ព័ត៍មានទាន់​ហេតុការណ៏
Search

​លោក Arsene Wenger ទទួល​បំរាម​៣​ប្រកួត និង​ត្រូវ​ផាកពិន័យ​ជា​ទឹកប្រាក់​៤​ម៉ឺន​ផោន​សម្រាប់​ទង្វើ​មិន​សមរម្យ​មកលើ​មន្ត្រី​ការប្រកួត​

អ្នកចាត់ការ​របស់​ក្លិប Arsenal​លោក Arsene Wenger ត្រូវបាន​គេ​ផ្តល់​បំរាម​៣​ប្រកួត ហើយ​និង​ពិន័យ​ជា​ប្រាក់​៤​ម៉ឺន​ផោន​សម្រាប់​ទង្វើ​មិន​ត្រឹមត្រូវ​របស់លោក ក្រោយពេល​ទាត់​ស្មើ​១-១​ជាមួយ​ក្រុម West Bromwich Albion នៅ​ក្របខណ្ឌ Premier League កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​។​

លោក Wenger ដែល​បាន​ខឹងក្រេវក្រោធ​យ៉ាងខ្លាំង ក្រោយ​ពេលដែល​ក្រុម West Brom​ត្រូវបាន​អាជ្ញាកណ្តាល​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ដើម្បី​រកបាន​លទ្ធផល​ស្មើ​១-១​នោះ រង​ការចោទប្រកាន់​ពី​សមាគម​បាល់ទាត់ FA សម្រាប់​ការប្រើប្រាស់​ភាសា​មិន​សមរម្យ និង​ទង្វើ​អ​សិ​ល​ធម៌​របស់លោក​មកលើ​មន្ត្រី​ការប្រកួត នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​របស់​ពួកគេ​ក្រោយ​ការប្រកួត​បញ្ចប់​។

FA បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា វា​បាន​កើតមានឡើង​បន្ទាប់ពី​មាន​សវនាការ​របស់​គ​ណ​កម្ម​ការ​បទបញ្ជា​ឯករាជ្យ ដែល​អ្នកចាត់ការ​រប​ស់​ក្លិប Arsenal​បានទទួល​ស្គាល់​ចំពោះ​កាយវិការ និង​ភាសា​មិន​សមរម្យ​របស់គាត់​។

គួរ​រំឭក​ថា គ្រូបង្វឹក​សញ្ជាតិ​បារាំង​ម្នាក់នេះ ធ្លាប់​ទទួលបាន​បំរាម​៤​ប្រកួត​ម្តង​រួចមកហើយ​កាលពី​ខែមករា​ឆ្នាំមុន សម្រាប់​ការ​រុញ​មន្ត្រី​ទី​៤ ក្រោយពេល​ក្រុម​របស់លោក​ឈ្នះ​ក្រុម Burnley ២-១។

លោក Wenger នឹង​បំ​ម្រើ​បំរាម​ចុងក្រោយ​របស់គាត់​នៅ​ការប្រកួត FA Cup របស់​ក្រុម Arsenal​នៅ​ថ្ងៃអាទិត្យ​នេះ ជាមួយ​ក្រុម Nottingham Forest ការប្រកួត​ជើង​ទី​១ League Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាមួយ​ក្រុម Chelsea​នៅ​ថ្ងៃទី​១០ ខែមករា និង​ការប្រកួត League​ជាមួយ​ក្រុម Bournemouth នៅ​ថ្ងៃទី​១៤ ខែមករា​៕