ព័ត៍មានទាន់​ហេតុការណ៏
Search

លិចសាឡាងដឹកអ្នកដំណើរមួយនៅហ្វីលីពីន មនុស្ស៤នាក់បានស្លាប់ និងច្រើននាក់ទៀតត្រូវបានសង្គ្រោះ

តាមប្រភពពីអ្នកនាំពាក្យជាឆ្មាំសមុទ្រម្នាក់ បាននិយាយឲ្យដឹងថា នាវាចម្លងរបស់ប្រទេសហ្វីលីពីនមួយគ្រឿង ដែលមានផ្ទុកមនុស្សចំនួន២៥១នាក់ បានក្រឡាប់ អំឡុងពេលអាកាសធាតុអាក្រក់មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ នៅរដ្ឋធានីម៉ានីល។ សារព័ត៌មាន បានរាយការណ៍ថា មានមនុស្ស៤នាក់ បានស្លាប់ និង១៤០នាក់ទៀត ត្រូវបានជួយសង្គ្រោះ។

អ្នកនាំពាក្យជាឆ្មាំសមុទ្រ លោក Armand Balilo បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ទូក និងឧទ្ធម្ភាគចក្រកងទ័ព បានធ្វើដំណើរទៅកាន់កោះ Polillo ដើម្បីជួយសង្គ្រោះ។ វិទ្យុក្នុងស្រុករាយការណ៍ថា មនុស្ស៤នាក់បានស្លាប់ និង ១៤០ នាក់រួចផុតជីវិត ប៉ុន្តែលោក Balilo បាននិយាយថា មិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។ លោកឲ្យដឹងទៀត ៖ “យើងបានឮអំពីការស្លាប់ និងរបួស ប៉ុន្តែយើងនៅតែកំពុងព្យាយាមបញ្ជាក់ចំពោះការអះអាង”។

គ្រោះថ្នាក់ ដែលកើតឡើងរវាងទូកនេសាទ នៅកោះហ្វីលីពីនតែងតែកើតមាន។ មានទូកជាច្រើនបានដឹកជញ្ជូនលើសទម្ងន់ ចំពោះសាឡាងមានសមត្ថភាពអាចដឹកមនុស្សបានចំនួន២៨០នាក់។

ប្រតិបត្តិការជួយសង្គ្រោះមានការពិបាក ដោយមានភ្លៀងធ្លាក់ខ្លាំង និងរលកដ៏ធំៗ ដែលបង្កឡើងដោយព្យុះត្រូពិក ដែលព្យុះនេះ កំពុងមានឥទ្ធិពលនៅភាគខាងត្បូងប្រទេសហ្វីលីពីន។

លោក Balilo បាននិយាយថា ការអំពាវនាវឱ្យមានការជួយសង្គ្រោះ ត្រូវបានធ្វើឡើងនៅមុនពេលថ្ងៃត្រង់ បន្ទាប់ពីនាវាចម្លងនោះបានលិច។ លទ្ធភាពចម្បង ដែលបង្កជាគ្រោះថ្នាក់នេះ គឺបណ្តាលមកពីអាកាសធាតុអាក្រក់៕ REUTERS

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114