ព័ត៍មានទាន់​ហេតុការណ៏
Search

TMCC 2017 ៖ ក្រុម​ Sanna Khánh Hòa របស់​វៀតណាម ចាញ់​ក្រុម ​SCG Muangthong របស់​ថៃ​វគ្គផ្ដាច់ព្រ័ត្រ​ជើង​ទី​១

​ក្រុម​ Sanna Khánh Hòa របស់​វៀតណាម ដែល​យកឈ្នះ​ក្រុម​បឹងកេត របស់​កម្ពុជា ក្នុង​វគ្គ​ជម្រុះបឋម ពេលនេះ​បាន​បន្ត​ឡើងទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រហើយ​ ក្រោយ​យកឈ្នះ​ក្រុម​ Lao Toyota FC របស់​ឡាវ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ​នៃ​ពានរង្វាន់​ជើងឯក​ក្លិប​អាជីព​ប្រចាំ​តំបន់​ប្រទេស​ដងទន្លេរ​មេគង្គ Toyota Mekong Club Championship 2017 (TMCC)​។​

​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ ត្រូវបាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​តម្រូវឱ្យ​ក្រុម​ Sanna Khánh Hòa ឡើងទៅប្រកួត​ជាមួយ​ក្រុម SCG Muangthong United របស់​ថៃ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ចំនួន​២​ជើង ហើយជា​លទ្ធផល​ជើង​ទី​១​ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ ថ្មីៗ​លើ​ទីលាន​កីឡដ្ឋាន Hang Day Stadium ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ក្រុម ​Sanna Khánh Hòa បាន​ប្រកួត​ចាញ់​ក្រុម SCG Muangthong United ដោយ​លទ្ធផល ៣​ទល់​១​។ ក្រុម​ទាំង​ពីរ​ត្រូវ​ប្រកួត​គ្នា​ជា​លើក​ទី​២ មួយប្រកួត​ទៀត​មុន​ស្វែង​រកឃើញ​ក្រុម​ជើងឯក​ប្រចាំឆ្នាំ ដោយ​ប្តូរ​ទីលាន​ទៅ​ប្រកួត​នៅ​រាជធានីបាងកក វិញ​វេលា​ម៉ោង​៧​ល្ងាច ​នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន Supachalasai Stadium​។​

​លោក Võ Đình Tân គ្រូបង្វឹក​របស់​ក្រុម ​Sanna Khánh Hòa​ បាន​លើកឡើងថា​ «​ក្រុម​យើង​ពឹង​តែ​លើកីឡាករ Toure តែ​ម្នា​ក់នៅ​តំបន់​ប្រយុទ្ធ ហើយ​ប្រកួត​នេះ​គាត់​ធ្វើ​មិន​បានល្អ​។ ក្រុម​គេ​ជា​ក្រុមខ្លាំង​មួយ​ដែល​ធ្វើឱ្យ​កីឡាករ​របស់​យើង​មាន​បញ្ហា​មួយចំនួន​ពេល​គ្រប់គ្រង​ និង ​បញ្ជូន​បាល់​»​។ ចំណែក​លោក Tochtawan Sripan គ្រូបង្វឹក​របស់​ក្រុម Muangthong United វិញ​បាន​សរសើរ​ពីចំណុចខ្លាំង​របស់​ក្រុម ​Sanna Khánh Hòa​។ លោក​ថា​ «​ក្រុម​យើង​ទើបបាន​ហ្វឹកហាត់​ជុំគ្នា​ប្រមាណជា​៣​ថ្ងៃ​ប៉ុណ្ណោះ មុន​ប្រកួត​នេះ ​ក្រោយ​ឱ្យ​កីឡាករ​សម្រាក​ពេល​ចប់​លី​គ​ក្នុងស្រុក​។ កីឡាករ​បរទេស​ខាងគេ​ល្អ​ជាង​កីឡាករ​របស់​យើង​នៅពេល​លេង​បាល់​ខ្ពស់​»​។

​យ៉ាងហោច​ទឹកប្រាក់​សរុប​ប្រមាណ​ជា​ ១៧៣,០០០ ដុល្លារ​អាមេរិក នឹងត្រូវ​ត្រៀម​រៀបចំ​ពានរង្វាន់ក្លិប​អាជីព​ប្រចាំ​តំបន់​ប្រទេស​ដង​ទន្លេមេគង្គ​នេះ ខណៈ​ក្រុម​ដែល​ឈ្នះ​ជើងឯក​នឹងទទួលបាន​ចំនួន ​៧៥,០០០​ ដុល្លារ​អាមេរិក ​ហើយ​ក្រុម​ជើងឯក​រង​ទទួលបាន​ទឹកប្រាក់​៥​ម៉ឺនដុល្លារ​អាមេរិក ក្រុម​លេខ​៣ បាន​១​ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ​៤ បាន​៥​ពាន់​ដុល្លារ​អាមេរិក ខណៈ​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ (MVP) ទទួលបាន​ ៣ ​ពាន់​ដុល្លារ​អាមេរិក​ផងដែរ​។​

​សូមបញ្ជាក់ថា​ ពានរង្វាន់ TMCC ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​ចំនួន​៤​ក្រុម ដោយ​ក្នុងនោះ​ក្រុម​បឹងកេត​អែហ្វ​ស៊ី តំណាងឱ្យ​លី​គ​កំពូល​កម្ពុជា ក្រុម Sanna Khánh Hòa តំណាង​លី​គ​កំពូល​របស់​វៀតណាម ក្រុម Lao Toyota FC ជា​ជើងឯក​លី​គ​កំពូល​របស់​ប្រទេស​ឡាវ ក្រុម SCG Muangthong United ជាជើងឯក​ពានរង្វាន់ Thia League Cup 2017 របស់​ថៃ​។ ចំណែក​សហព័ន្ធ​កីឡាបាល់ទាត់​មី​យ៉ាន់​ម៉ា សុំ​ដកខ្លួន​មិន​បញ្ជូន​ក្រុម​ចូលរួម​។​

​ពានរង្វាន់ TMCC 2017 វិញ​ រៀបចំឡើង​ពីថ្ងៃ​ទី​៩ ខែធ្នូ ដល់ ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៨ ដោយ​បែង​ចែកជា​៣​វគ្គ​។ ដំណាក់កាល​ជម្រុះ​បឋម​ក្រុម​បឹងកេត របស់​កម្ពុជា ប៉ះ​ក្រុម Sanna Khánh Hòa តែ​ជា​លទ្ធផល​បឹងកេត ចាញ់​ Sanna Khánh Hòa ៩​ទល់​៥​។ ចំណែក​ដំណាក់កាល​ទី​២ គឺ​ក្រុម ​Sanna Khánh Hòa ក្នុងនាម​ជា​ក្រុម​ឈ្នះ​វគ្គ​បឋម​ត្រូវ​ឡើងទៅ​ប៉ះ​ក្រុម Lao Toyota FC ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​បន្ត​ឈ្នះ​២​ទល់​០​។ ចំណែក​ដំណាក់កាល​ទី​៣ ក្រុម​Sanna Khánh Hòa ត្រូវ​ឡើងទៅ​ជួប​ក្រុម ​SCG Muangthong United ជើងឯក​ពានរង្វាន់ 2017 Thia League Cup របស់​ថៃ​ដែល​អង្គុយចាំ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែលមាន​២​លើក ដើម្បី​ដណ្ដើម​ជើងឯក​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114