ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​ពិការ​១០០​នាក់​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ បាន​ទទួល​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ដោយផ្ទាល់​ដៃ​ ពី​សម្តេចចៅហ្វា​វាំង ​គង់​ សំអុល

កំពង់ឆ្នាំង ​៖ ​ ជនពិការ​ ១០០​ នាក់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ បានទទួល​អំណោយ​មនុស្សធម៌​ផ្ទាល់​ដៃ​ពី​សម្តេច​ចៅហ្វា​វាំង គង់​ សំអុល​ អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហម​កម្ពុជា​។

ពិធី​នេះធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេចចៅហ្វា​វាំង ​គង់​ សំអុល អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា ​និង​ ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​កិតិ្ត​ព្រឹទ្ធបណ្ឌិត ​ប៊ុន ​រ៉ានី ហ៊ុនសែន ​ប្រធាន​កាកបាទក្រហមកម្ពុជា ​អមដំណើរ​ដោយ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី គុយ​ សុផល និង អស់លោក លោកស្រី ​មន្ត្រី​ព្រះបរមរាជវាំង​ និង ​មានការ​ចូលរួម​ពី​អភិបាលខេត្ត​កំពង់ឆ្នាំង ​លោក​ ឈួ​ ច​ន្ទ័​ឌឿ​ន ​និង​ អស់លោក ​លោកស្រី ​អភិបាលរង​ខេត្ត​ មន្ទីរ​ ស្ថាប័ន​ សិស្សានុសិស្ស​ ប្រជាពលរដ្ឋ​ដែលជា​ជនពិការ​ចូលរួម​ផងដែរ។ ពិធី​នេះ​ធ្វើឡើងនៅ​ថ្ងៃទី​៧ ​ខែមករា​ ឆ្នាំ២០១៨​ ក្នុង​បរិវេណ​សាលាខេត្ត​កំពង់ឆ្នាំង។

អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​កណ្តាល​កាកបាទក្រហមកម្ពុជា ​ស​ម្តេច​ចៅ​ហ្វា​វាំង គង់​ សំអុល បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិ​ត ​ប៊ុន ​រ៉ានី ​ហ៊ុនសែន ខ​ណៈដែល​លោក​តែងតែ​គិតគូរ​ពី​សុខ​ទុក​ និង ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ជាជនពិការ​ គឺជា​សុខ​ទុក្ខ​របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​ ដោយមិនមាន​ការរើសអើង ​និង ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ឡើយ​ ហើយ​លោក​មិន​បាន​ទុកឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ជនពិការ​ណា​ម្នា​ក់ ដោយ​ត្រូវបាន​ទុកចោលមិនមានការយកចិត្តទុកដាក់​មើលថែ​នោះឡើយ​។

សម្តេចចៅហ្វា​វាំង គង់​ សំអុល ​បានធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ជនពិការ​ទាំងអស់ ​ត្រូវ​ធ្វើយ៉ាងណា​​រស់នៅ​ឱ្យ​បានល្អ​ ពិសេស​សុខភាព​ គឺ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត​ អនាម័យល្អ ​និង ​សូមកុំ​អស់​សង្ឃឹម​នឹង​ជីវិត​នោះឡើយ។ លោ​ក​ថា​ អំណោយ​ដែល​បាន​នាំយកមកប្រគល់ជូន​ដោយ​ផ្ទាល់ដៃ​នៅពេលនេះ​ត្បិត​តែមាន​តិចតួច​ក៏​ពិតមែន តែ​វា​បាន​ជួយសម្រួល​ដល់​ការលំបាក​របស់​បងប្អូន​ជ​ន​ពិការ​បាន​មួយគ្រា​ផងដែរ។ អំណោយ​ដែល​បាននាំយកមក​ប្រគល់ជូន​ដល់ដៃ​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ជនពិការ​ទាំង​ ១០០​ នាក់​ក្នុងថ្ងៃនេះ ម្នាក់ៗ​ទទួលបាន​អង្ក​៣០​គីឡូក្រាម មី​១​កេស​ ត្រីខ​១០​កំប៉ុង ឃីត​មួយកញ្ចប់ ​មាន​មុង​១ ភួយ​១ សា​រុង១ ក្រ​ម៉ា​១ ​រួម​នឹង​ថវិកា​ ៤០០០០ ​រៀល​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114