ព័ត៍មានទាន់​ហេតុការណ៏
Search

មឿ​ន ​សុខ​ហ៊ុ​ច ជួប Kev Kongvan ,​ចាន់​ ប៊ុន​លាភ ​ជួប​ Phat Khanthong នៅ​សង្វៀន​ Ganzberg​

​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ពីររូប នឹង​ត្រៀម​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅក្នុង​កម្មវិធី​ប្រដាល់លើ​សង្វៀន​ Ganzberg ​ របស់​ SEA-TV យប់​ថ្ងៃ​សៅ​រ៍ ​ទី​២៣ ​ធ្នូ ​នេះ។ ក្នុងនោះ មឿ​ន​ សុខ​ហ៊ុ​ច អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ​ឈ្មោះ Kev Kongvan ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ​៦៥ ​គីឡូក្រាម។​
​ ​ ​
Kev Kongvan គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ពីរដង​ហើយ ដោយ​វាយ​ឈ្នះ ​ថុល មករា​ ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០៣ ​មិថុនា ​កន្លងមក ហើយ​គេ​ក៏​ធ្លាប់​ជួប​ មាស ច័ន្ទ​មាន​ ផងដែរ។ បើតាម​លោក​ ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​ SEATV ឱ្យដឹង​នោះ​ថា កាលដែល​នាំយក Kev Kongvan ឱ្យប្រកួត​លើក​នេះ គឺ​ដើម្បី​ផ្តល់​ឪ​កាស​ឱ្យ មឿ​ន សុខហ៊ុច សាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃរូបនេះ។

មឿ​ន សុខ​ហ៊ុ​ច អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ធ្លាប់​ជួប​អ្នក​ប្រដាល់​បរទេស​ច្រើន​នាក់​ហើយ ក្នុងនោះ​ជួប​អ្នក​ប្រដាល់​ថៃ​ចំនួន​ ៣១​ នាក់ ដោយ​ឈ្នះ​២១​នាក់ ចាញ់​៥​នាក់ និង​ ស្មើ​០២​នាក់ ដែលការប្រកួត​ចុងក្រោយ​របស់គេ​នោះ គឺ​វាយ​ឈ្នះ​ជាមួយ​អ្នក​ប្រដាល់​ថៃ Kong Kangvan ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៩ ​វិច្ឆិកា ​២០១៧។

ទោះជា​យ៉ាងណា រវាង​ មឿ​ន សុខ​ហ៊ុ​ច និង Kev Kongvan នេះ មិនដឹងថាអ្នកណា​ជា​អ្នកឈ្នះ​ទេសម្រាប់​ការជួបគ្នា​នេះ? ។ ព្រោះថា អ្នក​ប្រដាល់ Kev Kongvan នេះគេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង ​វាយ​ខ្លាំង ដែល​ សុខ​ហ៊ុ​ច​ មិនអាច​មើលស្រាល​គេ​បានឡើយ។ ចាំមើល តើ ​មឿ​ន សុខ​ហ៊ុ​ច អាច​យកឈ្នះ Chhai Sou បាន​ឬ​អត់​នោះ?។

Kev Kongvan មានកំណត់​ត្រា​ប្រកួត​ចំនួន​៧៩​លើក ឈ្នះ៦២​លើក ចាញ់​១៦​លើក និង ​ស្មើ​០១​លើក ខ​ណៈ​ដែល ​មឿ​ន សុខ​ហ៊ុ​ច គេ​ក៏មាន​កំណត់ត្រា១៣៥​លើក ក្នុងនោះ​ឈ្នះ ១០៨​លើក ចាញ់​២២​លើក ស្មើ​០៤​លើក។​ ចាំមើលអ្នក​ប្រដាល់ថៃ Kev Kongvan ជួប​ប្រកួត​ជាមួយ​ មឿ​ន សុខ​ហ៊ុ​ច​ លើក​នេះ តើ​គេ​អាច​អាច​យកឈ្នះបានដែរ​ឬ​អត់ ?។

