ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ាឡេស៊ី ចាប់ខ្លួនជនសង្ស័យភេរវកម្ម២០នាក់ រួមទាំងមេក្រុមនៅឥណ្ឌូនេស៊ី និងហ្វីលីពីនផងដែរ

ប៉ូលិសម៉ាឡេស៊ី បានចាប់ខ្លួនជនសង្ស័យភេរវកម្ម២០នាក់ ដោយក្នុងនោះរួមមានជនជាតិហ្វីលីពីន៧នាក់ ឥណ្ឌូនេស៊ី៥នាក់និងអាហ្វ្រិកខាងជើងម្នាក់ផងដែរនៅក្នុងប្រតិបត្តិការទូទាំងរដ្ឋ។ ជនសង្ស័យទាំងនោះ រួមមានមេដឹកនាំក្រុមភេរវកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងភាគខាងត្បូងប្រទេសហ្វីលីពីន។

អគ្គស្នងការប៉ូលិសម៉ាឡេស៊ីលោក Mohamad Fuzi Harun បាននិយាយក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រថា ពួកគេត្រូវបានឃុំឃាំងនៅក្នុងរដ្ឋ Johor, Selangor, Kuala Lumpur និង Sabah ចន្លោះថ្ងៃទី៣០ខែវិច្ឆិកាដល់ថ្ងៃទី១៥ខែធ្នូ។

ជនសង្ស័យចំនួន១៦នាក់កំពុងព្យាយាមជ្រៀតចូលនិងចូលរួមក្រុមភេរវកម្មនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ ការចាប់ខ្លួនអ្នកទាំងនេះ បានកើតឡើងបន្ទាប់ពីការព្រមានមុនៗថា កោះ Mindanao គឺជាតំបន់ជ្រុលនិយមថ្មីសម្រាប់ពួកសកម្មប្រយុទ្ធខណៈដែលក្រុមរដ្ឋឥស្លាម (IS) បានបាត់បង់ទឹកដីរបស់ខ្លួននៅមជ្ឈឹមបូព៌ា។

លោក Fuzi បានប្រាប់ Channel NewsAsia នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទមួយថា “នោះគឺជាលទ្ធភាពមួយដែលថា កោះ Mindanao គឺជាតំបន់ជីហាដថ្មីមួយពីព្រោះក្រុម IS កំពុងស្វែងរកតំបន់ថ្មី។ កោះ Mindanao គឺជាជម្រើសមួយសម្រាប់ពួកគេ”។

 ជនសង្ស័យភេរវកម្ម ត្រូវបានការពារដោយអាជ្ញាធរ បន្ទាប់ពីការចាប់ខ្លួនពួកគេ (រូប CNA)

ប្រភពប្រឆាំងភេរវកម្មមួយបានប្រាប់ Channel NewsAsia ថា ភាគច្រើននៃជនសង្ស័យទាំងនោះ គ្រោងនឹងចូលរួម ជាមួយក្រុម Abu Sayyaf នៅកោះ Mindanao។

ជនសង្ស័យយ៉ាងតិច១៥នាក់ ដែលព្យាយាមជ្រៀតចូលទៅភាគខាងត្បូងប្រទេសហ្វីលីពីន គឺត្រូវបានគេចាប់ខ្លួននៅសង្កាត់ Sandakan នៃរដ្ឋ Sabah ដែលនេះបានគូសបញ្ជាក់ពីការបន្តប្រើប្រាស់សង្កាត់ Sandakan ដោយពួកសកម្មប្រយុទ្ធ ធ្វើជាចំណុចឆ្លងកាត់ទៅកាន់កោះ Mindanao។

អតីតគ្រូបង្រៀនជនជាតិម៉ាឡេស៊ីអាយុ៤៦ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ (KLIA) ក្នុងសង្កាត់ Sepang សម្រាប់ការព្យាយាមទៅភាគខាងត្បូងប្រទេសហ្វីលីពីន ដើម្បីចូលរួមក្រុមភេរវកម្ម ដែលកំពុងប្រតិបត្តិការនៅទីនោះដូចគ្នា។​

ជនសង្ស័យហ្វីលីពីនម្នាក់ដែលអាជ្ញាធរហ្វីលីពីនចង់ចាប់ខ្លួនដោយសារសកម្មភាព ភេរវកម្មជាច្រើន ក៏ត្រូវបានចាប់ខ្លួន ផងដែរនៅក្នុងទីក្រុង Masai នៃរដ្ឋ Johor ។

យោងតាមប្រភពប្រឆាំងភេរវកម្មបានឲ្យដឹងថា ជនសង្ស័យរូបនេះមានទំនាក់ទំនងជាមួយអ្នកដែលត្រូវបានសម្លាប់ គឺមេដឹកនាំគាំទ្រក្រុម Abu Sayyaf លោក Isnilon Hapilon ។ ប្រតិបត្តិការនេះក៏ចាប់បានមេដឹកនាំគាំទ្រក្រុម IS របស់ឥណ្ឌូនេស៊ី Jamaah Ansharut Daulah ផងដែរដែលជាក្រុមមួយ នៅពីក្រោយការវាយប្រហារភេរវកម្មនានា រួមទាំងការវាយប្រហារកាលពីខែឧសភា ឆ្នាំ២០១៧ នៅឯចំណតរថយន្តក្រុង Kampung Melayu របស់ទីក្រុងហ្សាការតា និងការបំផ្ទុះគ្រាប់បែក នៅឯហាងកាហ្វេ Starbucks ឆ្នាំ២០១៦ក្នុងទីក្រុងហ្សាការតាផងដែរ៕ CAN

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114