ព័ត៍មានទាន់​ហេតុការណ៏
Search

សេចក្តីព្រាង​វិសោធនកម្ម រដ្ឋធម្មនុញ្ញ “ដាក់ទោស​” អ្នក​ប្រមាថព្រះមហាក្សត្រ «​សម​ហេតុផល​»​បំផុត​

​យោងតាម​សេចក្តីរាយការណ៍ ​របស់​ទូរទស្សន៍​ប៊ី​ប៊ី​ស៊ី​ (BBC)​ របស់​អង់គ្លេស ចេញផ្សាយ​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៧ ​បានឱ្យដឹងថា បុរស​ជនជាតិ​ថៃ​ម្នាក់​ ត្រូវបាន​តុលាការ​ថៃ​កាត់ទោស​ ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​៧០​ឆ្នាំ ​ពីបទ​ប្រើពាក្យ​ប្រមាថ​ដល់​ព្រះមហាក្សត្រ​ថៃ​។ ប៉ុន្តែ ការដាក់ទោស​នេះ​ ត្រូវបាន​កាត់បន្ថយ​មក​ត្រឹម​៣៥​ឆ្នាំ​វិញ បន្ទាប់ពី​បុរស​រូប​នោះ បាន​សារភាព​ទោសកំហុស​របស់ខ្លួន​។​​

ទូរទស្សន៍​ប៊ី​ប៊ី​ស៊ី​ក៏បាន​រាយការណ៍​ថា នៅ​ខែសីហា​ឆ្នាំ​២០១៥ ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​ជនជាតិ​ថៃ​ អាយុ​៤៨​ឆ្នាំ​ម្នាក់​ ក៏​ត្រូវបាន​តុលាការ​ទីក្រុង​បាងកក​ កាត់ទោស​ឱ្យ​ជាប់ពន្ធ​នា​ ចំនួន​៦០​ឆ្នាំ​ដែរ ដោយ​សារបាន​បង្ហោះ​សារ ​តាម​ហ្វេ​ស​ប៊ុ​ក​ប្រមាថ​ដល់​រាជានិយម​ថៃ​។ ប៉ុន្តែ ដូច​ករណី​បុរស​ថៃ​ខាងលើ​ដែរ ទោស​នេះ​ត្រូវបាន​កាត់បន្ថយ​ពាក់កណ្តាល ​មក​ត្រឹម​៣០​ឆ្នាំ នៅពេលដែល​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​រូប​នោះ បាន​សារភាព​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។​​

នៅ​ខែសីហា​ឆ្នាំ​២០១៥​នេះដែរ តុលាការ​នៅ​ទីក្រុង​ឈាង​ម៉ៃ​ ភាគ​ខាងជើង​ប្រទេស​ថៃ ក៏បាន​កាត់ទោស​ឱ្យ​ស្ត្រី​ជនជាតិ​ថៃ​ អាយុ​២៩​ឆ្នាំ​ម្នាក់​ ជាប់ពន្ធនាគារ​ចំនួន​៥៦​ឆ្នាំ ដោយសារ​ប្រមាថ​ដល់​រាជានិយម​ តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ដូចគ្នា​ដែរ​។ ប៉ុន្តែ ទោស​នេះ​ត្រូវបាន​កាត់បន្ថយ ​មក​ត្រឹម​ពាក់កណ្តាល​វិញ បន្ទាប់ពី​ស្ត្រី​រូប​នោះ បាន​សារភាព​កំហុស​របស់​នាង​។​​

ជាការ​ពិតណាស់ ការ​មាក់ងាយ និង​ប្រមាថ​ដល់​ព្រះមហាក្សត្រ និង​រាជានិយម ជា​ទោស​ធ្ងន់ធ្ងរ​បំផុត​នៅ​ប្រទេស​ថៃ ហើយ​សូម្បីតែ​ការប្រមាថ​ ដល់​សុនខ​(​ឆ្កែ​)​របស់​ព្រះមហាក្សត្រ ​ក៏មាន​ទោស​ដែរ​។​​

