ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ឧកញ៉ា​ ទុយ គី រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ ទូទាំង​ក្រុង​បាត់ដំបង

បាត់ដំបង ​៖​ ផ្លូវ និង​ប្រព័ន្ធ​លូ ក្នុង​ក្រុង​បាត់ដំបង ភាគច្រើន ដែល​ត្រូវបាន​ម៉ៅការ​សាងសង់​ និង​ស្ថាបនា​ដោយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទុយ គី កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ស្ទើរតែ​ទូទាំង​ក្រុង​បាត់ដំបង ដោយសារតែ​គុណភាព​នៃ​ការស្ថាបនា គ្មាន​ប្រសិទ្ធភាព និង​គ្មាន​បច្ចេកទេស​ទាល់តែសោះ។

មួយរយៈ​កន្លងមក គេ​​សង្កេត​​ឃើញថា ផ្លូវ និង​ប្រព័ន្ធ​លូ​ក្រោម​ដី ក្នុង​ក្រុង​បាត់ដំបង​ ដែលមាន​កញ្ចប់​ថវិកា​របស់​សាលាខេត្ត ត្រូវបាន​ក្តោប​ក្តាប់​ទាំងស្រុង ដោយ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា ទុយ គី ដែលមាន​ទីតាំងនៅ​ខេត្ត ពោធិ៍សាត់ ដោយ​ក្រុមហ៊ុន​បានដាក់​គ្រឿងចក្រ​ចុះមក​ធ្វើការ​ឈូសឆាយ និង​ជីក​កកាយ​តាម​បណ្តោយ​ផ្លូវ​នានា​ដើម្បី​ដាក់​បង្កប់​លូ​ក្រោម​ដី។

ប៉ុន្តែ​ការស្ថាបនា​របស់​ក្រុមការងារ ហាក់ដូចជា​ធ្វើ​លំៗ សើ​ៗ អោយ​រួចពីដៃ ហើយ​បើក​លុយ​យក​ទៅ​បាត់ ដោយ​មិនបាន​ពិនិត្យ​ទៅលើ​គុណភាព នីវ៉ូ និង​ជួសជុល ជា​សំណង​នៃ​ការខូចខាត​របស់​ប្រជាពលរដ្ឋ​វិញ​ឡើយ គឺ​គេ​ធ្វើយ៉ាងណា​អោយតែបាន​ដាក់លូ​ចុះទៅ​ក្រោម​ដី និង​លុប​ដី​ពីលើ​វា​ជាការ​ស្រេច។​

ជាក់ស្តែង​ផ្លូវ​លេខ ១២១ ក្នុងភូមិ​កំពង់ក្របី និង​ផ្លូវ​ជាច្រើន​ខ្សែ​ទៀត ដែល​ស្ថិតនៅ​ក្នុង​ក្រុង​បាត់ដំបង គឺ​គេ​កាយកប់​លូ​ដោយ​គ្មាន​ការ​ស្ទង់​កម្រិត នីវ៉ូទឹក​ទាល់តែសោះ​ ដែល​នៅពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ ត្រូវ​ចំណុច​ណា​ទាប​នៅតែ​ទាប​ដដែល រហូត​ធ្វើអោយ​ប្រព័ន្ធ​ទឹក​ត្រូវ​ហូរ​បញ្ចាស​ទិស​មកវិញ មិន​ព្រម​ហូរ​ចុះទៅ​ក្នុង​ស្ទឹង​តាមរយៈ​លូ​ធំ​នោះឡើយ។

ម្យ៉ាងវិញទៀត ត្រង់ចំណុច​ណា​ដែល​គេ​បានធ្វើការ​ឈូសឆាយ និង​ការ​ដី​ដាក់​បង្កប់​លូ​ គឺ​គេ​មិនដែល​ធ្វើការ​ជួសជុល​ជា​សំណង រាល់​ការខូចខាត​ចិញ្ចើម​ផ្លូវ​របស់​ប្រជាពលរដ្ឋ​ឡើយ ដោយ​ទុកអោយ​ម្ចាស់ផ្ទះ​រៀបចំ​ជួសជុល​ដោយ​ខ្លួនឯង ព្រោះ​ចិញ្ចើម​វា​បានកើត​ទៅជា​ល្បាក់​មិនអាច​ឡើង​យានយន្ត​បាន។​

រីឯ​ផ្លូវ​ដែល​គេ​ធ្វើបាន​ហើយ បើ​ប្រៀបធៀប​ទៅនឹង​ការរៀប​ប្រព័ន្ធ រ៉េ​ហ្គា វា​ខុសគ្នា​មេឃ និង​ដី​ ព្រោះ​ជាទូទៅ តាម​ក្រឹត្យក្រម​គឺ​គេ​រៀប​អោយ​មាត់ រ៉េ​ហ្គា នោះ​ទាប​ជាង​ផ្លូវ​ប្រមាណ ៣ តឹក​ ទើបត្រូវ​តាម​លក្ខណៈ​ស្តង់ដារ តែ​ការរៀបចំ​របស់​ក្រុមហ៊ុន ឧកញ៉ា ទុយ គី គឺ​គេ​បានដាក់​មាត់​រ៉េ​ហ្គា នៅ​ខ្ពស់ជាង​ចិញ្ចើមផ្លូវ​យ៉ាងខ្លាំង ដូច្នេះ​តើ​ទឹក​អាច​ហូរ​ចូលទៅក្នុង​លូ​បាន​ឬទេ​?

សំណួរ​ជាច្រើន​បាន​ចោទ​សួរថា តើ​អាជ្ញាធរខេត្ត គួរ​បន្ត​កិច្ចការ​នេះ អោយទៅ​ក្រុមហ៊ុន របស់លោក​ឧកញ៉ា ទុយ គី ទៀត​ឬ​យ៉ាងណា បើ​ប្រតិកម្ម​បានកើត​ឡើង​ស្ទើរតែ​គ្រប់​ទីកន្លែង​ទៅលើ​ក្រុមហ៊ុន​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114