ព័ត៍មានទាន់​ហេតុការណ៏
Search

ល្បែងស៊ីសង​គ្រប់​ប្រភេទ​ និង ​បញ្ហា​គ្រឿងញៀន​រួម​ទាំង​បទល្មើស​គ្រប់​ប្រភេទ ​ត្រូវតែ​បង្ក្រាប​ឲ្យ​ទាន​សភាពការណ៍

ភ្នំពេញ​ ៖​ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ នឹង​ត្រៀម​ជាប្រចាំ​ក្នុង​ការ​ចាប់​បង្ក្រាប​បទ​ល្មើស​ដែល​ព័ន្ធ​នឹង​ល្បែងស៊ីសង ខុសច្បាប់ បទល្មើស​ព្រហ្មទណ្ឌ​និង​ឧក្រិដ្ឋ​និង​ជាពិសេស​ទៀត​បញ្ហា​ក្តៅ​គ្រឿងញៀន​និង​ចោរកម្ម​ផ្សេងៗ។

លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ថ្លែង​សង្កត់​ធ្ងន់ៗ​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខ​ណ្ឌ កាលពី​ល្ងាច​ថ្ងៃទី​២២ ​ខែធ្នូ ឆ្នាំ២០១៧ ដោយមាន​ការចូលរួម​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ លោក​អធិការរង​នគរបាល​ខណ្ឌ លោក​អភិបាលរង លោកនាយក នាយករង ចៅសង្កាត់ និង​នាយប៉ុស្តិ៍​ទាំងអស់ ព្រមទាំង​ប្រធានការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ជុំវិញ​ខណ្ឌ​ដោយបាន​ផ្តោតលើ​របៀបវារៈ​ដូចខាងក្រោម​៖

១. ការរៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់​លើ​ចិញ្ចើមផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​។​
២. ការរៀបចំ​អនាម័យ​បរិស្ថាន​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​។​
៣. ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ។
៤. ការងារ​ទប់ស្កាត់ និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។​
៥. ការងារ​ផ្សេងៗ​៖
– ផ្សព្វផ្សាយ​សេចក្ដីណែនាំ​លេខ ០៣៥ ស​ណន ចុះ​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៧ ស្ដីពី ការកែតម្រូវ និង​ធ្វើការ​មោឃភាព​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន​។
– ផ្សព្វផ្សាយ​សេចក្ដីណែនាំ​លេខ ០៤៤ ស​ណន ចុះ​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ដីពី ការពង្រឹង​ការផ្ដល់សេវា​តម្រូវការ​លើ​ឯកសារ​អត្តសញ្ញាណ និង​ឯកសារ​អត្រានុកូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​។​

– ផ្សព្វផ្សាយ​ស្ដីពី ការសុំ​ធ្វើ​ឆាក​ខន​ស៊ើ​ត នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី និង​នៅ​សួនច្បារ​សម្ដេច ហ៊ុន សែន នា​ថ្ងៃទី ៣០-៣១ ខែធ្នូ ឆ្នាំ​២០១៧ របស់​ក្រុមហ៊ុន ហង្ស​មាស និង​ណាហ្គា​វើ​លដ៍​។

លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​បាន​បន្ត​ទៀត​ថា កន្លងមក​រដ្ឋបាល​សាលា​ខណ្ឌ​បាន​បង្ក្រាប​ជា​ញឹកញាប់ តែដោយសារ​មាន​ជន​ឆក់​ឱកាសនិយម​ជាពិសេស​ម្ចាស់​ល្បែងស៊ីសង​ដូចជា​ហ្គេម​បាញ់​ត្រី​ដែល​ហ៊ាន​លប​បើក​លេង​លួចលាក់​គ្មាន​ច្បាប់​អនុញ្ញាត​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​តាមដាន​នោះ​តែ​ទោះជា​យ៉ាងណា​កម្លាំង​សមត្ថកិច្ច​ទាំងអស់​ត្រូវតែ​បង្ក្រាប​ឲ្យ​អស់​តែម្តង​។ ចំពោះ​បញ្ហា​គ្រឿងញៀន​គឺជា​បញ្ហា​ដ៏​ស្មុគស្មាញ​ក៏​ត្រូវតែ​បង្ក្រាប​បើ​ទោះបី​នៅ​ទីតាំង​ណាក៏ដោយ។