​តាមពិត មាត្រា​នៃ​ច្បាប់​ហាមប្រាម​ ការប្រមាថ​ចំពោះ​ព្រះមហាក្សត្រ និង​រាជានិយម​នៅ​ប្រទេស​ថៃ ​ត្រូវបាន​គេ​ដាក់បញ្ចូល​ក្នុង​ក្រមព្រហ្មទណ្ឌ​ថៃ​ ចាប់តាំងពី​ឆ្នាំ​១៩០៨​មក​ម្លេះ ដោយ​មិនមាន​ការផ្លាស់ប្តូរ​ឡើយ​។ មិនតែប៉ុណ្ណោះ ច្បាប់​នេះ​ត្រូវបានធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ​១៩៧៦ ដោយ​បន្ថែម​នូវ​ការដាក់ទោសទណ្ឌ ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ចំពោះ​អ្នក​ប្រមាថ​ដល់​ព្រះមហាក្សត្រ  និង​រាជានិយម​នោះ​។​

​នៅ​ចម្ងាយ​ប្រមាណ ​៧៦៤​គីឡូម៉ែត្រ​ពី​ប្រទេស​ថៃ នៅ​ប្រទេស​កម្ពុជា​ឯណេះ​វិញ ព្រះមហាក្សត្រ​ខ្មែរ ក៏ដូចជា​រាជានិយម ហាក់ដូចជា ​បានទទួល​រង​នូវ​ការ​បំពារ​បំ​បៀ​ន​ជារឿយៗ ទោះបីជា​ទង្វើ​ទាំងនេះ​ ខុសច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្តី​។​
​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បានអនុម័ត ​ដោយ​រដ្ឋសភាជាតិ​នៅ​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​១៩៩៣ ក៏មាន​ចែង​អំពី​ការហាម​ប្រាម​ ចំពោះ​ការ​បៀតបៀន​ចំពោះ​ព្រះមហាក្សត្រ​ផងដែរ​។​

(រូបភាព៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី)

​មាត្រា​៧ ជំពូក​២ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា​៖ «​ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​គ្រង​រាជសម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់អំណាច​ឡើយ​។ ព្រះមហាក្សត្រ ជា​ព្រះប្រមុខរដ្ឋ​មួយជីវិត​។ អង្គ​ព្រះមហាក្សត្រ មិនអាច​នរណា​រំលោភបំពាន​បានឡើយ​។​»

​ចំណែក​មាត្រា​៨ ជំពូក​២ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា​៖ «​ព្រះមហាក្សត្រ​ទ្រង់​ជា​និមិត្តរូប​ នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ​។ ព្រះមហាក្សត្រ ទ្រង់​ជា​អ្នកធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នកធានា​ការគោរព​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការគោរព​សន្ធិសញ្ញា​អន្តរជាតិ​។​»

​ជាការ​ពិតណាស់ ច្បាប់រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​ជាតិ ពិតជា​ចាត់ទុក​ព្រះមហាក្សត្រ ​ជា​ព្រះមហា​បុរស​រដ្ឋ​មួយអង្គ​ដែល​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ ចាំបាច់​ត្រូវគោរព និង​ទ្រទ្រង់ អនុលោម​ទៅតាម​បាវ​នា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​ចែងថា​៖ «​ជាតិ សាសនា ព្រះមហាក្សត្រ​» និង​ដូច​ដែលមាន​ពណ៌នា​ យ៉ាង​ក្បោះក្បាយ​នៅក្នុង​បទ​ចម្រៀង​គោរព​ទង់ជាតិ​ខ្មែរ​។​

​ជា​អកុសល យើង​សង្កេតឃើញថា​ ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន រហូតដល់​អ្នកនយោបាយ​ខ្លះ ​ហ៊ាន​ប្រើពាក្យ​ប្រមាថ និង​មាក់ងាយ​ដល់​ព្រះមហាក្សត្រ និង​រាជានិយម​ខ្មែរ ​ជា​សាធារណៈ​ទៀតផង ដោយ​ហាក់ដូចជា​គ្មាន​នរណាម្នាក់ ​ត្រូវបាន​តុលា​ការដាក់ទោសទណ្ឌ​ ដូច​នៅ​ប្រទេស​ថៃ​នោះឡើយ​។​

(រូបភាព៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី)

