ព័ត៍មានទាន់​ហេតុការណ៏
Search

ទទួលមើលក្មេងស្រីអាយុ១០ខែ បាន​៤០ដុល្លារមួយខែ ស្រាប់តែធ្វើឱ្យ​កូនគេរបួស​ប្រដាប់ភេទ​ ត្រូវគេប្ដឹងឡើងតុលាការ

​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី ​ស៊ លី​ណា នៅ​ថ្ងៃទី២៥ ខែ​ធ្នូ ឆ្នាំ​២០១៧នេះ ​បាន​លើក​យក​សំណុំរឿង​បង្ក​របួស​ដោយ​អ​ចេតនា​ លើ​កុមារី​អាយុ​១០​ខែ​ម្នា​ក់ មកបើកសវនាការ​នៅ​ចំពោះមុខ​ជនជាប់ចោទ។

​ជន​ត្រូវ​ចោទ​ឈ្មោះ ថូ ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ ៤៨១ ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ​ជា​អ្នក​ស៊ីឈ្នួល​មើល​កូន​តូចឱ្យគេ។

​ក្នុង​សវនាការ​ជនជាប់ចោទ ​បាន​សារភាពថា ​ខ្លួន​ពិតជា​បានធ្វើឱ្យ​ក្មេងស្រី​រងគ្រោះ ​របួស​ត្រង់​ប្រ​ដាប់​ភេទ​ ដោយ​អ​ចេតនា តែ​នៅពេល​កើតហេតុ​ ​ខ្លួន​មិន​ហ៊ាន​និយាយប្រាប់​ ឪពុកម្ដាយ​ក្មេងស្រី​ភ្លាមៗទេ​ ព្រោះ​ខ្លាច​គេ​ស្ដីបន្ទោស ក្រោយមក​ទើប​នាង​ហ៊ាន​ប្រាប់។

​ជនជាប់ចោទ​បានឱ្យ​ដឹង​ទៀតថា នៅ​ថ្ងៃកើតហេតុ​ ឪពុក​របស់​ក្មេងស្រី​រងគ្រោះ ​បាន​ពរ​កូនស្រី​ឈ្មោះ អែម រចនា អាយុ​១០​ខែ មកឱ្យនាង​មើលថែ ព្រោះ​នាង​បាន​មើលថែ​កូនស្រី​នេះ ​តាំងពី​អាយុ​៣​ខែមកម្ល៉េះ ដោយ​ក្នុង​មួយខែ​ នាង​បានទទួល​ប្រាក់​កម្រៃ​៤០​ដុល្លារ។ លុះ​ពេល​ឪពុក​ក្មេងស្រី​ ចេញទៅធ្វើការ ​ក្មេងស្រី​តូច​នោះ បាន​បត់ជើងធំ ហើយ​នាង​ក៏បាន​យក​ក្មេងស្រី ​ទៅ​បន្ទប់​ទឹក​លាងសម្អាត ​ដោយ​ប្រើ​សាប៊ូ ចៃដន្យ​អី​ពេល​នាង​កំពុងលាង​សម្អាត​ ស្រាប់តែ​ក្មេងស្រី​នោះ បាន​រអិល​សាប៊ូដួល​ បណ្ដាលឱ្យ​ក្រចកដៃ​របស់​នាង ​ដែល​កំពង់​លាង​សម្អាត​គូទ​ក្មេងស្រី​ មុត​ត្រង់​ប្រដាប់ភេទ ហូរឈាម​មិន​ឈប់ រហូតដល់​ម៉ោង​ប្រហែល​ ១០​ព្រឹក​ ទើប​នាង​ទូរស័ព្ទ​ប្រាប់ម្ដាយ​ក្មេងស្រីឱ្យដឹង​ ហើយ​យក​កូន​ទៅ​ពេទ្យ។ រហូតដល់​ថ្ងៃទី២០ កក្កដា​ ឆ្នាំ​២០១៧​ ស្រាប់តែ​ប៉ូលិស​មកចាប់​នាង​តែម្ដង។

