ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះសង្ឃ​ និង ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាលដំរី​ ទទួល​បាន​ផ្លូវលំ​មួយ​ខ្សែជា​ព្រះរាជ​អំណោយ សម្តេច​ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា

កំពង់ឆ្នាំង ​៖ ​ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ និង ​ព្រះ​សង្ឃ​គង់​ក្នុង​វត្តអាត់​ទ្វារ​លើ ​ហៅ​វត្ត​ស្តុក​អាត់ បាន​សម្តែង​ទឹកចិត្ត​រំភើប​រីករាយ​យ៉ាងខ្លាំង ព្រោះតែ​បានទទួល​ផ្លូវលំមួយ​ខ្សែ​មាន​ប្រវែង ​២ ​គីឡូម៉ែត្រ​ ដែលជា​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​កូនចៅ​របស់​ព្រះអង្គ ដែល​កំពុង​ជួប​ការ​លំបាក​ក្នុងការ​ធ្វើដំណើរ​កន្លង​មក។

ព្រះគ្រូ​ចៅអធិការ​វត្ត​អាត់​ទ្វារ​លើ ហៅ​វត្ត​ស្តុក​អាត់ ព្រះនាម ខាត់ មុនី មាន​ថេរដីកា​ថា ផ្លូវ​​​លំមួយខ្សែនេះ ​បាន​បែក​ចេញពី​ផ្លូវជាតិ​លេខ​៥ ដែល​មាន​ប្រវែង​ជាង​២​គីឡូម៉ែត្រ សំដៅ​មក​ចំ​មុខ​វត្តស្តុក​អាត់ ហើយ​បាន​បត់​ចេញ​សំដៅ​ទៅរក​ផ្លូវកា​ត់ទៅ​ឃុំ​អ​ញ្ចញ​រូង កាលដើមឡើយផ្លូវ​មួយ​ខ្សែនេះបាន​ជួប​ការលំបាក​ខ្លាំងណាស់ ព្រោះតែ​គ្មាន​ការជួសជុល​តាំងពីដើម​មក។ ចំណែក​ពុទ្ធបរិស័ទ​ ដែល​ចង់​ចូលមក​កាន់​វត្ត​អារាម​យ៉ាង​កម្សត់​មួយ​នេះ ក៏​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​ចូលមក​ធ្វើ​បុណ្យទាន និង​ ចូលរួម​កសាង​វត្ត​នេះដែរ ដែល​ធ្វើឱ្យ​វត្ត​ចេះតែ​បាត់បង់​សប្បុរសជន ក៏​ដូចជា​អ្នក​ចង់​ជួយ​កសាង​វត្ត​នេះ​ផង​ដែរ។

ពេល​ទត​ឃើញ​ការលំបាក​ខាងលើនេះ ព្រះមហាក្សត្រ​ទ្រង់​សព្វព្រះរាជហឫទ័យ​ជួយ​កសាង​ផ្លូវ​មួយខ្សែ​នេះ​ ធ្វើឱ្យ​ព្រះអង្គ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឃុំ​ទាំងអស់​មានទឹក​ចិត្ត​សប្បាយ​រីករាយ​យ៉ាងខ្លាំង ក្នុងនាម​ព្រះអង្គ​ជា​ចៅអធិការ​វត្ត ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្នុងភូមិឃុំក្នុងស្រុកបរិបូណ៌ សូម​ថ្លែងសេចក្តី​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះ​​ករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា និង​ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជមាតា​ជាតិខ្មែរ ដែល​សម្តេច​ទាំង​ទ្វេ​​ព្រះរាជ​ប្រទាន​កសាង​ផ្លូវលំ​មួយ​ខ្សែជូន​កូនចៅរបស់​ព្រះអង្គ​កំពុង​ជួប​ការលំបាក​នេះ។

ប្រជាពលរដ្ឋ​ ជា​កូន​ ជា​ចៅ ចៅទួត របស់​ព្រះអង្គ សូម​ក្រាបបង្គំ​ទូល​ថ្វាយព្រះពរ ព្រះអង្គ​មាន​ជន្មាយុយឺនយូរ ប្រកបដោយ​ព្រះរាជសុខភាពល្អ​បរិបូណ៌ ព្រះ​កាយពល​មាំមួន ដើម្បី​គង់​ជា​ម្លប់​យ៉ាងត្រជាក់​ដល់​ប្រជានុរាស្ត្ររបស់​ព្រះ​អង្គជា​និរន្ត​តទៅ​។

ក្រុមការងារ​កសាង​ផ្លូវ​របស់​សម្តេចឪ បាន​និយាយ​ឱ្យដឹងថា​ ផ្លូវលំ​ក្រួស​ក្រហម​មួយ​ខ្សែ​នេះ​មានប្រវែង ​២​ គីឡូម៉ែត្រ ដោយ​កំពុង​កសាង​ចាក់ដី​ឱ្យ​ខ្ពស់ ធ្វើ​ចេញពី​ថ្នល់ជាតិ​លេខ​៥ ចូលដល់​មុខវត្ត​ស្តុក​អាត់ រួច​កាត់​ឡើងទៅ​ផ្លូវ​ក្នុង​ឃុំ​អ​ញ្ច​ញ​រូង ស្រុក​បរិបូណ៌ ដែល​ពេលនេះ​បាន​និង​កំពុងកសាង​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៧ ហើយ​បានធ្វើ​ជាប់​រហូត​ និង​ អាច​រួចរាល់​ជា​ស្ថាពរ​នៅ​អំឡុងចុងខែ​ក្រោយនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114