ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នុក​កើតមាន​ពេញបន្ទុក​នៅ​ឃុំស្រុក​ជីក្រែង ​និង ​ស្រុក​សូទ្រនិគម​ សង្ស័យ​ជំនាញ​ជាប់​ត្រគាក

សៀមរាប ​៖ ​បើ​យើង​ក្រឡេក​មក​មើល​តំបន់​ទន្លេសាប ​ក្នុង​ភូមិ​សាស្ត្រ​ឃុំអន្លង់​សំណរ ​ស្រុក​ជីក្រែង និង​ ឃុំកំពង់​ឃ្លាំង​ ស្រុក​សូទ្រនិគម ​នៅពេល​រាត្រី​ គឺ​ហាក់បីដូចជា​ភ្លើងពណ៌​ក្នុង​រង្គសាល​អញ្ចឹង តាមពិតទៅ​វា​គឺជា​បទល្មើស​នេសាទ​ប្រភេទ​ឆ្នុក ​ដែល​គេ​ដាក់​អំពូល​ភ្លើង​ដើម្បី​ឲ្យ​សត្វល្អិត​ឲ្យ​ធ្លាក់ចូល​ក្នុង​ទឹក​រួច​ហ៊ុម​ចាប់យក​ត្រី​តែប៉ុណ្ណោះ​។ ​ចំពោះ​ផ្លូវច្បាប់​ត្រូវបាន​ហាមប្រាម​យ៉ាងខ្លាំង​។

តាម​ការ​អះអាង​របស់​ប្រជា​នេសាទ​បាន​ឲ្យ​ដឹង​ថា​ បទល្មើស​នេសាទ​ប្រភេទ​ឆ្នុក​នេះ ​កំពុង​ធ្វើ​ឲ្យ​ហិនហោច​ពូជ​ត្រី​ក្នុង​បឹង​ទន្លេសាប​យ៉ាង​ខ្លាំង ​ព្រោះ​ពួកគេ​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​បែបទំនើប​ ដោយមាន​ដាក់​មង​ក្រឡា​ញឹក​ និង​ ភ្លើង​អំពូល ​ដើម្បី​ឲ្យ​ធ្លាក់​សត្វល្អិត​មក​ត្រី​ចោមរោម​ស៊ី ហើយក៏​ចូលក្នុង​សាច់​ម​ង​យ៉ាង​ស្រួល​ និង​ មាន​ទាំង​ប្រដាប់​ឆក់​ត្រី​ថែម​ទៀតផង។ ពលរដ្ឋ​បន្ត​ថា​ មានការ​សង្ស័យ​ថា ​រដ្ឋ​បាល​ជល​ខេត្ត​សៀមរាប ​និង​ កូនចៅ​តាម​សង្កាត់​ជា​អ្នកទទួលផលប្រយោជន៍​ច្រើនជាងគេ ​ទាក់ទង​ទៅនឹង​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​ខាងលើ ​ជាពិសេស​ឧបករណ៍​ឆ្នុក​ប្រើ​ភ្លើងពណ៌​នេះតែម្តង​។​

ប្រភព​ពី​ប្រជា​នេសាទ​រស់នៅ​តំបន់​បឹង​ទន្លេសាប​បាន​បន្ត​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើឧបករណ៍​ខុសច្បាប់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​គ្រប់​លំដាប់ថ្នាក់​មិន​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ​។ សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​ជីក្រែង​ និង​ ស្រុក​សូទ្រនិគម បានទទួល​លុយ​ពី​ក្រុម​ជនល្មើស​ទើប​បណ្ដោយ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុងបឹង​ទន្លេសាប​យ៉ាង​គឃ្លើន​។

​អ្នកឃ្លាំមើល​បទល្មើស​នេសាទ​បាន​ឲ្យ​ដឹងថា ​ដោយសារ​តែមាន​មេខ្យល់​សម្រាប់​ប្រមូល​លុយ​ពី​ក្រុមជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​បែបនេះហើយ​ ទើប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ឆ្នុក​នៅស្រុក​ខាងលើ​កាន់តែខ្លាំង​ឡើងៗ​ដូច​ទឹកបាក់​ទំនប់​។​

ទាក់ទិន​ករណីនេះ​ដែរ​ លោក ​យឹម ស៊ីវ័ន​ នាយ​សង្កាត់រដ្ឋបាល​ជលផល​អន្លង់​សំណរ មិនអាចទាក់ទង​សុំ​ការពន្យល់​បានទេ ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ​ នេះ​ដោយសារ​ហៅ​ទូរស័ព្ទ​មិន​ចូល​គឺនៅក្រៅ​តំបន់​សេវា​។​ ចំណែក​លោ​ក ស ម៉ាប់ ​នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក​ ក៏​មិនអាចទាក់ទង​សុំ​ការ​ពន្យល់បានដែរ​នៅថ្ងៃនេះ​។ ស្រដៀង​គ្នា​នោះដែរ​ លោក ​ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប ​ក៏​មិនអាចសុំការបំភ្លឺ​បានដែរ​ ដោយសារ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​លើក​។​

ទោះជា​យ៉ាងនេះ​ក្តី​ លោក​ទា គឹម សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​ ធ្លាប់បាន​ឲ្យ​ដឹងថា ​បញ្ហាហ្នឹង​លោក​នឹង​ឲ្យ​ខាង​ជំនាញ​រដ្ឋបាល​ជល​ចុះទៅ​មើល​សិន​។​ លោក​បន្តថា ​កន្លងទៅខាងជំនាញ​ធ្លាប់​ចុះបង្ក្រាប​ជា​ញឹកញាប់​ដែរ​ តែ​ដូច​កៀរ​ចក​អញ្ចឹង​។​ លោក​បញ្ជាក់ថា​ ទោះជា​យ៉ាងណា​ លោក​នឹង​ឲ្យ​មន្ត្រី​ចុះបង្ក្រាប​បន្ថែមទៀត​។

ប្រភព​មួយទៀត​បាន​ឲ្យ​ដឹងថា ​អ្នករក​ស៊ី​របរ​នេះ ​ភាគច្រើន​គឺជា​ជនជាតិ​វៀតណាម​ ដែលមាន​ឈ្មោះដូចជា​លោក​ យ៉ុង ​និង ​ឈ្មោះ​ ហុង​ ជាដើម​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114