ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃទី​២៩ ​ធ្នូ កាត់ទោស​លោក សម រ​ង្ស៊ី រឿង​បរិហារ​ថា ស​ម្ដេច​ ហ៊ុន សែន សូក​លុយ ​ធី សុវណ្ណ​ថា ​១លាន​ដុល្លារ​

ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ ហេង សុខ​ណា ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ខាងមុខនេះ នឹង​បើកសវនាការ​លើ​សំណុំរឿង​លោក​ សម រង្ស៊ី ដែល​បរិហារកេរ្តិ៍​សម្តេច​តេ​ជោ​ ហ៊ុន សែន ​ថា ​បាន​សូក​ប្រាក់​ឱ្យ​កញ្ញា ធី សុវណ្ណ​ថា ចំនួន​មួយ​លាន​ដុល្លារ​អាមេរិក ​ដើម្បី​បំបែកបំបាក់គណបក្ស​ស​ង្គ្រោះ​ជាតិ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​លោក​ ហេង សុខ​ណា ជាចៅក្រម​ជំនុំជម្រះ និង​ លោក ​សៀង សុខ ជា​តំណាង​អយ្យការ​។

សូមបញ្ជាក់ថា​ លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​សម្តេច​តេ​ជោ ​ហ៊ុន សែន​ បានដាក់ពាក្យបណ្ដឹង​ប្តឹង​ទណ្ឌិត សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ចូលទៅ​កាន់​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ ​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ​តាម​មាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧។

ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា សុំ​ប្តឹង​ឈ្មោះ សម រ​ង្ស៉ី ចំពោះ​សំដី​របស់គាត់ ដែល​បាន​និយាយ​ក្នុងវេទិកា​ជា​សាធារណៈ​មួយនាទី​ក្រុងប៉ារីស ប្រទេសបារាំង កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ កន្លងទៅ​។ នៅក្នុង​វេទិកា​នោះ ឈ្មោះ សម រ​ង្ស៉ី បាន​និយាយថា ចុះ ហ៊ុន សែន សូក ធី សុវណ្ណ​ថា ១​លាន​ដុល្លារ ម៉េច​អាណា​ធ្វើ​អី ហ៊ុន សែន ផង​? …. ១​លាន​ដុល្លារ និយាយ​លុយ​នោះលុយ​ពុករលួយសូកឱ្យ​មនុស្ស​ធ្វើ​អាក្រក់ ថាឱ្យ​វាយប្រហារ ឲ្យ​រករឿង​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យធ្វើបាតុកម្ម ជួល​នេះ ជួល​នោះ ប្រើ​មួយ​លាន​ដុល្លារ ពុករលួយ​…”​

វីដេអូដែលមាន​សំដីខាងលើនេះ ត្រូវបាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ នៅក្នុងបណ្តាញ​សង្គម facebook ដូចជា​ទំព័រ facebook ឈ្មោះ MJ CNRP France និង ​តាម​ទំព័រ​facebook ឈ្មោះ Social Breaking News-SBN​។ វីដេអូ​នេះ​ក៏ ត្រុ​វ​បានទទួល​ស្គាល់​ផងដែរ​ក្នុង​ទំព័រ facebook ផ្លូវការ​ឈ្មោះ Sam Rainsy​

ក្នុង​ពាក្យបណ្តឹង​បានបញ្ជាក់​ទៀតថា អំពើ​ដែល​ឈ្មោះ សម រ​ង្ស៉ី បាន​ប្រព្រឹត្ត គឺជា​ការអះអាង​បំផ្លើស និង​ ជាការ​ទម្លាក់កំហុស​ដោយ​សុទ្ធចិត្ត​ដោយបាន​ចោទ ប្រកាន់​មួលបង្កាច់​ផ្ទុយ​ពី​ការពិត ក្នុង​ចេតនា​ទុច្ចរិត​បំភាន់​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បំផុត​ដល់កិត្តិយស​និង​កិត្តិស័ព្ទ​របស់ សម្តេច​តេ​ជោ ។

អំពើ​ខាងលើនេះ ក៏​ត្រូវបាន​ផ្សព្វផ្សាយ​បន្តក្នុងចំណោម​សាធារណជន​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម facebook ។​អំពើ​នេះ មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ដើម្បី​កំណត់​ជា​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​បញ្ញត្តិ​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​។

សេចក្តី​ដូច​បានបញ្ជាក់​ជូន​ខាង​លើ ខ្ញុំបាទ​ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន សុំ​ប្តឹង​ដល់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី ភ្នំពេញ ដូចខាងក្រោម​

ធ្វើការ​ចោទប្រកាន់​និង​ផ្តន្ទាទោស​ឈ្មោះ សម រ​ង្ស៉ី តាម​មាត្រា​៣០៥ និង​មាត្រា ដទៃទៀត តាម​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទាមទារ​ឲ្យ​ឈ្មោះ សម រ​ង្ស៉ី សង​សំណង​ជម្ងឺ​ចិត្ត​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន ចំនួន ៤.០០០.០០០.០០០ (​បួន​ពាន់​លាន​)​ រៀល ។

លោក​មេធាវី សំ សុ​គង់ និង​លោក​មេធាវី ជូ​ង ជូ​ងី មេធាវី​ការ​ពេ​រ​ផ្លូវច្បាប់​អោយ​លោក សម រ​ង្សុ​ី មិនអាច​ទាក់ទង​បាន​សុំ​សេចក្ដីបញ្ជាក់​បានទេ​នៅ​ថ្ងៃទី ២១​ធ្នូ​នេះ ៕