ព័ត៍មានទាន់​ហេតុការណ៏
Search

១២០ប្រទេសនៅអង្គការសហប្រជាជាតិ ថ្កោលទោសការសម្រេចចិត្តរបស់លោក Trump អំពីក្រុងយេរូសាឡឹម

ប្រទេសជាង១២០ បានជំទាស់នឹងលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ ហើយបានបោះឆ្នោតគាំទ្រ ចំពោះសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យ សហរដ្ឋអាមេរិកលុបចោលការទទួលស្គាល់នាពេលថ្មីៗនេះដែលថា ក្រុងយេរូសាឡឹម គឺជារដ្ឋធានី​របស់ប្រទេសអ៊ីស្រាអែល។

លោក Trump បានគំរាមកាត់ផ្តាច់ជំនួយហិរញ្ញវត្ថុដល់ប្រទេសដែលបានបោះឆ្នោតគាំទ្រ។ ប្រទេសសរុបចំនួន១២៨ បានគាំទ្រចំពោះសេចក្តីសម្រេចនេះហើយមានប្រាំបួនប្រទេសបានបោះឆ្នោតប្រឆាំង និង៣៥អនុបវាទ។ ប្រទេសចំនួនម្ភៃមួយមិនបានបោះឆ្នោតទេ។

ការគំរាមកំហែងរបស់ Trump ហាក់ដូចជាមានផលប៉ះពាល់ខ្លះដោយប្រទេសជាច្រើនបានជៀសវាង និងបដិសេធចំពោះសេចក្តីសម្រេចនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុងវ៉ាស៊ីនតោនបានដឹងខ្លួនថា នៅឆ្ងាយពីគេដោយសារតែសម្ព័ន្ធមិត្តលោកខាងលិច និងអារ៉ាប់ជាច្រើនបានបោះឆ្នោតសម្រាប់វិធានការនេះ។ សម្ព័ន្ធមិត្តទាំងនោះ ដែលមានដូចជាអេហ្ស៊ីប ហ្ស៊កដានីនិងអ៊ីរ៉ាក់ គឺជាអ្នកទទួលជំនួយយោធាសំខាន់ៗ ឬជំនួយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បើទោះបីជាការគំរាមកំហែងរបស់អាមេរិក ក្នុងការកាត់បន្ថយជំនួយមិនបានចង្អុលដោយផ្ទាល់ទៅប្រទេសណាមួយក៏ដោយ។

អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានហៅការបោះឆ្នោតនេះថាជា “ជ័យជម្នះ សម្រាប់ប៉ាឡេស្ទីន”។ យ៉ាងណាក្តី នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបដិសេធការបោះឆ្នោតនេះ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានប្រាប់មហាសន្និបាត ដែលមានសមាជិក១៩៣ប្រទេស មុនការបោះឆ្នោតថ្ងៃព្រហស្បតិ៍ថា “សហរដ្ឋអាមេរិកនឹងចងចាំថ្ងៃនេះ ដែលខ្លួន ត្រូវបានគេជ្រើសរើសសម្រាប់ការវាយប្រហារនៅមហាសន្និបាត ដោយសារតែទង្វើនៃការអនុវត្តសិទ្ធិរបស់ខ្លួនក្នុ ងនាមជាប្រទេសអធិបតេយ្យមួយ”។

ក្រោយមក លោកស្រី Haley បានស្នើដល់ប្រទេសចំនួន៦៤ ដែលបានបោះឆ្នោតបដិសេធ, អនុបវាទ ឬមិនបោះឆ្នោតឲ្យចូលរួម ក្នុងពិធីនៅថ្ងៃទី៣ ខែមករា ដើម្បីថ្លែងអំណរគុណដល់មិត្តភាពរបស់អ្នកចំពោះសហរដ្ឋអាមេរិក។ នេះបើតាមការអញ្ជើញដែលមើលឃើញដោយ Reuters។

ឯកអគ្គរដ្ឋទូតបារាំងលោក Francois Delattre បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សេចក្តីសម្រេចដែលត្រូវបានអនុម័តនៅថ្ងៃនេះ គឺគ្រាន់តែបញ្ជាក់ពីបទប្បញ្ញត្តិច្បាប់អន្តរជាតិទាក់ទង នឹងក្រុងយេរូសាឡឹមប៉ុណ្ណោះ”។ ប្រទេសបារាំងបានបោះឆ្នោតគាំទ្រ។

ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានសរសេរនៅក្នុងបណ្តាញ Twitter ថា ការបោះឆ្នោតនេះ គឺជាការបដិសេធជាអន្តរជាតិចំពោះការគំរាមកំហែងដ៏ឃោរឃៅរបស់រដ្ឋបាលលោក Trump ។
ក្នុងចំណោមបណ្តាប្រទេសដែលអនុបវាទ គឺមានអាហ្សង់ទីន អូស្ត្រាលី កាណាដា កូឡុំប៊ី សាធារណរដ្ឋឆែក ហុងគ្រី ម៉ិកស៊ិក ហ្វីលីពីន ប៉ូឡូញ រ្វ៉ាន់ដា ស៊ូដង់ខាងត្បូងនិងអ៊ូហ្គង់ដា។

ហ្គាតេម៉ាឡា ហុងដូរ៉ាស កោះម៉ាស្យ៉ល មីក្រូនេស៊ី ណូរុ ប៉ាឡូនិងតូហ្គោបានចូលរួមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងការបោះឆ្នោត NO។ ការបោះឆ្នោតរបស់ហុងឌូរ៉ាស ប្រឆាំងនឹងការសម្រេចនេះ គឺបន្ទាប់ពីសហរដ្ឋអាមេរិកបានបង្ហាញសញ្ញាថា ខ្លួននឹងទទួលស្គាល់លោកប្រធានាធិបតី Juan Orlando Hernandez ថាជាអ្នកឈ្នះនៃការបោះឆ្នោតមួយដែលអង្គការរដ្ឋអាមេរិកនិយាយថា គួរតែបោះបង់ចោលដោយសារការអះអាង អំពីការក្លែងបន្លំ។

គួរបញ្ជាក់ថា ស្ថានភាពរបស់ក្រុងយេរូសាឡឹម គឺជាឧបសគ្គមួយក្នុងចំណោមឧបសគ្គដ៏ធំបំផុត នៃកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ សហគមន៍អន្តរជាតិមិនទទួលស្គាល់អធិបតេយ្យភាព របស់អ៊ីស្រាអែលលើទីក្រុងនេះទេ៕ Reuters