​នៅក្នុង​រឿងក្ដី​នេះ ​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ បានទាមទារ​សំណង​ដល់​ទៅ​ ៥​ពាន់​ដុល្លារ ប៉ុន្តែ​នៅក្នុងសវនាការ​ ជនជាប់ចោទ​បាន​ប្រា​ប់​ចៅក្រម​តុលាការ​ថា នាង​មិនមាន​ធនធាន​ ដើម្បីសងជំងឺចិត្ត​ ដល់​ឪពុក​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ទេ។​

​ចៅក្រម​តុលាការ​ បានកំណត់ប្រ​កាស​សាលក្រម​រឿងក្ដី​នេះ ​នៅ​ថ្ងៃទី០៥ ខែមករា ឆ្នាំ​២០១៨ វេលាម៉ោង​ ១៤ ​រសៀល។

​មន្ត្រី​ប៉ូលិស​ស្ទឹងមានជ័យ​បានឱ្យដឹងថា កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ វេលា​ម៉ោង ០៧ និង ០០ នាទី ឈ្មោះ ពៅ សៅ (​ត្រូវជា​ឪពុក​បង្កើត​)​ បាន​យក​កូនស្រី​ឈ្មោះ អែម រចនា អាយុ​០១​ឆ្នាំ ទៅឲ្យ​ជនសង្ស័យ​ឈ្មោះ ថូ ចាន់ណា មើលថែនៅផ្ទះ​៤៨១ ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (​ផ្ទះ​របស់​ជនសង្ស័យ​) ដោយ​គិត​ប្រាក់​ឈ្នួលក្នុង​០១​ខែ ​៤០​ ដុល្លារ លុះ​មកដល់​វេលា​ម៉ោង​ ១០ ​និង ​០០​ នាទី​ ថ្ងៃទី ​១៨-០៧-២០១៧ ស្រាប់តែឈ្មោះ ថូ ចាន់ណា បានទូរស័ព្ទ​ប្រាប់​ឈ្មោះ ស៊ាន រតនា ត្រូវជា​ម្តាយបង្កើត ​កុមារី​រងគ្រោះ​ឈ្មោះ អែម រចនា ឲ្យ​មក​មើលកូនស្រី​ ដែលមាន​ហូរឈាម​ ចេញពីប្រដាប់ភេទ។ ភ្លាមនោះ​ឈ្មោះ ស៊ាន រតនា បានមក​មើល ហើយបញ្ជូនកូនស្រី​ឈ្មោះ អែម រចនា ទៅពិនិត្យ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤ គ្រូពេទ្យ​បានប្រាប់​ទើប​ដឹងថា កុមារី​រងគ្រោះឈ្មោះ អែម រចនា មានរបួស​ដាច់​រលាត់​ប្រដាប់ភេទ។

លុះ​មកដល់​ថ្ងៃទី ​១៩-០៧-២០១៧ វេលា​ម៉ោង​០៨ និង ​០០ នាទី ទើប​ម្តាយ​កុមារី​រងគ្រោះឈ្មោះ ស៊ាន រតនា បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ ឲ្យសមត្ថកិច្ចយើងចាត់ការ​តាមច្បាប់ ភ្លាមនោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ចុះទៅ​នាំខ្លួនជនសង្ស័យ​ឈ្មោះ ថូ ចាន់ណា និង ប្តី​ឈ្មោះ ព្រំ វីរៈ យកមក​សាកសួរ​នៅ​ស្នាក់កាប៉ុស្តិ៍នគរបាល ​​​រដ្ឋបាល​ស្ទឹងមានជ័យ រហូតដល់​វេលាម៉ោង​ ១៧ និង ​៣០​ នាទី​ ថ្ងៃទី​ ១៩-០៧-២០១៧ សម​កិច្ច​យើង​បានសម្រេច​ឃាត់ខ្លួន​ ជនសង្ស័យ​ឈ្មោះ ថូ ចាន់ណា ដើម្បីចាត់ការតាមផ្លូវ​ច្បាប់ ចំណែក​ប្តី​ឈ្មោះ ព្រំ វីរៈ បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ដោយបាន​ការឯកភាពពី​លោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ។

​បច្ចុប្បន្ន​ជន សង្ស័យឈ្មោះ ថូ ចាន់ណា ឃាត់ខ្លួននៅ​អធិការដ្ឋា​ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនមកតុលាការ​ឃុំខ្លួន ​រហូតដល់​ថ្ងៃ​កាត់ទោស​នេះ៕