ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ​ចម ប្រសិទ្ធ​ ជំរុញ​ឱ្យមាន​មជ្ឈមណ្ឌល​មួយ ​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ផ្នែក​បច្ចេកវិទ្យា​សួនឧស្សាហកម្ម​ភ្នំពេញ​

ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​នូវ​ការ​ជំរុញឱ្យមាន​មជ្ឈមណ្ឌល​អប់រំ​មួយ ​ដើម្បីឱ្យ​ទាក់ទាញ​អ្នក​វិនិយោគ​ផ្នែក​បច្ចេកវិទ្យា​សួន​ឧស្សាហកម្ម។

លោកបានថ្លែង​បែបនេះ ​ខណៈ​ដែលលោក​រួមជាមួយនឹងថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីជំនាញ​ក្រោម​ឱវាទ​ក្រសួង បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ និង​ ស្តាប់​បទឧទ្ទេសនាម​ពី​លោក Vitoon Asampingpongs ទីប្រឹក្សា​ជាន់ខ្ពស់ផ្នែក​អប់រំសកល ​នៃ​ក្រុមហ៊ុន Festo Didactic SE ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់​ នា​ល្ងាច​ថ្ងៃទី​១២ ធ្នូ​ នៅទី​ស្ដី​ការ​ក្រសួង​។ ជំនួប​នេះលើកឡើងស្តីពី​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​អប់រំ ផ្តោតលើ​ឧស្សាហកម្ម​កម្រិត​ ៤.០ ជាដំណោះស្រាយ​បច្ចេកវិទ្យា​ទំនើប​ដែល​ពិភពលោកជា ពិសេស​ប្រទេស​ជឿនលឿន​កំពុង​អនុវត្តនាពេល​បច្ចុប្បន្ននេះ។​

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ស្វាគមន៍ និង​ សង្ឃឹមថា លោក ​Vitoon Asampingpongs នឹងធ្វើ​បទ​បង្ហាញ​ពីបទ​ពិសោធ​ន៍​ជោគជ័យ ដែល​ក្រុមហ៊ុនបាន​អនុវត្ត​ការងារ​របស់ខ្លួន​ទាក់ទងការអប់រំ​បច្ចេកវិទ្យា​ជាន់ខ្ពស់ នៅ​បណ្តា​ប្រទេស​មួយចំនួន។​

លោក​ Vitoon Asampingpongs បានធ្វើ​បទ​ឧទ្ទេសនាម​បង្ហាញ​ពី​កម្រង​ក្រុមហ៊ុន ដោយបានបញ្ជាក់ថា​ ក្រុមហ៊ុន Festo ជា​ក្រុមហ៊ុន​នាំមុខសម្រាប់​ដំណោះ​ស្រាយ​ការអប់រំ​ផ្នែកបច្ចេកវិទ្យា។ Festo Group ដែល​ឈរលើ​មូលដ្ឋាន​ឧស្សាហកម្ម​ស្វ័យប្រវត្តិ និង​ការអប់រំ មានចំណូលសរុប​ប្រមាណ ៣ ​ពាន់​លាន​អឺរ៉ូ ប្រតិបត្តិការសកម្មភាព​ចំនួន ១៧៦ ប្រទេស​លើពិភពលោក ជាមួយនឹង​សាខា​របស់ខ្លួន​ចំនួន ៦០ និង ​អតិថិជន​ចំនួន ៣០ ម៉ឺ​ន​នាក់។ ការច្នៃប្រឌិត គឺ​អនុវត្តបាន​ប្រកាសនីយបត្រ​តក្កកម្ម (Patent) ចំនួន៣ពាន់ និង​ ការច្នៃប្រឌិត​ថ្មីៗចំនួន ១០០ ក្នុង​មួយឆ្នាំ។ ការសិក្សា​ដោយ​ខ្លួនឯងទទួលបាន​និយោជិតចំនួន​ ១៨.៦០០ នាក់ នៅលើពិភពលោក។

លោក​ទីប្រឹក្សា​ជាន់ខ្ពស់បានលើកឡើង​ពី​សារៈសំខាន់​ នៃ​ការអប់រំ​ផ្នែក​បច្ចេកវិទ្យា​ជាន់ខ្ពស់​ គឺ​ដើម្បីកំណើនសេដ្ឋកិច្ច​ ដែល​ពឹង​ផ្អែកលើ​ការផលិត​- អភិវឌ្ឍន៍​ផ្នែក​ជំនាញ ​បង្កើត​ការងារ​ និង​ បង្កើនគុណភាព​នៃ​ការផលិត​។​ល​។ លោក​បាន​បន្ថែមទៀតថា តម្រូវការ​នៃ​ការកសាង​មជ្ឈមណ្ឌលបណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ជាន់ខ្ពស់​ ឬហៅថា ដំណោះស្រាយ​បច្ចេកវិទ្យាឧស្សាហកម្ម​ ៤.០ ត្រូវ​ចំណាយ​ថវិកា​ពី ៥​លាន​អឺរ៉ូ ទៅ ១០ លានអឺរ៉ូ។​

​លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែងអំណរគុណ​ចំពោះ​បទ​ឧទ្ទេសនាម និង​ បានស្នើ​ដល់​លោកទីប្រឹក្សា​ជាន់ខ្ពស់បង្ហាញ​ពី​កម្មវិធីសិក្សា​ជោគជ័យ​របស់ខ្លួន ជាពិសេស​បាន​អនុវត្ត​នៅ​ប្រទេសថៃ ដើម្បី​ជា​គំរូ​សម្រាប់​អនុវត្ត​នៅ​កម្ពុជា។ កម្ពុជាត្រូវការមជ្ឈមណ្ឌល​អប់រំ​បណ្តុះបណ្តាលបច្ចេកវិទ្យា​ឧស្សាហកម្ម​កម្រិត ៤.០ មួយ នៅ​តំបន់​ណាមួយក្នុងប្រទេស​កម្ពុជា ដើម្បីផ្តល់​លទ្ធភាព​ដល់​សិស្ស និស្សិត និង​ កម្មករ​ជំនាញ អាច​ក្រេបចំណេះដឹង​ពី​មជ្ឈមណ្ឌល​នេះសម្រាប់​បំណិន​ជីវិត​របស់ខ្លួន សម្រាប់​ទីផ្សារការងារ ជំរុញ​កំណើនសេដ្ឋកិច្ច និង​ ដំណោះស្រាយ​បរិស្ថាន​ជាដើម ។ ជាពិសេស គឺ​ងាយស្រួល​ក្នុងការ​ទាញបាន​នូវ​អ្នកវិនិយោគ​ផ្នែកបច្ចេកវិទ្យា មក​អភិវឌ្ឍន៍​ក្នុង​សួន​ឧស្សាហកម្ម ដោយសារ​យើង​មាន​ធនធានមនុស្ស​សម្រាប់ធ្វើការ។​

​លោក ​Vitoon Asampingpongs បាន​សន្យាថា នៅពេល​ខាងមុខ នឹងមាន​អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន រួម​នឹង​ឯកសារគោល​មួយចំនួនទៀត មក​ធ្វើ​បទ​បង្ហាញជូន​អង្គប្រជុំដើម្បី​ជា​មូលដ្ឋាន​សម្រាប់​កម្ពុជា ក្នុងការ​ពិនិត្យ​លទ្ធភាពបង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាលបច្ចេកវិទ្យា​ជាន់ខ្ពស់​នាពេលខាងមុខ​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114