​ទោះបីជា​យ៉ាងណា ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ ការប្រមាថ និង​មាក់ងាយ​មកលើ​ព្រះមហាក្សត្រ និង​រាជានិយម ​នៅក្នុង​ប្រទេស​កម្ពុជា​ អាច​ក្លាយទៅជា​រឿង​អតីតកាល​។​

​យោងតាម​សេចក្តីរាយការណ៍​របស់​កាសែត​កម្ពុ​ជាថ្មី ចេញផ្សាយ​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៨​នេះ​ បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​ កំពុង​រៀបចំ​សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ដាក់ទោស​ទណ្ឌ​ចំពោះ​ «​ជន​ណា​ដែល​ប្រើ​ពាក្យសម្តី ​ទ្រគោះបោះបោក​ មកលើ​ព្រះមហាក្សត្រ​។​»

​កាសែត​កម្ពុ​ជាថ្មី ​សូម​ធ្វើការ​គាំទ្រ​ពេញទំហឹង ​ចំពោះ​សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​នឹង​ដាក់ទោស​​ ចំពោះ​អ្នក​ប្រមាថ និង​មាក់ងាយ​មកលើ​ព្រះមហាក្សត្រ និង​រាជានិយម​ខ្មែរ ដែល​កំពុង​រៀបចំ​ដោយ ​រាជរដ្ឋាភិបាល​កម្ពុជា​នៅពេលនេះ​។​
​ម្យ៉ាងវិញទៀត ទោះបីជា​វិសោធនកម្ម ​រដ្ឋធម្មនុញ្ញ​ខ្មែរ ប្រហែលជា​មិន​ដាក់ទោស​ទណ្ឌ ​ចំពោះ​អ្នក​ប្រើ ​«​សម្តី​ទ្រគោះបោះបោក​មកលើ​ព្រះ​ម​ហ​ក្សត្រ​» ​ធ្ងន់ធ្ងរ ​ដូច​នៅ​ប្រទេស​ថៃ​ក្តី ការធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​នេះ ​ជា​រឿង​សម​ហេតុផល និង​ចាំបាច់​បំផុត ដើម្បី​ការពារ​កិត្តិយស​របស់​ព្រះមហាក្សត្រ និង​ដើម្បី​លើកស្ទួយ​មុខមាត់​ របស់​កម្ពុជា​ដែល​ប្រទេសមួយ​ ប្រកាន់យក​ «​រាជានិយម​ អាស្រ័យ​រដ្ឋធម្មនុញ្ញ​»​នោះ​។​

​ជាការ​ពិតណាស់ ការគោរព​ព្រះមហាក្សត្រ​ មិន​គ្រាន់តែ​ជា​ច្បាប់​នោះទេ ប៉ុន្តែ​ចាស់​បុរាណ​ថែមទាំង​ទូន្មាន ​កូនចៅ​ឱ្យ​ចៀសវាង​បៀតបៀន​ ដល់​ព្រះមហាក្សត្រ និង​ឱ្យ​គោរព​ប្រណិប័តន៍​ ព្រះមហាក្សត្រ​ទៀតផង ពីព្រោះ​ការគោរព​ នឹង​នាំមក​នូវ​បុណ្យ​កុសល និង​សក្តិ​យស​ដល់​ខ្លួន ដូច​ច្បាប់ក្រម​ង៉ុ​យ​ ដែល​ទូន្មាន​ថា​៖ «​បម្រើ​មហាក្សត្រ ប្រយ័ត្ន​ស្តេច​ទាយ ពាក្យពិត​ទំនាយ រលាយ​កេរ្តិ៍ឈ្មោះ​។ ពាក្យ​ស្តេច​ពាក្យ​គ្រូ មាន​ប្រៃ​មាន​ជូរ កម្រ​ពិ​រោះ ជួន​ទាយ​ឱ្យទាប ជួន​ទាយ​ឱ្យ​ខ្ពស់ ទាយ​ឱ្យ​សក្តិ​យស ទាយ​ចុះ​កុំ​ខឹង​។​» (បទ​វិចារណកថា ដោយ កាសែត​កម្ពុ​ជាថ្មី​)

(រូបភាព៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី)