ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ​​ យាង​ជួបសួរសុខទុក្ខ​កូនចៅ​របស់​ព្រះអង្គ​នៅ​ឃុំ​កោះ​ចែក ស្រុក​កំពង់ត្របែក

ព្រៃវែង ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​យាង​ជួបសួរសុខទុក្ខ​កូនចៅ​របស់​ព្រះអង្គ​នៅ​ឃុំ​កោះ​ចែក ស្រុក​កំពង់ត្របែក នា​ព្រឹក​ថ្ងៃទី​២៣ ​ខែធ្នូ ​ឆ្នាំ២០១៧​។

​ព្រះអង្គ​បាន​សម្តែង​ព្រះរាជ​ហរទ័យ​សោមនស្ស​រីករាយ​សប្បាយ​ក្រៃលែង ​ដោយមាន​ភ័ព្វសំណាងដែលបាន​ជួប​បងប្អូន​ជនរួមជាតិ ​ប្រជាកសិករ ក្មួយៗ​ និង​ ចៅៗ​ជាទី​ស្រលាញ់​របស់ព្រះអង្គ​ នៅ​ភូមិ​កោះ​ពាមរាំង​ ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ​ នេះ​។ ​ព្រះអង្គ​បាន​ពាំនាំ​ផ្តាំផ្ញើ​ព្រះរាជសួរសុខទុក្ខ​ និង ​ផ្តាំផ្ញើ​ពី​ព្រះ​វរ​រាជមាតា​ជាតិខ្មែរ សម្តេច​យាយ យាយទួត​ ជូន​ដល់​បងប្អូននៅទីនេះ សម្តេច​យាយ​តែងតែ​យកចិត្តទុកដាក់​បំផុត​ចំពោះ​កូនចៅ​របស់​ព្រះអង្គ​។

ព្រះ​ករុណា ​ព្រះបាទ​ សម្តេច​ព្រះ​បរមនាថ ​នរោត្តម សីហមុនី បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះរាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា និង ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​បាន​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ និង​ ពិសេស​នៅពេលដែល​ប្រជាពលរដ្ឋ​ជួប​នូវ​ការលំបាក ​ដូចជា​ជួប​គ្រោះមហន្តរាយ ​និង ​ចាស់ជរាគ្មាន​ទីពឹង កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាដើម​។ សម្តេច​ទាំង​ពីរបាន​ចុះមកដោះស្រាយ​ការលំបាក​បាន​ទាន់ពេលវេលា​។

​ព្រះមហាក្សត្រ​ខ្មែរ​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ ឯកឧត្តម ជា​ សុ​មេធី អភិបាលខេត្ត​ព្រៃវែង ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ខិតខំ​ដឹកនាំ​ខេត្ត​ឱ្យមាន​សុខសន្តិភាព មាន​សន្តិសុខ​ល្អ ជូនប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ទាំងមូល ជាពិសេស​នៅពេល​ប្រជាពលរដ្ឋ​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ ឃើញ​អាជ្ញាធរ​ចុះ​ដោះស្រាយបាន​ទាន់ពេលវេលា មិនឱ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នោះទេ​។

​នៅក្នុង​ឱកាស​នោះ​ ព្រះអង្គ​បាន​នាំយក​ព្រះរាជ​អំណោយ​ចែកជូន​កូនចៅ​ចំនួន ​៤៨៦ ​នាក់​ ក្នុង​ម្នាក់ៗ​ទទួលបាន​ព្រះរាជ​អំណោយ​រួមមាន​ អង្ក ភួយ មុង ក្រមា សារុង អាវ​រងា ស្បែកជើង​ ​និង​ថវិកា ១០ ​ម៉ឺ​ន​រៀល​។​ បន្ទាប់មក​ព្រះអង្គ​បាន​យាង​ជួយ​ច្រូតស្រូវ​របស់​ប្រជាកសិករ​ និង ​បាន​ចែកជូនព្រះរាជ​អំណោយ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114