ព័ត៍មានទាន់​ហេតុការណ៏
Search

ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ Thailand Products Expo 2017 នឹងធ្វើ​នៅ​ថ្ងៃទី ​២៨-៣១ ​ធ្នូ​

ភ្នំពេញ ៖ នេះ​ជា​លើក​ទី​បីហើយ​សម្រាប់​ឆ្នាំ ​២០១៧ ​ដែលពិព័រណ៍​ពាណិជ្ជកម្ម​ថៃ Thailand Products Expo 2017 នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី ​២៨ ដល់​ ៣១ ខែ​ឆ្នូ ឆ្នាំ​ ២០១៧​ ខាងមុខ ដោយមាន​ក្រុមហ៊ុនចូលរួមតាំង​បង្ហាញ​ផលិតផល​ចំនួន​ ២០០ និង ​មាន​ស្តង់ ​សរុប ២០០ ​ស្តង់ នៅ​មជ្ឈមណ្ឌលតាំង​ពិព័រណ៍​កោះ​ពេជ្រ។

​លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល តំណាង​ពាណិជ្ជកម្ម​ថៃ ប្រចាំខេត្ត​សៀមរាប បាន​ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន កាលពី​ថ្ងៃទី​២៣ ខែធ្នូ​ នេះ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ ថា “គោលបំណង​នៃ​ការ​រៀប​ចំ​ពិព័រណ៍ Thailand Products Expo 2017 លើក​ទី​៣ នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយផលិតផល​របស់​ថៃ ដែលជា​ផលិតផល​ដែលមាន​គុណភាព​ល្អ និង​ តម្លៃ​សមរម្យ​។

ជាពិសេស​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ដែល​តែងតែ​គាំទ្រ​ទំនិញ​ថៃ ឲ្យ​មានឱកាស​បាន​ទិញទំនិញពី​ម្ចាស់​រោងចក្រ​ដោយផ្ទាល់ ក្នុងតម្លៃ​ដែល​អាច​ធានាបាន​ថា​ថោក ជា​តម្លៃនៅលើទីផ្សារយ៉ាងពិត​ប្រាកដ​។​ លោកស្រី​បាន​បន្តថា នៅក្នុង​ពិព័រណ៍ Thailand Products Expo 2017 នឹងមាន​ប្រភេទ​ទំនិញ​ដូចជា​ សម្ភារ​សំណង់ និង ​គ្រឿងបន្លាស់​ម៉ាស៊ីន , អាហារ​ និង ភេសជ្ជៈ ,​សម្លៀកបំពាក់ ​និង វាយនភ័ណ្ឌ , សុខភាព ​និង សម្ពស្ស ,​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ និង​ ផ្ទះបាយ , វត្ថុ​អនុស្សាវរីយ៍ និង ​តុបតែង​ផ្ទះ , ទំនិញ​ OTOP​ ថៃ​, ស្បែង​ជើង​, អគ្គិសនី និង អេឡិចត្រូនិក​។

​លោក យីន សុ​ផា អ្នករៀបចំ​ពិព័រណ៍​នេះបាន​ថ្លែងថា ការរៀបចំ​ពិព័រណ៍ក៏​ដើម្បី​អបអរសាទរនូវ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ដែល​ប្រជាពលរដ្ឋ​គាត់នឹង​មក​ចូលរួម បាន​ចូល​ទស្សនា និង ​ទិញ​ផលិតផលដែលមាន​គុណភាព​ល្អ ដែល​នឹង​ត្រូវ​ចាប់ផ្តើមចាប់ពី​ម៉ោង ​៧​ ដល់ ​៩​ យប់​។ លោក​ក៏បានស្នើដល់​អតិថិជន ដែល​បាន​ចូលរួម​ក្នុង​ពិព័រណ៍​នេះ ត្រូវ​ចេះ​មានការ​ប្រុងប្រយ័ត្នចំពោះ​សម្ភារៈផ្ទា​ល់​ខ្លួន ព្រោះថា​ពិព័រណ៍​ដែលមាន​មនុស្ស​ច្រើន ​អាចមាន​ជនខិលខូច​ឆ្លៀតឱកាសចំពោះទ្រព្យសម្បត្តិ​របស់លោក​អ្នក ដែលមាន​ការធ្វេសប្រហែស ដូចជា​ កាបូប និង ទូរស័ព្ទ​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684