ព័ត៍មានទាន់​ហេតុការណ៏
Search

បន្ទាប់ពី​ប្រហារជីវិត​មាន់​ជល់​៩២​ក្បាល​ តុលាការ​សម្រេច​បិទ​ការ​ស៊ើបសួរ​បញ្ជូន​រឿងក្ដី​មាន់​ជល់​ ទៅ​កាត់ទោស

ភ្នំពេញ ​៖ ​សំណុំរឿង​ក្ដី​សង្វៀន​មាន់​ជល់​នៅ​ឃុំ​អរិយក្សត្រ ខេត្ត​កណ្ដាល ​ដែល​ធ្វើ​ឲ្យ​តុលាការ​ខេត្ត​មួយ​នេះ​ល្បី​ ដោយសារ​ដីកា​សម្រេច​ធ្វើឃាត​មាន់​ជល់​ចំនួន​៩២​ក្បាល​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​ប្រភព​ច្បាស់​ការ​មួយ​បញ្ជាក់​ថា លោក​ចៅក្រម​ស៊ើបសួរ​ បាន​បិទ​ការ​ស៊ើបសួរ​រួច ហើយ​នឹង​បញ្ជូន​ទៅ​ជំនុំជម្រះ​ឆាប់ៗ​នេះ។

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​ខេត្ត​កណ្ដាល​បាន​ឲ្យ​ដឹង​ថា លោក​ហុក វ៉ាន់​ធី​ណា​ ប្រធាន​សាលាដំបូង​ខេត្ត​កណ្ដាល ដែល​ជា​ចៅក្រម​ស៊ើបសួរ​នៅ​ក្នុង​សំណុំរឿង​សង្វៀន​ជល់​មាន់​នៅ​ក្នុង​ឃុំ​អរិយក្សត្រ បាន​សម្រេច​បិទ​ការ​ស៊ើបសួរ​ និង​បញ្ជូន​សំណុំរឿង​របស់​ឈ្មោះ ថៃ ផានី ហៅ​ម៉ាប់​អូស្ត្រាលី មក​ចៅក្រម​ជំនុំជម្រះ​ដើម្បី​ចាត់ការ​បន្ត។

ជន​ត្រូវ​ចោទ​ឈ្មោះ​ថៃ ផានី ហៅ​ម៉ាប់​អូស្ត្រាលី ​ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល​កាលពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោម​ការចោទប្រកាន់​ពី​បទ បើក​លេងល្បែង​ស៊ី​សង​ខុសច្បាប់ តាម​មាត្រា​៥ ច្បាប់​ស្តីពី​ការ​បង្ក្រាប​ល្បែងស៊ីសង។

បទចោទប្រកាន់​នេះ​ បាន​កំណត់​ឲ្យ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិនិត្យ​ជា​ប្រាក់​ពី​៥​លាន​រៀល ​ទៅ​២០​លាន​រៀល។

សូម​បញ្ជាក់​ថា ​សង្វៀន​ជល់​មាន់​នៅ​ឃុំ​អរិយ​ក្សត្រ ខេត្ត​កណ្ដាល​ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ កាលពី​ថ្ងៃ​ទី​០៤​ ខែ​ធ្នូ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ ដោយ​មាន​ការ​ឃាត់​អ្នក​ញៀន​ល្បែង​ជល់​មាន់​ជាង​១០០​នាក់ ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​មួយ​ចំនួន​នៅសល់​៦១​នាក់​រួម​ទាំង​ឈ្មោះ​ថៃ ផានី។ នៅ​ថ្ងៃ​ទី​០៥ ខែ​​ធ្នូ​ចៅក្រម​តុលាការ​ខេត្ត​កណ្ដាល​ បាន​ជំនុំ​​ជម្រះ​ផ្ទាល់​អ្នក​ញៀន​ល្បែង​មាន់​ជល់​ចំនួន​៦០​នាក់ ​ដោយ​ផ្ដន្ទាទោស​១​ខែ តែ​ទោស​នេះ​ត្រូវ​ព្យួរ ហើយ​ពួកគេ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ លើកលែង​តែ​ឈ្មោះ​ថៃ ផានី ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល​ដើម្បី​បើក​ការ​ស៊ើប​អង្កេត។

ចំណែក​រថយន្ត​ទំនើបៗ និង​ម៉ូតូ​រាប់​រយ​គ្រឿង​ ដែល​បាន​ជាប់ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្រូវ​បាន​គេ​រត់ការ​យកចេញ​វិញ​ជិត​អស់​ហើយ ដោយ​ម្ចាស់​យានយន្ត​នីមួយៗ​ លះបង់​លាភសក្ការៈ​មិន​តិចតួច​ទេ ​ដើម្បី​រំដោះ​យានយន្ត​ទាំង​នោះ។

បន្ទាប់មក​កាលពី​ពេល​ថ្មីៗ​នេះ ចៅក្រម​សាលាដំបូង​ខេត្ត​កណ្ដាល​ បាន​ចេញ​ដីកា​សម្រេច​ឲ្យ​សមត្ថកិច្ច​ខេត្ត​កណ្ដាល​ប្រហារ​ជីវិត​ពូជ​មាន់​ជល់​ចំនួន​៩២​ក្បាល​ ដែល​រឹបអូស​ពី​សង្វៀន​ជល់​មាន់​នោះ។ ការសម្រេច​ប្រល័យ​ពូជ​មាន់​ជល់​៩២​ក្បាល​នោះ​ បាន​ធ្វើឲ្យ​ចៅក្រម​តុលាការ​ខេត្ត​កណ្ដាល​រង​ការ​រិះគន់​មិន​តិច​ទេពី​ស្រទាប់​មហាជន​នានា៕