ព័ត៍មានទាន់​ហេតុការណ៏
Search

បន្ទាប់ពីសហរដ្ឋអាមេរិក វេតូ, មហាសន្និបាត UN នឹងបោះឆ្នោតលើសេចក្តីសម្រេច ស្តីពីក្រុងយេរូសាឡឹម

មហាសន្និបាតអង្គការសហប្រជាជាតិ នឹងរៀបចំសម័យប្រជុំបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍ ដើម្បីបោះឆ្នោតលើពង្រាងសេចក្តីសម្រេចមួយ ដែលបដិសេធការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump ក្នុងការទទួលស្គាល់ក្រុងយេរូសាឡឹមថា ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីសហរដ្ឋអាមេរិកបានជំទាស់វិធានការនេះ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ។

លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រតិកម្មដោយខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើនេះ ដោយនិយាយថា “នៅថ្ងៃព្រហស្បតិ៍ នឹងមានការបោះឆ្នោតមួយរិះគន់លើជម្រើសរបស់យើង។ សហរដ្ឋអាមេរិក នឹងត្រូវគេប្រកាសថា ជាអ្នកធ្វើខុស”។

ប្រទេសទួរគីនិងយេមែន បានស្នើសុំឲ្យមានកិច្ចប្រជុំបន្ទាន់នៃសន្និបាតសមាជិកចំនួន១៩៣ប្រទេសមួយនេះ ក្នុងនាមក្រុមប្រទេសអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម (OIC) ។

ប្រទេសទាំងពីរបានធ្វើពង្រាងសេចក្តីសម្រេចមួយកាលពីថ្ងៃអង្គារដែលឆ្លុះបញ្ចាំងពីវិធានការវេតូដោយបញ្ជាក់ឡើងវិញថា ការសម្រេចចិត្តណាមួយលើស្ថានភាពក្រុងយេរូសាឡឹម គឺគ្មានប្រសិទ្ធិភាពស្របច្បាប់ទេហើយត្រូវតែត្រលប់ថយក្រោយវិញ។

ប្រទេសអេហ្ស៊ីប បានដាក់ចេញនូវសេចក្តីព្រាងនេះនៅក្រុមប្រឹក្សាដែលត្រូវបានគាំទ្រដោយសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន១៤ប្រទេសផ្សេងទៀត នៅក្នុងការបោះឆ្នោតកាលពីថ្ងៃចន្ទ។

ដូចជាសេចក្តីព្រាងរបស់អេហ្ស៊ីបដែរ, អត្ថបទមុនការប្រជុំ គឺមិនបាននិយាយអំពីការសម្រេចចិត្តរបស់លោក Trump ទេប៉ុន្តែបានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះការសម្រេចចិត្តនាពេលថ្មីៗនេះទាក់ទងនឹងស្ថានភាពនៃក្រុងយេរូសាឡឹម។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Riyad Mansour បាននិយាយថា លោករំពឹងថានឹងមានការគាំទ្រយ៉ាងច្រើនចំពោះវិធានការនេះដោយបញ្ជាក់ថា ក្រុងយេរូសាឡឹមគឺជាបញ្ហាមួយដែលគួរ ត្រូវដោះស្រាយតាមរយៈការចរចាររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

គ្មានប្រទេសណាមួយមានអំណាចវេតូនៅក្នុងមហាសន្និបាតដែលមានសមាជិកចំនួន១៩៣ប្រទេសទេផ្ទុយពីក្រុមប្រឹក្សាសន្តិសុខដែលសហរដ្ឋអាមេរិក រួមជាមួយចក្រភពអង់គ្លេស ចិន បារាំងនិងរុស្ស៊ីអាចរារាំងសេចក្តីសម្រេចណាមួយបាន។

ការសម្រេចចិត្តកាលពីថ្ងៃទី៦ ខែធ្នូ របស់លោក Trump ក្នុងការទទួលស្គាល់ក្រុងយេរូសាឡឹម គឺបានធ្វើឲ្យមានការបែកបាក់ ជាមួយនឹងការមូលមតិគ្នាជាអន្តរជាតិ ដែលបង្កឲ្យមានការតវ៉ានៅទូទាំងពិភពឥស្លាមនិងរងការថ្កោលទោសយ៉ាងខ្លាំង។

សម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិកដែលមាន ដូចជាចក្រភពអង់គ្លេស បារាំង អ៊ីតាលី ជប៉ុន និងអ៊ុយក្រែន គឺស្ថិតក្នុងចំណោមប្រទេសចំនួន១៤ ក្នុងក្រុមប្រឹក្សាដែលមានសមាជិកចំនួន១៥ ដែលបានបោះឆ្នោតគាំទ្រវិធានការនេះ៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114