ព័ត៍មានទាន់​ហេតុការណ៏
Search

ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ដុត​ស្រូវខ្លួនឯង ស្រូវ​ឪពុកក្មេក និង​ ស្រូវប្អូនថ្លៃ​អស់​ជាច្រើន​

កំពង់ចាម​ ៖ ជម្លោះ​រវាង​ប្តី​ និង​ ប្រពន្ធ បានក្លាយទៅជា​ការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ ដោយដុត​ស្រូវរបស់​ឪពុកក្មេក និង​ ប្អូនថ្លៃ រួមទាំង​របស់ខ្លួនផង ដែល​ទើបនឹង​ច្រូត​រួច​នៅឯ​ស្រែ ហើយ​ត្រូវប្រពន្ធ​ប្តឹង​សមត្ថកិច្ច​ចាប់​ប្តី​ខ្លួន ​(ជនល្មើស​) ពីបទ​បំផ្លាញទ្រព្យ​សម្បត្តិអ្នកដទៃ​។

លោក ឯក ប៉ាន់​ដន អធិការនគរបាលស្រុក​កំពង់សៀម បានឱ្យដឹងថា នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ២០១៧ នៅវេលា​ម៉ោង ៨ និង ១០ ​នាទី ប៉ុស្តិ៍​នគរបាល​រដ្ឋបាលវិហារ​ធំ បានទទួល​បណ្តឹងពី​ឈ្មោះ យ៉​ន សារឿន ភេទ​ស្រី អាយុ​៥០​ឆ្នាំ​ ជនជាតិខ្មែរ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម បានប្តឹង​ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ឈ្មោះ ស៊ឹម សុខឃឿន អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ​(​ត្រូវជា​ប្តី​)​ បាន​ឈ្លោះប្រកែក​គ្នាជាមួយ​ខ្លួន ពេលនោះ​ស្រាប់តែ​ឈ្មោះ​ ស៊ឹ​ម សុខឿន ខឹង​បានទៅ​ដុតស្រូវរបស់ខ្លួន​ដែល​ច្រូត​រួច​នៅក្នុង​ស្រែ​អស់​ចំនួន​ពី​ពំនូក និង ដុត​ស្រូវ​របស់​ឪពុកក្មេក​មួយពំ​នូ​ក រួច​ក៏​ទៅដុត​ស្រូវ​របស់​ប្អូនថ្លៃអស់មួយពំ​នូ​កទៀត។

លោកអធិការបញ្ជាក់ថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​រួច កម្លាំង​សមត្ថកិច្ចស្រុក​កំពង់សៀម និង ប៉ុស្តិ៍​វិហារ​ធំ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ ហើយ​ឃាត់ខ្លួនជ​ន​សង្ស័យយកមក​អធិការដ្ឋាន ​ដើម្បីបំពេញ​សំណុំរឿង​តាម​នីតិ​វិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114