ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Son Heung-min រកបាន​១​ពិន្ទុ​ឲ្យ​ក្រុម Spurs​ពេល​ជួប​ជាមួយ​ក្រុម West Ham

​គ្រាប់​បាល់​ស្មើ​ដ៏​អស្ចារ្យ​របស់​កីឡាករ Son Heung-min សង្គ្រោះបាន​១​ពិន្ទុ​សម្រាប់ Spurs ខណៈ​ពួកគេ​ទាត់​ស្មើ​១-១​ជាមួយ​ក្រុម West Ham នៅ​ក្របខណ្ឌ Premier League​ក្នុង​ទឹកដី Wembley​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​។

គ្រាប់​បាល់​នៅ​នាទី​៧០​របស់​កីឡាករ Pedro Obiang ទំនងជា​រកបាន​ជ័យជំនះ​ទៅហើយ​សម្រាប់​ក្រុម West Ham​ក្រោយពេល​ពួកគេ​ចំណាយពេល​ពេញ​មួយ​យប់​លេង​ការពារ​រហូត​នោះ​។​
​ប៉ុន្តែ​នៅ​ទីបំផុត​កីឡាករ​កូរ៉េខាងត្បូង Son​មិនបាន​ធ្វើ​ឲ្យ​ក្រុម Spurs​ខកបំណង​នោះឡើយ ជាមួយនឹង​ការ​ស៊ុត​ផុតដៃ​អ្នកចាំទី Adrian​របស់​ក្រុម West Ham​នៅ​៧​នាទី​ពី​ម៉ោង​បញ្ចប់​ការប្រកួត​។

បរាជ័យ​នឹង​ក្លាយជា​រឿង​យ៉ាប់យ៉ឺន​មួយ​សម្រាប់​ក្រុម​លេខ​៥ Spurs ថ្វីត្បិតតែ​លទ្ធផល​ស្មើ បានធ្វើ​ឲ្យ​ពួកគេ​មាន​៣​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​លេខ​៤ Liverpool​ក្នុង​ដំណើរ​ប្រកួតប្រជែង​មួយ ដើម្បី​ដណ្តើម​កៅអី​លេង​នៅ Champions League នា​រដូវ​កាល​ក្រោយ​។​

​លទ្ធផល​នេះដែរ បានធ្វើ​ឲ្យ​ក្រុម West Ham របស់លោក David Moyes​ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​១៥ មាន​២​ពិន្ទុ​ពីលើ​តំបន់​គ្រោះថ្នាក់​៕