ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Tiger Woods ត្រៀមខ្លួន​បង្ហាញ​ថ្វីដៃ​នៅ​ការប្រកួត US PGA Tour

អតីត​កីឡាករ​លំដាប់ថ្នាក់​លេខ​១​ពិភពលោក Tiger Woods បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហ​ស្បតិ៍​ថា លោក​នឹង​លេង​ការប្រកួត US PGA Tour លើកដំបូង​របស់​លោក​ប្រចាំ​ឆ្នាំ​២០១៨ នៅក្នុង​រយៈពេល​៣​សប្តាហ៍​ទៀត​នេះ នៅ​ទីលាន Torrey Pines និង​រយៈ​៣​សប្តាហ៍​ក្រោយ​ទៀត នៅលើ​ទីលាន Riviera។

កីឡាករ Woods គឺជា​ជើងឯក​ពិភពលោក​១៤​ជំនាន់​ដែល​កំពុង​វិលត្រឡប់​ពី​ប​ញ្ហា​របួស​ខ្នង​របស់​គាត់​វិញ ហើយ​លោក​នឹង​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ឆ្នាំ​២០១៨ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៨ ខែមករា នៅ​ការប្រកួត Farmers Insurance Open នៅឯ​ទីលាន​ប្រកួត Torrey Pines ជា​កន្លែង​ដែល​លោក​ធ្លាប់​ឈ្នះ​ជើងឯក PGA ៧​លើក និង​ជើងឯក US Open 2008 ​ដែល​ជា​ជោគជ័យ​ចុងក្រោយ​គេ​បំផុត​របស់លោក​។

កីឡាករ Woods បាន​និយាយ​ផងដែរ​ថា លោក​នឹងចូលរួម​ប្រកួត​នៅ​ការប្រកួត Genesis Open ដែល​រៀបចំឡើង​នៅ​ទីលាន​ប្រកួត Riviera ក្នុង​ទីក្រុង Los Angeles ដែលជា​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់លោក​នៅ​ទីនោះ ចាប់តាំងពី​ឆ្នាំ​២០០៦​មក។

កីឡាករ Woods គឺជា​ម្ចាស់​ការប្រកួត​មួយ​នេះ​តែម្តង ដើម្បី​រក​ផលប្រយោជន៍​សម្រាប់​គ្រឹះស្ថាន​សប្បុរសធម៌​រប​ស់លោក​។

លោក Woods បាន​និយាយ​តាម Twitter ថា លោក​ពិតជា​រំភើបចិត្ត​ខ្លាំង​ណាស់​ចំពោះ​ការចាប់ផ្តើម​រដូវ​កាល​របស់​លោក​នៅ​ទីនោះ ហើយ​លោក​ក៏​សប្បាយចិត្ត​ណាស់ដែរ​ចំពោះ​ការវិលត្រឡប់​មកកាន់​ទីលាន​ប្រកួត Riviera វិញ ម្យ៉ាង​ដោយសារតែ​លោក​មិន​ធ្លាប់បាន​លេង​ទីនោះ អស់​រយៈពេល​ជា​យូរ​មកហើយ៕