​ចំណែកអ្នក​ប្រដាល់​ជើងចាស់ ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្តល់​ឱ​កាសឱ្យជួប​ប្រកួតជាមួយ​អ្នក​ប្រដាល់​ថៃ​ ឈ្មោះ Phat Khanthang ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០ គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក។ Phat Khanthang មាន​ប្រវត្តិ​ប្រកួតចំនួន​៦៦​លើក ក្នុងនោះ​វាយ​ឈ្នះ​៥២​លើក ចាញ់​១៣​លើក និង ស្មើ​០១​លើក ហេតុនេះ​គេមិនធម្មតា​នោះឡើយ។ ​នេះ​បើតាម​អ្នក​ផ្គូផ្គង​ឱ្យដឹង​។

​ចាន់ ប៊ុន​លាភ គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និង ​ជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស ​ប៊ុន​លាភ​ នោះ គឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ Phat Khanthang មួយ​មុខ​ប៉ុណ្ណោះ​។ ​ចាន់ ប៊ុន​លាភ មាន​ប្រវត្តិ​ប្រកួត​ចំនួន៧០​លើក ក្នុងនោះ​ឈ្នះ​៥៧​លើក ចាញ់​១១​លើ ក​និង​ ស្មើ​០២​លើក។ ជា​លើក​ទី​ ២០ ​របស់ ​ចាន់ ប៊ុន​លាភ ដែល​ឡើង​ប្រកួត​ជាមួយ​ថៃ។ គេ​មិន​ហ៊ាន​អះអាង​មុន​ថា ប៊ុន​លាភ​ ឈ្នះ​ក្នុង​ការប្រកួតនេះ​ទេ។ គេ​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ គឺ​វាយ​ចាញ់​ Petchdarm ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០៣​ ធ្នូ ​កន្លងមកនេះ។ ចាំមើល តើ ​ប៊ុន​លាភ​ ឈ្នះ​ឬមួយ​ក៏ Phat Khanthang ឈ្នះ​សម្រាប់​ការជួបគ្នា​នេះ?។

​សម្រាប់​ការប្រកួត​រវាង​ខ្មែរ​និង​ខ្មែរ​វិញ រឿង សា​រ័ត្ន អ្នក​ប្រដាល់​មកពី​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួប​ប្រកួត​ជាមួយ ​វ៉ាន់ ចាន់​វ៉េ​ត អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ។ ពួកគេ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។ ចាន់​វ៉េ​ត ពុំ​ដឹងថា​អាច​ឈ្នះ​សា​រ័ត្ន ឬ​អត់​នោះទេ​? ព្រោះ ​រឿង សា​រ័ត្ន ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង មានឈ្មោះ​បោះ​សម្លេង​ក្នុង​ពិភព​ប្រដាល់​នាពេល​បច្ចុប្បន្ននេះ ។​
​យ៉ាងណា វ៉ាន់ ចាន់​វ៉េ​ត គេ​ក៏​ជា​ជើងចាស់​ដែរ ហើយ​វាយ​ល្អ​និង​ខ្លាំង​ដែរ​ពីមុន​នោះ តែ​ឥឡូវ ​ចាន់​វ៉េ​ត ស្រុត​ធ្លាក់ចុះ​ច្រើនណាស់។ ចាន់​វ៉េ​ត ប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ចាញ់ ​រិ​ទ្ធ មុន្នី ក្លិប​ម្កុដ​រាជសីហ៍ ក្នុង​ទឹក​ទី​៣ ឯ​ការប្រកួត​ចុងក្រោយ​របស់​រឿង សា​រ័ត្ន​វិញ គេ​វាយ​ឈ្នះ​ សំអាង ឌុន ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ទឹក​ទី​១​។

​ហេង វាសនា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ត្រូវ​ជួប​ប្រកួត​សងសឹក​ ម៉ន ព្រហ្ម​ម៉ាញ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។​ ជួបគ្នា​លើកមុន វាសនា ចាញ់ ​ព្រហ្ម​ម៉ាញ ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114