន្លងទៅ ហើយ Yorth Dachha មក​សងសឹក​វិញ ក៏ត្រូវ​ អ៊ុំ ចំរើន វាយ​ឱ្យសន្លប់​ក្នុង​ទឹក​ទី​៤ ។ ក្នុងការ​ប្រកួត​ទឹក​ដំបូងៗ De chha គេ​មានប្រៀប​ឈ្នះ​លើ​ចំរើន តែ​មកដល់​ទឹក​៤ ខណៈដែល​អ្នក​ប្រដាល់​ថៃ​នេះ​សម្រុកចូល​វាយ​នោះ ក៏ត្រូវ​ អ៊ុំ ចំរើន វាយ​ឱ្យ​សន្លប់​តែម្តង។

ចំណែក យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ជើងចាស់ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ គេ​ក៏បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Khum Phat អោយ​សន្លប់​ក្នុង​ទឹក​ទី​៣ ដែរ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់ ៥៧ គ​.​ក្រ ។ អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក។

Khum Phat ត្រូវ​កណ្តាប់ដៃ​របស់ ​យ​ក្ស​ផ្លែ វាយ​ចូល​គុម្ព​ថ្គាម ធ្វើឱ្យ​ដួលសន្លប់​លែង​ក្រោកទោះបីជាអាជ្ញាកណ្តាល​រាប់​ដល់​ដប់​ហើយ​នោះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ បើតាម​អ្នក​ផ្គូផ្គងប្រដាល់​ប្រចាំ​ SEA-TV និយាយ​ឱ្យដឹង​នោះ​ថា គេ​ជា​ជើង​ខ្លាំង​មួយរូប​នៅ​ប្រទេស​ថៃ ដោយ​គេមាន​ប្រវត្តិ​ប្រកួត​បាន​៦៦​លើក ឈ្នះ​៥៧​លើក ចាញ់​០៨​លើក និង​ស្មើ​០១​លើក។

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ម៉ន ព្រហ្ម​ម៉ាញ ​អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ឈ្នះ ផៃ គឹម​ហឿ​ត អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ ដោយ​ពិន្ទុ​ បន្ទាប់ពី​វាយ​គ្នា៥​ទឹក​ពេញ​នោះ។ ពីរ​នាក់​នេះប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៦០ ​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114