ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Virgil van Dijk រកបាន​គ្រាប់​បាល់​ឈ្នះ​នៅ​ការ​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​ក្រុម Liverpool

ខ្សែ​ការពារ​តម្លៃ​ខ្លួន​ជាប់​កំណត់ត្រា​ពិភពលោក Virgil van Dijk រកបាន​គ្រាប់​បាល់​ឈ្នះ នៅ​ការ​បង្ហាញខ្លួន​លើកដំបូង​របស់គាត់ ពេលដែល​ក្រុម Liverpool​រកបាន​ជ័យជំនះ​២-១​លើ​ក្រុម Everton នៅ​ការប្រកួត FA Cup ក្នុង​ទឹកដី Anfield ។

ក្រុម Liverpool​បាន​នាំ​មុខមុន​នៅពេល​សម្រាក​តង់​ទី​១ ក្រោយ​កីឡាករ James Milner ពេន​មួយ​ជើង​ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ប៉ុន្តែ​ក្រុម Everton​ទំនងជា​រកបាន​ការ​លេង​ម្តងទៀត​ទៅហើយ ពេលដែល​កីឡាករ Gylfi Sigurdsson រកបាន​គ្រាប់​បាល់​ស្មើ​វិញ នៅ​ពាក់កណ្តាល​ទី​ក្នុង​តង់​ទី​២​។​

​ប៉ុន្តែ​កីឡាករ Van Dijk ដែល​បាន​ក្លាយជា​ខ្សែការពារ​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក ពេលដែល​គាត់​ផ្ទេរ​មកកាន់​ក្លិប Liverpool​ក្នុងតម្លៃ​១០២​លាន​ដុល្លារ​ពី​ក្លិប Southampton​នោះ តែ​តបាល់​បញ្ចូល​ទី​បានសម្រេច​នៅ​៦​នាទី​ពី​ម៉ោង​បញ្ចប់​ការប្រកួត​អំឡុង​ជំនួប​លើក​ទី​២៣០​របស់​ក្រុម​ទាំងពីរ​។

ខ្សែ​ការពារ​សញ្ជាតិ​ហុ​ល្លង់​ម្នាក់​នេះ បាន​និយាយថា យើង​សម​ទទួល​បាន​លទ្ធផល​បែបនេះ វា​គឺជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​បាន​លេង​នៅ​ទីនោះ គ្រាប់​បាល់​មួយ​នេះ ពិសេស​ខ្លាំង​ណាស់ សម្រាប់​រូបលោក និង​ក្រុមគ្រួសារ​លោក​។

លោក​បន្ត​ថា ការ​លេង​នៅក្នុង​ទឹកដី Anfield សម្រាប់​ក្រុម​Liverpool​គឺជា​ក្តីសង្ឃឹម​មួយ​សម្រាប់​រាល់​កីឡាករ ហើយ​នៅ​ពេល​ដែល​អាច​រក​គ្រាប់​បាល់ រឹតតែ​កាន់​ពិសេស​មួយកម្រិត​ទៀត​សម្រាប់​រូបលោក​។

គួរ​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប Liverpool​លោក Jurgen Klopp បានផ្តល់​ឱកាស​លេង​ជា​លើកដំបូង​ដល់​ខ្សែការពារ​ម្នាក់នេះ ឲ្យ​ចូល​លេង​ក្នុង​ក្រុម​ដ៏​ខ្លាំង​មួយ បើ​ធៀប​នឹង​ក្រុម​ដែល​បាន​ទាត់​ស្មើ​១-១​ជាមួយ​គូប្រកួត​តែមួយ​នៅ​ក្របខណ្ឌ Premier League កាលពី​ខែធ្នូ​កន្លងទៅ​។

កីឡាករ​ប្រេ​ស៊ី​ល Philippe Coutinho ត្រូវបាន​លប់ឈ្មោះ​ជាថ្មី​ម្តងទៀត ដោយសារតែ​របួស​ភ្លៅ ស្រប​ពេលដែល​មានការ​ព្យាករណ៍​ចំពោះ​អនាគត​របស់​លោក ក្រោយ​មាន​ចំណាប់អារម្មណ៍​ពី​ក្លិប Barcelona ហើយ​កំពូល​អ្នករក​គ្រាប់​បាល់ Mohamed Salah បាន​អវត្តមាន​ដូចគ្នា​ដោយសារ​បញ្ហា​របួស​ក្រលៀន​៕