ព័ត៍មានទាន់​ហេតុការណ៏
Search

ផាវ​និង​កាំជ្រួច​មួយ​រទេះ​ធំ​ ឈ្មួញ​លួច​នាំចូល​ពី​ថៃ​ មក​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​អាវុធហត្ថ​និង​គយ​ស្ទាក់​ចាប់បាន

បន្ទាយមានជ័យ ៖ កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​មួយ​ក្រុម​បាន​សហ​ការ​គ្នា​ជាមួយ​កម្លាំង​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ចុះ​បង្ក្រាប ផាវ​គ្រប់​បែក និង​ផាវ​ចម្រុះ ដែល​ឈ្មួញ​លួច​ដឹក​តាម​រទេះ​នាំចូល​ពី​ថៃ​មក​ខេត្តបន្ទាយមានជ័យ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ ហើយ​បានប្រគល់​ទៅ​សមត្ថកិច្ច​ជំនាញ​ចាត់ការ​តាមច្បាប់ កាលពី​ព្រឹក ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧​។

លោក អ៊ី ឃីម អនុប្រធាន​ការិយាល័យ​គយ ច្រក​អន្តរជាតិ​ប៉ោយប៉ែត ទទួលបន្ទុក​គ្រប់គ្រង​ទីលាន​ត្រួតពិនិត្យ ទំនិញ​នាំចូល​ដោយ​រទេះ បាន​ឲ្យ​ដឹង​ថា ផាវ​ទាំងនេះ​ត្រូវ​បាន​ឈ្មួញ​បង្កប់​ក្នុង​រទេះ​ទំនិញ ហើយ​ជួល​កម្មករ ដឹកជញ្ជូន​ពី​ផ្សារ​ថៃ​ផ្សារ​រោង​គ្លឿ​ស្រុក​អរ​ញ្ញ័រ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ចូល​មក​ខេត្តបន្ទាយមានជ័យ​ ដើម្បី​យកទៅលក់​ចែកចាយ​បន្ត​តាម​ខេត្ត បណ្តា​ខេត្ត​ផ្សេងៗ​នា​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ​ តែ​ត្រូវ​បែក​ការណ៍​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​មួយក្រុម​ បាន​សហ​ការ​គ្នា​ជាមួយ​កម្លាំង​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ឃាត់​ត្រួតពិនិត្យ ទើប​ប្រទះឃើញ​ផាវ និង​កាំជ្រួច ក៏​ធ្វើការ​បង្ក្រាប​តែម្តង​។

លោក អ៊ី ឃីម បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន ផាវ​គ្រាប់បែក​៥​កេស ផាវ​ជ្រួច​២​កេស សរុប មាន​ទម្ងន់​ចំនួន​២៣១​គីឡូក្រាម ផាវ​ទាំងនេះ​ត្រូវ​បាន​ឈ្មួញ​បង្កប់​ក្នុង​រទេះដឹក​ទំនិញ ធំៗ ក្នុង​រូបភាព​កណ្តៀរ​ពូន​ដំបូក ដោយ​ឈ្មួញ​ទាំងនេះ​មិន​គិតពី​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ឡើយ អ្វី​ក៏​ហ៊ាន​ធ្វើ ឲ្យ​តែ​បាន​ប្រាក់​។

ទន្ទឹមគ្នា​នោះ​ដែរ លោក ចាន់ រដ្ឋា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​សី្ត​ទី បាន​ឲ្យ​ដឹង​ថា ផាវ​ទាំងនេះ មិន​មែន​ជា​ផាវ​ធម្មតា​ទេ វា​អាច​ផ្ទុះ​ដូច​គ្រាប់បែក អាច​បង្ក​ឲ្យ​មនុស្ស​របួស​និង​ស្លាប់​បាត់​បង់ជីវិត​បាន ប្រសិនបើ​ទុកដាក់ វេច​ខ្ចប់​មិនបាន​ត្រឹមត្រូវ ព្រោះ​វា​សុទ្ធតែ​ជា​ប្រភេទ​ផាវ​គ្រាប់បែក និង​ផាវ​កាំជ្រួច​ខ្នាត​ធំៗ​អស់​លេខ​ ពេលនេះ​លោក​កំពុង​បើក​ការស្រាវជ្រាវ​បន្ត និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​ហើយ​ដែរ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ នៅ​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ក៏​ធ្លាប់មាន​ករណី​រថយន្ត​ដឹក​ផាវ​គ្រាប់បែក​ផ្ទុះ​ខ្ទេចខ្ទី ក្លាយ​ជា​ផេះ សល់​តែ​គ្រោងឆ្អឹង​រថយន្ត មិន​សល់​សាកសព ផង​ដែរ​។

ក្នុង​ករណី​នោះ​ បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត ដោយ​មិនបាន​បន្សល់ទុក សាកសព​ឡើយ​៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114