ព័ត៍មានទាន់​ហេតុការណ៏
Search

ការស្ថាបនា​ប្រព័ន្ធ​លូ​ខ្នាត​ធំ​នៅ​ផ្លូវ​លេខ​ ១៩៦២ ​ក្នុងភូមិ​សាស្ត្រសង្កាត់​ក្រាំងធ្នង់​ សម្រេច​ប្រមាណ២០០​ម៉ែត្រ​ហើយ​

​ភ្នំពេញ ​៖ ប្រព័ន្ធ​លូ​ខ្នាត​ធំ​មាន​មុខកាត់មួយ​ម៉ែត្រ​កន្លះ ស្ថិត​នៅលើ​ផ្លូវ​លេខ​ ១៩៦២​ ក្នុង​សង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ​មកដល់ពេលនេះ ការស្ថាបនា​សម្រេចបាន​ប្រវែង​ ២០០​ ម៉ែត្រហើយ ​ស្មើនឹង ​៩០​ កង់​។​

លោក​ សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ធ្លាប់បាន​ឲ្យ​ដឹងថា ផ្លូវលេខ​ ១៩៦២​ នេះ​ កន្លងមកមិនទាន់មាន​ប្រព័ន្ធ​លូ​នៅឡើយ​ទេ ដូច្នេះ​ទើប​រដ្ឋបាល​រាជធានីភ្នំពេញ​សម្រេច​ស្ថាបនា​ប្រព័ន្ធ​លូ​មេនេះ ​ក្នុង​បំណង​រំដោះ​ទឹកភ្លៀង​ចេញពី​តំបន់​ផ្លូវ​លេខ ២០១១,​តំបន់​ចម្ការ​ព្រីង ​ឲ្យ​ហូរ​ចាក់​ទៅ​ប្រឡាយ​ទួល​សំពៅ និង ​មួយផ្នែក​ទៀត​រំដោះ​ទឹក​ចេញពីចំណុច​វត្ត​ជុំ ទៅ​ស្ថា​នី​យ​ទួល​សំពៅ​ ដែល​ទើប​ស្ថាបនា​រួច​មាន​កម្លាំង​បូម​ខ្លាំង​ជាង​មុន​។​

ប្រធាន​គម្រោង​របស់​ក្រុមហ៊ុន​ Phnom Penh Precast Plants ​លោក ​ហេង គឹម​ទៀង ដែលជាអ្នកទទួល​សិទ្ធិក្នុង​ការទទួល​អនុវត្ត​គម្រោង​នេះ​បាន​ឲ្យ​ដឹងថា ការដាក់​ប្រព័ន្ធលូ​នេះ​បាន​បើកការដ្ឋាន​នៅ​ថ្ងៃទី​១៣ ​ធ្នូ ឆ្នាំ​២០១៧​ ដែលមាន​បណ្តោយ​សរុប​ទាំងសងខាង​ផ្លូវ​ជិត ​១០ ​គីឡូម៉ែត្រ ​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ហើយ​ការងារ​នេះ​ស្ថិតក្រោមការត្រួតពិនិត្យបច្ចេកទេសដោយ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ។​

លោក​បន្តថា ក្រុមហ៊ុន​នឹង​ជំរុញ​ការស្ថាបនា​ប្រព័ន្ធ​លូ​នេះ​ឲ្យ​បាន​រួចរាល់​ក្នុង​ខែសីហា ឆ្នាំ ​២០១៨ ខាងមុខ​។ ទោះបីជា​យ៉ាងណាក្តី​ លោក​ ហេង គឹម​ទៀង ​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋដែលមាន​លំនៅដ្ឋាន​អម​សងខាង​ផ្លូវ​លេខ​ ១៩៦២ ដែល​ប៉ះ​លើ​គម្រោង​ស្ថាបនា​ប្រព័ន្ធលូ​នេះ សុំ​ផ្តល់​កិច្ចសហការ​ដោយ​រុះរើ​សំយាប ​របង​ ឬ ​តូប​លក់ដូរ​ផ្សេងៗ​ ដើម្បី​ផ្តល់​ឱកាសឱ្យក្រុមហ៊ុន​ជំរុញ​ការស្ថាបនា​ប្រព័ន្ធ​លូ​នេះ​ឱ្យបាន​រួចរាល់​តាម​ការគ្រោងទុក​។

គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្ថាបនា​ប្រព័ន្ធ​លូ​ទាំង​តូច​ទាំង​ធំបាន​ប្រមាណ ​៤២០​ គីឡូម៉ែត្រ ​ក្នុង​រាជធានី​ភ្នំពេញ និង​ កំពុង​ស្ថាបនា​បន្តទៀត​ ដើម្បី​ធានា​ដល់ការនាំ​ទឹកជំនន់​ទឹកភ្លៀង​ចេញ​ក្រៅ​ក្រុង​បាន​ទាន់ពេលវេលា កាត់បន្ថយ​ការលិចលង់​ដោយ​ជំនន់ទឹក​ភ្លៀង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114