ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំហ្វីលីពីន ប្រកាសបទឈប់បាញ់ សម្រាប់បុណ្យណូអែល

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រកាសបទឈប់បាញ់ជាឯកតោភាគីរយៈពេល១០ថ្ងៃ ជាមួយពួកឧទ្ទាមកុម្មុយនិស្ត ដើម្បីអនុញ្ញាតឲ្យប្រជាជនហ្វីលីពីន អបអររដូវបុណ្យណូអែល ដែលនេះមានរយៈពេល២សប្តាហ៍ បន្ទាប់ពីកិច្ចចរចាសន្តិភាពជាមួយក្រុមបះបោរនេះ ត្រូវបានបោះបង់ចោលជាផ្លូវការ។

អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយថា លោក Duterte បានបញ្ជាឲ្យកងទ័ព និងប៉ូលិស ផ្អាកប្រតិបត្តិការវាយលុកចាប់ពីថ្ងៃទី២៤ ខែធ្នូដល់ថ្ងៃទី២ខែមករា ដើម្បីបន្ថយការព្រួយបារម្ភរបស់សាធារណជន ក្នុងរដូវកាលបុណ្យណូអែលនេះ។

លោកបាននិយាយថា លោករំពឹងថាពួកម៉ៅនិយម និងមេដឹកនាំនយោបាយរបស់ពួកគេនឹងធ្វើ កាយវិការស្រដៀងគ្នានេះ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានមតិយោបល់ភ្លាមៗពីចលនាបះបោរ កុម្មុយនិស្តទេ ដែលមេដឹកនាំកំពូលនិ ងអ្នកចរចារបស់ពួកគេ បានរស់នៅក្នុងការនិរទេសខ្លួននៅប្រទេសហូឡង់ ចាប់តាំងពីចុងទសវត្សឆ្នាំ១៩៨០មក។

លោក Duterte បានចាប់ផ្តើមដំណើរការសន្តិភាពមួយឡើងវិញហើយដោះលែងមេដឹកនាំកុម្មុយនិស្តជាច្រើននាក់ នៅក្នុងកាយវិការនៃភាពជឿជាក់ដ៏រឹងមាំមួយនៅពេលគាត់បានក្លាយជាប្រធានាធិបតីកាលពីឆ្នាំមុន ប៉ុន្តែថ្មីៗនេះគាត់បានបោះបង់ការចរចា ដោយសារតែការវាយប្រហាររបស់ក្រុមឧទ្ទាម។

គាត់បានបញ្ចេញកំហឹងសឹងតែជារៀងរាល់ថ្ងៃ ចំពោះអ្វីដែលគាត់ចាត់ទុកថា ជាភាពមិនស្មោះត្រង់របស់គណបក្សកុម្មុយនិស្តហ្វីលីពីន (CPP) និងកងប្រដាប់អាវុធរបស់ខ្លួន គឺកងទ័ពប្រជាជនថ្មី (NPA) ។

កងកម្លាំងឧទ្ទាមដែលគេប៉ាន់ប្រមាណថា មានចំនួនប្រហែល៣,០០០នាក់ គឺបានធ្វើសង្គ្រាមអស់រយៈពេលជិត៥០ឆ្នាំមកហើយ នៅក្នុងជម្លោះមួយដែលបានសម្លាប់មនុស្សជាង៤០,០០០នាក់ និងបានរារាំងដល់កំណើនសេដ្ឋកិច្ច នៃតំបន់សម្បូរធនធានរបស់ប្រទេសហ្វីលីពីន៕ REUTERS