​លោក​អភិបាល​បញ្ជាក់ថា បញ្ហា​ទាំងអស់​នេះ​ ត្រូវតែ​ចាត់វិធានការ​ក្តៅ​ទាំង​រដ្ឋបាល និង​ច្បាប់​កុំ​ឲ្យ​កើតមាន​បន្តទៀត​បើទោះបី​មាន​ខ្នង​ប៉ុណ្ណា​ក៏ដោយ ព្រោះ​វា​បង្ក​អសន្តិសុខ​ដល់​ប្រជាពលរដ្ឋ និង​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន។

លោក​អភិបាល​ខណ្ឌដូនពេញ​បានដាក់​បញ្ជា​ដាច់ខាត​ដល់​មន្ត្រី​ក្រោម​ឱវាទ​ត្រូវតែ​ចាប់​បង្ក្រាប​នូវ​រាល់​បញ្ហា​ល្បែងស៊ីសង​ទាំងនោះ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​។

គួរ​បញ្ជាក់​ផង​ដែរ​ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ​នៅ​សាល​ប្រជុំ​សាលាខណ្ឌ​ដូនពេញ​បាន​រៀបចំ​នូវ​កិច្ចប្រជុំ​គណៈ​អភិបាល​ខណ្ឌដូនពេញ ក្រោម​អធិបតីភាព លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដើម្បី​ឆ្លង​នូវ​របៀបវារៈ​ដូចខាងក្រោម ១,​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ ០៣៥ ស​ណន ចុះ​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៧ ស្តីពី​ការ​កែតម្រូវ និង​ការធ្វើ​មោឃភាព​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន ២,​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០៤៤ ស​ណន ចុះ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្តីពី​ការពង្រឹង​ការផ្តល់សេវា​តម្រូវការ​លើ​ឯកសារ​អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​អត្រានុកូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ ៣,​ផ្សព្វផ្សាយ ស្តីពី​ការសុំ​ធ្វើ​ឆាក​ខន​សឺត នៅ​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​ត្តី និង​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី ៣០-៣១ ខែធ្នូ ឆ្នាំ​២០១៧ របស់​ក្រុមហ៊ុន ហង្ស​មាស និង​ណាហ្គា​វើ​លដ៍​ ៤,​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ​រៀបចំ​គម្រោង ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខណ្ឌដូនពេញ ៥,​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​ការអនុវត្ត​កិច្ចលទ្ធកម្ម​ឆ្នាំ​២០១៧ របស់​រដ្ឋបាល​ខណ្ឌដូនពេញ ៦,​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​ផែនការ​លទ្ធកម្ម​សាធារណៈ ឆ្នាំ​២០១៨​របស់​រដ្ឋបាល​ខណ្ឌដូនពេញ ៧,​ឆ្លង​សេចក្តីព្រាង​របាយ​ការ​ណ៍​ស្តីពី​ការអនុវត្ត​ការងារ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៧ របស់​រដ្ឋបាល​ខណ្ឌដូនពេញ​ ៨,​ឆ្លង​សេចក្តីព្រាង​របាយ​ការណ៍​ស្តីពី​ការអនុវត្ត​ការងារ​ប្រចាំឆ្នាំ​២០១៧ របស់​រដ្ឋបាល​ខណ្ឌដូនពេញ​ ៩,​ឆ្លង​សេចក្តីព្រាង​តារាង​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៧ ដែល​បានមកពី​ការផ្តល់សេវា​រដ្ឋបាល​ស​ម្រា​ប់​ឧបត្ថម្ភ​ជូន​មន្ត្រីរាជការ បុគ្គលិក នៃ​រដ្ឋបាល​ខណ្ឌដូនពេញ​

១០,​ការងារ​ផ្សេងៗ​។​និង​ជា​ពិសេស​ទៀត​ការ​រុះរើ​សំណង់​រំលោភ​ចិញ្ចើមផ្លូវ​លេខ ១៤៤​កែង​៥១ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣​និង ​បញ្ហា​សុំ​ចូល​បម្រើ​ជា​មន្ត្រី​កិច្ចសន្យា​រួម​នឹង​បញ្ហា​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​រាត្រី​តែម្តង​៕

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114