ព័ត៍មានទាន់​ហេតុការណ៏
Search

ជា សំនៀង ជា​ម្ចាស់​ខ្សែក្រវាត់​ Barrley Black ទម្ងន់​​ ៦៥​ គីឡូក្រាម

​ជា សំនៀង អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់ Barrley Black រដូវ​កាល​ទី​១ ទម្ងន់​ ៦៥​ គីឡូក្រាម បន្ទាប់ពី​បាន​ផ្តួល​យកឈ្នះ ​Phlay Noy អ្នក​ប្រដាល់ថៃ នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៧ លើស​ង្វៀន​ SEA-TV នោះ។

​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ Barrley Black រដូវ​កាល​ទី​១ ទម្ងន់ ​៦៥ ​គីឡូក្រាម​នេះ បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៧​មក ដោយ​ប្រកួត​វិលជុំ​ជម្រុះ​រវាង​ពូ​ល​ខ្មែរ​៤​រូប​ និង​ ពូ​ល​ថៃ​៤ ​រូប ជម្រុះ​នៅសល់​២​នាក់ ដែល​ប្រកួត​គ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ បានបញ្ចប់​នៅ​ថ្ងៃទី​១៧ ធ្នូ ២០១៧​នេះ ។

​ជា សំនៀង អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នៅក្នុង​ការប្រកួត​ជម្រុះ ​៥ ​លើក​កន្លងមក គេ​ប្រកួត​មិនដែល​ចាញ់​ទេ។ ចំណែក Phlay Noy ក្នុង​ ៥ ​ប្រកួត​ដូចគ្នាគេ​ឈ្នះ ​៤ ចាញ់ ១ ប្រកួត គឺ​ចាញ់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះឯង​។​ Phlay Noy បាន​វាយ​ចាញ់ ជា សំនៀង មិន​ឯកច្ឆន្ទ​នោះទេ គឺ​ចាញ់ ​២​ទល់​៣ ពោល​ក្នុង​ចៅក្រម​៥​រូប មានតែ​ចៅក្រម​ពីរ​រូប​ប៉ុណ្ណោះ ដែល​ផ្តល់​ពិន្ទុ​ឱ្យ Phlay Noy ឈ្នះឯ​៣​រូប​ទៀតបានផ្តល់​ពិន្ទុ​ឱ្យ ជា សំនៀង ឈ្នះ​ទាំងអស់។

​គួរ​បញ្ជាក់ថា Phlay Noy ធ្លាប់​ចាញ់ ​ជា សំនៀង មួយលើក​ហើយ ក្នុង​ការជួប​ប្រកួត​គ្នា​ក្នុង​វគ្គ​ជម្រុះកន្លងមក ដោយ​ ជា សំនៀង ឈ្នះ Phlay Noy ក្នុង​ទឹក​ទី​៣ ហើយ​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ អ្នកប្រដាល់​រូបនេះនៅតែ​វាយ​ចាញ់​ ជា សំនៀង ដដែល តែ​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។ ជា សំនៀង ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ Barrley Black រដូវ​កាល​ទី​១ ទម្ងន់ ​៦៥​ គីឡូក្រាម ដែលមាន​ប្រាក់រង្វាន់​ ២០ លាន​រៀល ប្រហាក់ប្រហែល​នឹង ​៥០០០​ ដុល្លារ​។ រីឯ Phlay Noy ដែល​បាន​ចំណាត់ថ្នាក់​លេខ២ បាន​រង្វាន់ ​១២​ លាន​រៀល ប្រហាក់ប្រហែល​នឹង ​៣០០០ ​ដុល្លារ។

​ចំពោះ​ការប្រកួត​ជា​លក្ខ​ណៈ​មិត្តភាព​អន្តរជាតិ​នោះ ឡុង សុ​ភី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​ បានវាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Fa Suorak ដែលជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួតគ្នា​ ៥ ​ទឹក​ពេញ​នោះ។ Fa Suorak វាយ​ចាញ់ ​ឡុង សុ​ភី ដាច់​តែម្តង ដោយនៅ​ពីរ​ទឹក​ចុងក្រោយ Fa Suorak អស់​ស៊ុ​ហ្វ ដោយ​សា​ត្រូវ​ សុ​ភី​ អុក​ជង្គង់​ត្រូវ​ច្រើន​ជង្គង់​ពេក។

