ព័ត៍មានទាន់​ហេតុការណ៏
Search

ថៃ​ចាប់​ឈើ​គ្រញូង​ជិត​២០០​ដុំ ដែល​បម្រុង​ឆ្លងដែន​មក​កម្ពុជា

ប្រទេស​ថៃ​ ៖ ​ឈើ​គ្រញូង​ដែល​ច្រៀក​រួចហើយ ប្រមាណ​ជិត​២០០​ដុំ ត្រូវ​បាន​កម្លាំង​ជំនាញ និង​តម្រួត​ថៃ ក្រសោប​បាន​នៅ​ក្នុង​ចម្ការ​អំពៅ ក្បែរ​ខ្សែបន្ទាត់​ព្រំដែន​ថៃ កម្ពុជា​ រួម​ជាមួយ​នឹង​មនុស្ស​ចំនួន​ពីរ​នាក់​ផង​ ខណៈ​ដែល​ឈើ​ទាំងនេះ​ត្រៀម​បម្រុង​នាំ​ឆ្លងដែន​ចេញ​មក​កម្ពុជា។

យោង​តាម​របាយការណ៍​ពី​ប្រទេស​ថៃ​បាន​បញ្ជាក់​ថា កិច្ចប្រតិបត្តិការ​ដែល​ធ្វើឡើង​ដោយ​កម្លាំង​តម្រួត កម្លាំង​រដ្ឋបាល​ព្រៃឈើ និង​ទាហាន​ឈុត​ខ្មៅ​លេខ​១៣​ បាន​ប្រមូល​ផ្ដុំ​គ្នា​ កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែ​ធ្នូ ​ឆ្នាំ​២០១៧ ចុះទៅ​កាន់​ទីតាំង​ចម្ការ​អំពៅ​មួយ​កន្លែង​ ដែល​នៅ​ជាយ​ភូមិ​២ ត្រង់​ចំណុច ណូន​ស្ងា​រ ស្ថិតក្នុង​ឃុំ​សៃ​ថង ស្រុក​ខ្លង​ហាត​ ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

ក្នុង​ការ​ឡោមព័ទ្ធ​ចម្ការ​អំពៅ​ខាង​លើ​នេះ​ ដោយសារតែ​កម្លាំង​ទទួល​បាន​នូវ​ព័ត៌មាន​ស្តីពី​ការ​លប​លួច​កែច្នៃ​ឈើ​គ្រញូង​ដើម្បី​ឆ្លងដែន​ចេញទៅ​ក្រៅ​ប្រទេស ដែល​នៅ​ទីនោះ​ មានមុខ​សញ្ញា​ចំនួន​៤​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​​ច្រៀក​ដុំ​ឈើ​គ្រញូង​ ប៉ុន្តែ​ពេល​កម្លាំង​បង្ហាញខ្លួន​គឺ​ពួកគេ​ចំនួន​ពីរ​នាក់ បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ដោយឡែក​ពីរ​នាក់​ទៀត ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​សាកសួរ។

ជនសង្ស័យ​ទាំងពីរ មានឈ្មោះ ប្រាក់​យ៉ូន ហាម​ថង និង​ឈ្មោះ រិ​ទ្ធិ​ផុង សំរោង​ផល​ដោយ​ជាក់ស្ដែង​កម្លាំង​បាន​ធ្វើ​ការ​ដកហូត​នូវ​វត្ថុ​តាង​មួយ​ចំនួន​ដូចជា រណា​រថយន្ត​ចំនួន​៣​គ្រឿង​ ឈើ​គ្រញូង​ចំនួន​១៩០​ដុំ សម្ភារៈ​សម្រាប់​ច្រៀក​មួយ​ចំនួន ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​១២​គ្រាប់ និង​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា ចំនួន​១​គ្រឿង​ផង​ដែរ។

បច្ចុប្បន្ន​វត្ថុតាង រួម​ជាមួយ​នឹង​មុខសញ្ញា​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​នាំ​យក​ទៅកាន់​ខេត្ត​ស្រះកែវ ដើម្បី​សាកសួរ​បន្ត បន្ទាប់ពី​ពួកគេ​បាន​សារភាព​ថា​ ឈើ​ទាំងនេះ​គឺ​ច្រៀក​ជា​ដុំៗ​ដើម្បី​នាំចេញ​ឆ្លងដែន​ទៅ​ប្រទេស​កម្ពុជា៕