ព័ត៍មានទាន់​ហេតុការណ៏
Search

ថៃ​ឃាត់ខ្លួនពលករខ្មែរ​៥​នាក់ ដែល​លប​ឆ្លងដែនតាម​រូង​ក្រោម​ដី​

​ប្រទេស​ថៃ ៖ ពលករ​ខ្មែរ​ចំនួន​៥​នាក់ ដែល​ក្នុងនោះ​មាន​ស្រី​ម្នាក់​ផង​ ដែរ ត្រូវបាន​កម្លាំងអន្តោប្រវេសន៍​ថៃ ដែល​ឈរជើង​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ខ្លង​លឹក (ប៉ោយប៉ែត) ធ្វើការ​ឃាត់ខ្លួន ព្រមទាំង​បាន​បញ្ជូនទៅ​សាកសួរ​បន្ថែម​នៅ​ខេត្ត​ស្រះកែវ​ផងដែរ ខណៈ​ដែល​ពួកគេ​ទាំង​៥​នាក់ បានលបលួច​ឆ្លងដែន​ដោយ​ខុសច្បាប់តាមរយៈ​រន្ធ​ក្រោម​ដី។​

​ការឃាត់ខ្លួន​នេះ ​បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​កិច្ច​ប្រតិបត្តិការ​នេះធ្វើឡើង​ដោយ​កម្លាំង​អន្តោប្រវេសន៍ និង ​កម្លាំង​តម្រួត​ថៃប្រចាំ​តំបន់​ខ្លង​លឹក បាន​ចុះទៅ​កាន់ចំណុច​របង​ថ្ម​មួយកន្លែង ​ដែល​បាន​សាងសង់ឡើង​ជាប់​នឹង​មាត់​អូរ​ព្រំដែន នៅ​ទិស​ខាងត្បូង​នៃទីលាន​ផ្ញើ​រថយន្ត​របស់​ក្រុមហ៊ុន ហ្គោល​ដិ​ន​កេ​ត​ ស្ថិតក្នុង​ឃុំ​អារញ្ញ ស្រុក​អារញ្ញ​ប្រាថេត ខេត្តស្រះកែវ ប្រទេស​ថៃ។​

​ដោយនៅ​ទីនោះ​មាន​រន្ធ​មួយ​ដែលមាន​ទំហំ ០,៥០ ម៉ែត្រ សម្រាប់​ឆ្លង​ចេញចូលពី​ប្រទេស​កម្ពុជាទៅកាន់​ប្រទេស​ថៃ តាម​ក្រោម​របង​ថ្ម​នៃ​ខ្សែបន្ទាត់​ព្រំដែន ដោយ​ឃើញបែបនេះកម្លាំង​បានអង្គុយចាំ​ឃ្លាំមើល​មួយសន្ទុះ ក៏បាន​ឃើញ​ពលករ​ខ្មែរ​ចំនួន​៥​នាក់​ បាន​លូន​ចេញពី​រន្ធ​បន្តបន្ទាប់ ទើប​កម្លាំង​តម្រួត​ថៃឃាត់ខ្លួន​ ដោយបាន​ចាប់ទាញចេញពី​រន្ធ ព្រមទាំង​បាន​សាកសួរ​បឋម ​គឺ​ពលករខ្មែរ​ទាំង​នោះបាន​សារភាពថា រូង​ក្រោម​ដី​នេះគឺជា​ស្នាដៃ​របស់​ក្រុម​មេខ្យល់ សម្រាប់​ឱ្យពលករ​ខ្មែរ​លូន​ឆ្លង​ចូល​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ ដោយ​បង់​ឱ្យ​ពួកគេ​ក្នុង​ម្នាក់ ៧០០ ​បាត។​

​បច្ចុប្បន្ន​ ក្រុម​តម្រួត​ថៃ​បាន​នាំខ្លួន​ជន​ទាំង​៥​នាក់ ទៅកាន់​ស្នងការដ្ឋាន​ខេត្ត​ស្រះកែវ​ ជាបណ្តោះអាសន្ន ដើម្បី​ធ្វើការ​សាកសួរ​បន្តរកមុខ​សញ្ញា​មេខ្លោងដែល​នៅ​ពីក្រោយ​ខ្នង​ក្នុងរឿងនេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114