ព័ត៍មានទាន់​ហេតុការណ៏
Search

ប៊ែ​ល​ធី គ្រុប រៀបចំ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ សម្រាប់​ឆ្នាំ​២០១៨

ភ្នំពេញ ​៖​ ប៊ែ​ល​ធី គ្រុប បានរៀបចំ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់ អនុវត្ត​ឆ្នាំ​២០១៨ ដែលមាន​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង​លោកគ្រូ​-​អ្នកគ្រូ ចូលរួម​ចំនួន ២.១៨៧​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រោម​អធិបតីភាព លោក លី ឆេង អគ្គនាយក​ប៊ែ​ល​ធី គ្រុប និង​លោកស្រី កាលពី​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧។

លោក លី ប៊ុនឆៃ អគ្គនាយករង​ប៊ែ​ល​ធី គ្រុប បាន​មានប្រសាសន៍ថា ប៊ែ​ល​ធី គ្រុប មាន​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង​លោកគ្រូ​-​អ្នកគ្រូ​បម្រើការ ២.១៨៧​នាក់ មាន​សិស្ស​-​និស្សិត​កំពុង​សិក្សា ៣៧.៦៩៨​នាក់ និង​មាន ២១​ទីតាំង ក្នុងនោះ ១៨​ទីតាំង​កំពុងដំណើរការ ០៣​ទីតាំង​កំពុង​សាងសង់ និង​០១​ទីតាំង​ជា​សាកលវិទ្យាល័យ​។ លោក​បាន​បន្ថែមថា ប៊ែ​ល​ធី គ្រុប មាន​បម្រើ​សេវាកម្ម ០៣​ធំៗ​ដូចជា​៖ I. ប៊ែ​ល​ធី​សំណង់ II. ប៊ែ​ល​ធី​ទេសចរណ៍ និង​III. ប៊ែ​ល​ធី​អប់រំ ហើយ​ក្នុង​ឆ្នាំ​២០១៧​នេះ ប៊ែ​ល​ធី សម្រេចបាន​នូវ​សមិទ្ធផល​ដូចជា​៖
I. ប៊ែ​ល​ធី​សំណង់ បាន​សាងសង់​អគារ​ប៊ែ​ល​ធី​ទី​១៨ និង​កំពុង​សាងសង់​អគារ​ប៊ែ​ល​ធី​ទី​១៩ ទី​២០ និង​ទី​២១​។​
II. ប៊ែ​ល​ធី​ទេសចរណ៍ បានទទួល​ភ្ញៀវទេសច​រណ៍ ៨.៤៥១​នាក់ ក្នុងនោះ ក្នុងប្រទេស ៧.៧១៥​នាក់ និង​ក្រៅប្រទេស ៧៣៦​នាក់ ព្រមទាំង​មាន​រថយន្ត​ទំនើបៗ ០៨​គ្រឿង​សម្រាប់​ដឹក​ភ្ញៀវ​ផងដែរ​។​
III.​សាលា ប៊ែ​ល​ធី អន្តរជាតិ សិស្ស​បញ្ចប់​ការសិក្សា ២២.០៥៥​នាក់ ក្នុង​នោះបាន​ចែកចេញជា​៖
– សិស្ស​ចំណេះ​ទូទៅ (​ថ្នាក់​ទី​១២) ចំនួន ៨.៣៤២​នាក់ ជាប់ ៧.២៧៨​នាក់ ស្មើ ៨៧,២៥% និង និទ្ទេស​A ចំនួន ៥២​នាក់​
– សិស្ស​ភាសា​អង់គ្លេស​កម្រិត​ទី​១២ (Level 12) ចំនួន​៥.៤៧៣​នាក់
– សិស្ស​វគ្គ​ខ្លី​កុំព្យូទ័រ ចំនួន​៧.៦២៨​នាក់
– សិស្ស​ប្រឡង​តេស្ត​អន្តរជាតិ ចំនួន ៦១២​នាក់
​សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ដែល​រក្សាបាន ជើងឯក​លេខ​១ និង​លេខ​២ ទូទាំងប្រទេស​ជាប់ៗ​គ្នា​រយៈពេល ០៣​ឆ្នាំ​ចុង​ក្រោយនេះ​៖
១-​ឆ្នាំ​២០១៧​នេះ សិស្ស ស គីម​ស៊ា ប្រឡង​ជាប់ និទ្ទេស A លេខ​១ ទូទាំងប្រទេស លំដាប់​ពិន្ទុ ១០០.០០០
២-​ឆ្នាំ​២០១៦ សិស្ស កាំ​ង ស៊ី​ញ​លី ប្រឡង​ជាប់ និទ្ទេស A លេខ​១ ទូទាំងប្រទេស លំដាប់​ពិន្ទុ ១០០.០០០
៣-​ឆ្នាំ​២០១៥ សិស្ស សេង ហ្គេ​ចលី ប្រឡង​ជាប់ និទ្ទេស A លេខ​២ ទូទាំងប្រទេស លំដាប់​ពិន្ទុ ៩៩.៩៩៩
​សិស្ស​ពូកែ​ថ្នាក់​ទី​៩ និង​ទី​១២ មាន ៤៤​នាក់ ក្នុងនោះ ទូទាំងប្រទេស ១៧​នាក់ និង​ទូទាំង​រាជធានី ២៧​នាក់​
IV.​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ និស្សិត​បញ្ចប់​ការសិក្សា ១.៤៦៨​នាក់ ក្នុងនោះ ថ្នាក់​គរុកោសល្យ ៣៦៤​នាក់ ថ្នាក់​បរិញ្ញាបត្រ ៩៩៥​នាក់ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ១០៩​នាក់​។​
V.​ប៊ែ​ល​ធី ទំនាក់ទំនង អន្តរជាតិ បញ្ជូន​សិស្ស​-​និស្សិត​ទៅ​ក្រៅប្រទេស ចំនួន ៥៦៩​នាក់ ក្នុងនោះ សិស្ស​-​និស្សិត​អាហារូបករណ៍​ឧកញ៉ា លី ឆេង ៨៤​នាក់ សិស្ស​-​និស្សិត​បង់ថ្លៃ ២៣​នាក់ និង​សិស្ស​-​និស្សិត ធ្វើ​ទស្សនកិច្ច​សិក្សា ៤៦៨​នាក់​។​

ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨
​ឆ្នាំ​២០១៨​នេះ ប៊ែ​ល​ធី​គ្រុប បានសម្រេច​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ រួមមាន​៖
១-​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់ផ្នែក ដែលមាន​ស្រាប់​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​
២-​ពង្រឹង​កម្មវិធីសិក្សា​ប​ន្ថែ​ម ទាំង​ផ្នែក​ចំណេះ​ទូទៅ និង​ផ្នែក​ភាសា​អង់គ្លេស​
៣-​បន្ត​សាងសង់​អគារសិក្សា​ប៊ែ​ល​ធី ស្របតាម​តម្រូវការ​របស់​សិស្ស​
៤-​ផ្តល់ជូន​ប័ណ្ណធានា​រ៉ាប់រង​គ្រោះថ្នាក់​បុគ្គល​ជូន​ដល់​សិស្ស​ថ្នាក់​ទី​៩ ទី​១០ ទី​១១ និង​ទី​១២ បន្ថែមទៀត​
៥-​ផ្តល់ជូន​ប័ណ្ណធានា​រ៉ាប់រង​ជូន​ដល់​បុគ្គលិក​ប៊ែ​ល​ធី​ទាំងអស់ ដើម្បី​ទទួលបាន​ការព្យាបាល និង​ការថែទាំ​សុខភាព​
៦-​ពង្រឹងគុណភាព​សិស្ស​ថ្នាក់​ទី​១២ ឲ្យ​បាន​ប្រឡង​ជាប់​សិស្ស ពូកែ​រាជធានី ទូទាំងប្រទេស និទ្ទេស​A និង ជាប់​សញ្ញាបត្រ​បាក់​ឌុប​ឲ្យ​បាន​៨៥%-៩៥%​ឡើងទៅ ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​
៧-​ពង្រឹង​កម្មវិធីសិក្សា​ជា ភាសាជាតិ ដោយ​បន្ថែម​ភាសា​អង់គ្លេស និង​កុំព្យូទ័រ​រយៈពេល​១​ឆ្នាំ​
៨¬-​ពង្រឹង​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត ក​ម្រឹត​អន្តរជាតិ អោយ​កាន់តែ​ល្អប្រសើរ​ថែមទៀត​
៩-​ជម្រុញ​ការរៀបចំ សិក្ខាសាលា ដោយ​អញ្ជើញ​វាគ្មិន​ជាតិ និង​អន្តរជាតិ មក​ចែករំលែក​បទពិសោធន៍​ដល់​និស្សិត​
១០-​ពង្រឹង​សេវាកម្ម​បញ្ជូន​សិស្ស​-​និស្សិត​ទៅ​សិក្សា​នៅឯ​ក្រៅប្រទេស​ឲ្យ​បាន​កាន់តែច្រើន​
១១-​បើក​វគ្គ​ហ្វឹកហាត់​ជំនាញ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​
១២-​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លទ្ធផល​ការងារ​តាម​ផ្នែក​នីមួយៗ​
១៣-​ពង្រីក​គោលដៅ​ទេសចរណ៍​ក្រៅប្រទេស​សំខាន់ៗ​បន្ថែមទៀត តាម​តម្រូវការ​របស់​អតិថិជន​
​ក្នុងឱកាស​នោះ លោក លី ឆេង អគ្គនាយក​ប៊ែ​ល​ធី គ្រុប បាន​ថ្លែង​កោតសរសើរ​ចំពោះ គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង​លោកគ្រូ​-​អ្នកគ្រូ​ទាំង​អស់នៃ​ប៊ែ​ល​ធី​គ្រុប ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​តាម​តួនាទី​រៀងៗ​ខ្លួន ដោយ​អនុវត្តបាន​តាម​គោលការណ៍ និងសេចក្តីសម្រេច​នានា​របស់​ថ្នាក់លើ​ដែល​បានដាក់ចុះ និង​អនុវត្តបាន​យ៉ាង​ហ្មត់ចត់​នូវ​បទបញ្ជាផ្ទៃក្នុង និង​លិខិតបទដ្ឋាន​ផ្សេងៗ ព្រមទាំង​រក្សាបាន​នូវ​វិន័យ និង​សេចក្តីថ្លៃថ្នូរ​គួរ​ជាទី​មោទនៈ​ក្រៃលែង​។
​ជាទី​បញ្ចប់ ឯកឧត្តម​ប្រធាន​គណៈអធិបតី និង​លោកជំទាវ បានប្រគល់​លិខិត​តែងតាំង​ជូន​ដល់​ថ្នាក់ដឹកនាំ​នៃ​ប៊ែ​ល​ធី​គ្រុប និង​ប្រគល់ ពានរង្វាន់​ការងារ ប័ណ្ណ​អាហារូបករណ៍ ១០០% និង​រង្វាន់​លើកទឹកចិត្ត​ជូន​ដល់​បុគ្គលិក​បម្រើ​ការងារ ១០​ឆ្នាំ​ចំនួន ៧២​នាក់ នាពេលនោះ​ផងដែរ៕

 

\



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114