​ជ័យ ប៊ុន​សង់ អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ចាញ់ ​វឿន សា​វិ​ន អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិសែន​ជ័យ​ក្នុង​ទឹក​ទី​៣ ខ​ណៈ ​នី​ម នន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​ ៩១១ វាយឈ្នះ ​ម៉ន វ៉ា​ន្នី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ដោយ​ពិន្ទុ។​

•​ពុទ្ធ ឆាយ​រិទ្ធី សងសឹក​ Sang Yuot អត់​បានសម្រេច ខ​ណៈ​ ឈុត សេរី​វ៉ាន់​ថង ​ឈ្នះ ​Phat Nakhon ដោយពិន្ទុ

​ពុទ្ធ ឆាយ​រិទ្ធី អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដែល​ឡើង​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ Sang Yout នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ទី​១៧ ​ធ្នូ​ ២០១៧​ នោះ បាន​បរាជ័យដោយ​វាយ​ចាញ់​ថៃ​ដោយ​ពិន្ទុ តែ​សម្រាប់​អ្នក​ប្រដាល់​វ័យក្មេង ​ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូកីឡា​ខេត្តបាត់ដំបង បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Phat Nakhon ដោយ​ពិន្ទុ។

​កាលពី​ជួបគ្នា​លើក​មុន ពុទ្ធ ឆាយ​រិទ្ធី​ ក៏​ចាញ់ ​Sang Yout ដោយ​ពិន្ទុ​ដែរ ហើយ​មកដល់​ជួប​ប្រកួតសងសឹក​នេះ នៅតែ​វាយ​ចាញ់ Sang Yout ដោយ​ពិន្ទុ​ដដែល។ អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មកប្រកួត​នៅ​កម្ពុជា​ ១២ ​លើក​ហើយ​ទាំង​លើក​នេះ ដោយ​គេ​វាយ​ឈ្នះ​បាន​៧​លើក និង​ ចាញ់​៥លើក ក្នុងនោះគេ​វាយ​ឈ្នះ ​សេក ​គឹម​រួន ក្លិប​អង្គរ​មានជ័យ ២​លើក, ឈ្នះ​ ធី តុង​ហ៊ី ក្លិប​សាល​វ័​ន្តកីឡា,ឈ្នះ​ ផាន់ គ្រាន់,ឈ្នះ ​ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​២​លើក និង​ ឈ្នះ ​អ៊ុំ ចំរើន ក្លិប​តាឡី​ដំរី​មាន​រិ​ទ្ធ​។ ជាមួយនេះគេ​ក៏​ធ្លាប់​វាយ​ចាញ់​ ឃីម ឌី​ម៉ា,មឿ​ន សុខ​ហ៊ុ​ច,រឿង សោ​ភ័​ណ្ឌ និង ​ឡុង សុវណ្ណ​ឌឿ​ន ដែរ។

​ឈុត សេរី​វ៉ាន់​ថង អ្នក​ប្រដាល់​វ័យក្មេង ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ ឈ្មោះ Phat Nakhon ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា ​៥ ​ទឹក​ពេញ​នោះ។ អ្នក​ប្រដាល់​វ័យក្មេង​ ឈុត សេរី​វ៉ាន់​ថង គេ​មាន​ស្នៀត​ល្អ តែ​រាង​អន់​កម្លាំង​បន្តិច​នៅ​ចុង​ទឹក ប៉ុន្តែ​យ៉ាងណា សេរី​វ៉ាន់​ថង នៅតែ​ឈ្នះថៃ​ដដែល ព្រោះ​ក្នុង​ការប្រកួត​ ៥ ​ទឹក​នោះ សេរី​វ៉ាន់​ថង គេ​វាយ​ឈ្នះ​ដាច់​ទៅហើយ។​ ពីរ​នាក់​នេះប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៦៣,៥០០ ​គីឡូក្រាម​។ នេះ​ជា​ជ័យជំនះ​លើក​ទី​ ៣ ​របស់​ ឈុត សេរី​វ៉ាន់​ថង ហើយដែល​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​​នោះ។

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ឈួន រិទ្ធី អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ ធី តុង​ហ៊ី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។ ពីរ​នាក់​នេះប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ​៦៩ ​គីឡូក្រាម នៅ​យប់​ថ្ងៃទី​១៧​ ធ្នូ​ ២០១៧ លើស​ង្វៀន ​Black Cat ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114