ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ឱម យ៉ិនទៀង ថា ការប្រឆាំង​អំពើពុករលួយ បើ​ចេះតែ​អនុវត្ត​ចាប់​ដាក់គុក មន្ត្រី​អតីត​បក្សប្រឆាំង​ត្រូវ​ជាប់​ច្រើនជាងគេ

ភ្នំពេញ​ ៖ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លើកឡើង​បែបនេះ នៅក្នុង​សិក្ខាសាលា​មួយ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ ដែល​រៀបចំ​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រយៈពេល​ពេញ​មួយថ្ងៃ ក្រោម​ប្រធានបទ “​អ្នកសារព័ត៌មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​”​។​

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​មាន​ប្រសាសន៍​ថា អំពើពុករលួយ​ជា​បញ្ហា​មួយ​ពិសេស​ជាង​បញ្ហា​ដទៃ មិន​ដូច​ការ​សរសេរ​អត្ថបទ​ព័ត៌មាន​ទេ ពីព្រោះ​វា​ពិបាក​ចាប់​ភស្តុតាង ដោយសារ​តែ​អ្នក​សូក និង​អ្នក​ស៊ី ព្យាយាម​បិទបាំង​បទល្មើស​ទាំងអស់គ្នា ហើយ​ពួកគេ​ក៏​មិនដែល​ផ្សាយ​លើ​ទំព័រ​សារព័ត៌មាន​ថា ថា​ពួកគេ​ពុករលួយ​ដែរ​។ ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​បញ្ហា ដែល​អ្នកកាសែត​ស៊ីលុយ​បរទេស​ខ្លះ ដែល​ចង់​ឲ្យ​លោក​ចាប់​មន្ត្រី ឬ​អ្នកមាន​លុយ មាន​ឡាន​ទំនើបៗ ដែល​ជិះ​តាមផ្លូវ​ផងដែរ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា បើ​គ្រាន់​តែមាន​លុយ មាន​ឡាន​ទំនើប អត់​មាន​បញ្ហា​ពុករលួយ​ទេ ពីព្រោះ​ច្បាប់​គេ​និយាយ​ពី​ការ​មាន​កំណើន​ទ្រព្យ​​​សម្បត្តិ​មិន​ប្រក្រតី​។​

ទាក់ទង​ករណី​នេះដែរ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អះអាងថា មាន​ត្រា​១ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ គឺមាន​គោលបំណង​លើក​កម្ពស់​ប្រសិទ្ធភាព​សេវា​គ្រប់បែបយ៉ាង​ពង្រឹង​អភិបាលកិច្ច និង​នីតិរដ្ឋ​នៅក្នុង​ការដឹកនាំ និង​ការគ្រប់គ្រង​រដ្ឋ ព្រមទាំង​ការ​រក្សា​ភាព​ស្អាតស្អំ និង​យុត្តិធម៌ ដែលជា​មូលដ្ឋាន​ចាំបាច់​ក្នុង​ការវិវត្ត​សង្គមជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​។ ចំណែក​មាត្រា​២ បាន​បញ្ជាក់​ថា ច្បាប់​នេះ​មាន​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​តាមរយៈ​ការ​ចាត់វិធានការ​អប់រំ បង្ការ ទប់ស្កាត់ និង​អនុវត្ត​ច្បាប់​បង្ក្រាប​បទល្មើស​ពុក​រលួយ ហើយ​ដោយ​មានការ​ចូល​រួម និង​គាំទ្រ​ពី​មហាជន និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​នៅ​មាត្រា​៣ ចែងថា ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​អំពើពុករលួយ​គ្រប់​រូបភាព​គ្រប់​វិស័យ និង​គ្រប់​ជាន់ថ្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្រព្រឹត្តិ ក្រោយ​ពេល​ដែល​ច្បាប់​នេះ​មាន​អានុភាព​អនុវត្ត​។​

និយាយ​ដល់​ចំណុច​នេះ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អះអាងថា ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើពុករលួយ​នេះ បើ​ចេះតែ​អនុវត្ត​លើ​បក្សប្រឆាំង ដូច​មតិ​មួយចំនួន​លើកឡើង​នោះ គឺ​មន្ត្រី​អតីត​គណបក្ស​​​សង្គ្រោះ​ជាតិ ជាប់គុក​ច្រើនជាងគេ ប៉ុន្តែ​ដោយយោង​លើ​មាត្រា​ទី​១​នៃ​ច្បាប់​នេះ អង្គ​ភាពមិន​ចេះតែធ្វើ​ទេ សុខចិត្ត​រំលឹក​​​ច្រើនជាង​។

ប្រធាន​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​មួយ​នេះ​អះអាង​ដែរ​ថា ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​នេះ បើ​យក​ទៅអនុវត្ត​នៅ​អាមេរិក​នោះ តំណាងរាស្ដ្រ​អាមេរិក​ជាប់ទោស​គ្មាន​សល់​ទេ​។

លោក​បន្តថា នៅ​ប្រទេស​ណា​ក៏មាន​អំពើពុករលួយ​ដែរ ប៉ុន្តែ​នៅ​សហរដ្ឋអាមេរិក មាន​អំពើពុករលួយ​ខ្លាំង​ជាង​ប្រទេស​កម្ពុជា​ទៅទៀត​។​

ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បញ្ជាក់ថា អំពើពុករលួយ​នៅ​ប្រទេស​ណា​ក៏មានដែរ នៅ​អាមេរិក​ក៏​ធ្ងន់ធ្ងរ​ជាង​កម្ពុជា​ទៀត លោក​ជួប​ព្រះរាជអាជ្ញា​របស់​អាមេរិក គេ​បាន​និយាយថា ប្រទេស​ខ្មែរ​ស្រួល​ណាស់ ហើយ​បើ​និយាយ​រឿង​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​ខ្មែរ ប្រសិន​យកទៅអនុវត្ត​នៅ​អាមេរិក​វិញ តំណាងរាស្ដ្រ​ជាប់ទោស​គ្មាន​សល់​មួយ​ទេ ព្រោះ​ប្រទេស​នោះ រដ្ឋសភា​មានអំណាច​ខ្លាំង​។ ទោះជា​យ៉ាងណា​លោក​ទេសរដ្ឋមន្ត្រី​អះអាងថា អង្គការសហប្រជាជាតិ មិន​ឲ្យ​ដាក់ពិន្ទុ​រឿង​អំពើពុករលួយ​នេះ​ទេ ព្រោះ​ការដាក់​ពិន្ទុ​ធ្វើ​ឲ្យ​ប្រទេស និង​ប្រទេស​ប្រឈមមុខ​ដាក់គ្នា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114