ព័ត៍មានទាន់​ហេតុការណ៏
Search

វង្ស ​ណ​យ ផ្តួល Wannchailek​ ទឹក​២ ខ​ណៈ ឈឿន ឆៃ​ដែន ចាញ់ ​Phat Ngenthong ដោយ​ពិន្ទុនៅ​សង្វៀន​បាយ័ន

​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ វង្ស ណ​យ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​ប្រើពេល​មិន​ដល់​ពីរទឹក​ទេផ្តួល​អ្នក​ប្រដាល់​ថៃ Wannchailek Keatphumphol ឱ្យ​សន្លប់​លើ​រេញ ក្នុង​ការជួប​ប្រកួតគ្នាលើស​ង្វៀន​បាយ័ន​បឹង​ស្នោ កាលពី​រសៀល​ថ្ងៃទី​៧ ​ខែមករា​ ឆ្នាំ២០១៨។

​វង្ស ណ​យ ក្រោយពី​សាកល្បង​មួយ​ទឹក​ដំបូង​រួចមក នៅក្នុង​ទឹក​ទី​២ វង្ស ណ​យ​គេ​បាន​ប្រើ​ស្នៀត​កែង​វាយប្រហារ​ទៅលើ Wannchailek Keatphumphol បានសម្រេច​ដោយ​ជោគជ័យ ដោយ​វាយ​ចំ​សៀតផ្កា​របស់ Wannchailek ធ្វើអោយ​អ្នក​ប្រដាល់​ថៃ​រូបនេះ ដួល​ទាំង​ជំហរ​សន្លប់​លែង​ក្រោក​តែម្តង ។

Wannchailek ជាការ​ស៊យ​របស់គេ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង​ដែរ តាម​ការកត់សម្គាល់​ក្នុងការ​ប្រកួត​ទឹក​១​នោះ ។ ជា​អ្នក​ប្រដាល់​ដែលមាន​កំនត់ត្រា​ប្រកួត​ចំនួន ៨៣​លើក ឈ្នះ​៦០​លើក ចាញ់​២០​លើក ស្មើ​០៣​លើក និង​ធ្លាប់​វាយ​ដៃគូ​អោយ​សន្លប់​១៩​លើក​នោះ ឯណោះ ។ តែ​យ៉ាងណា វង្ស ណ​យ នៅតែ​ជា​អ្នក​ប្រដាល់​ខ្លាំង​របស់​កម្ពុជា​ដដែល ដែល​បាន​ផ្តួល​ជើង​ខ្លាំង​ថៃ​ត្រឹមតែ​ពីរ​ទឹក​នោះ។

​ចំពោះ ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​ Phach Ngenthong ដោយ​ពិន្ទុ ក្រោយពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។

Phach Ngenthong គូ​របស់​ ឈឿន ឆៃ​ដែន ​នេះ គេ​ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ហើយ​ដែល​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក ។ គេ​បានធ្វើអោយ​ឈឿន ឆៃ​ដែន ចុះខ្សោយ​ក្នុង​ទឹក​ទី​២ បន្ទាប់ពី​គេ​ទាត់​ត្រូវ​ជើងឆ្វេង​ជើង​ឈឺ​របស់​ឆៃ​ដែន​ពីមុនមក​នោះ ហើយ​បន្ទាប់មកទៀត​គេ​ក៏​វាយ​កែង​បែក​ឈាម​ថ្ងាស​លើ​ភ្នែក​ស្តាំ​របស់​ឆៃ​ដែន​ថែមទៀត ដែល​ធ្វើ​ឲ្យ​ឆៃ​ដែន​ចាញ់​ដាច់​តែម្តង។

​ចំណែក​ការប្រកួត​មិត្តភាព​ខ្មែរ​និង​ខ្មែរ​វិញ នូវ ដា​រ៉ូ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ បានឈ្នះ ផាន់ ចំណាន អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ​ក្នុង​ទឹក​ទី​៤ បន្ទាប់ពី​ចំណាន បាន​រំលោភ​លើ​បទបញ្ជា​នៃ​ការប្រកួត ដោយ​ទាត់​ថែម​ទៅលើ​ដា​រ៉ូ ពេល​ដួល​លើ​រេញ​ហើយ​នោះ ។ រីឯ ឆៃ ភក្តី ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ឈ្នះ​យ៉យ ទៀង ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ​ដោយ​ពិន្ទុ ៕

•​​ម៉ឺន សុភា ឈ្នះ Parnrith ​ទឹក​១ ឯ ឈុត សេរី​វ៉ាន់​ថង ឈ្នះ Chandasak ដោយ​ពិន្ទុ​
​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម៉ឺន សុភា សមាគម​កីឡា​ក្រសួងការពារជាតិ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Parnrith Banhchamek ក្នុង​ទឹក​ទី​១ កាលពី​យប់​ថ្ងៃទី​០៧​មករា​២០១៨ នៅលើ​សង្វៀន​ខា​រ៉ា​បាវ នៅ​បាយ័ន​ស្ទឹងមានជ័យ ។ ពួកគេ​ទាំងពីរ​នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧១​គីឡូក្រាម ។
Parnrith ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​នៅ​ស្រុកថៃ តែ​ត្រូវ​ម៉ឺន សុភា ប្រើ​ទម្ងន់​ជើង​ទាត់​អោយ​ដួល​ក្រោក​លែងរួច នៅក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ ។ កាលពី​ថ្ងៃទី​១០​ធ្នូ ២០១៧​កន្លងទៅនេះ ម៉ឺន សុភា បាន​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Kingdeng តែ​ក្នុង​ទឹក​ទី​១​ដែរ ។

​ចំពោះ ឈុត សេរី​វ៉ាន់​ថង អ្នក​ប្រដាល់​វ័យក្មេង ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង បាន​ប្រកួត​ឈ្នះ អ្នក​ប្រដាល់​ថៃ Chandasak Sor.Nopphakun ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​។ នេះ​ជា​ជ័យជម្នះ​លើក​ទី​៤ របស់ ​សេរី​វ៉ាន់​ថង ​ហើយ ដែលជា​អ្នក​ប្រដាល់​វ័យក្មេង តែ​គេ​មក​ប្រកួត​នៅ​ភ្នំពេញ​ជិត​២០​លើក​កន្លងមកនេះ គឺ​ទើប​ចាញ់​ម្តង​តែប៉ុណ្ណោះ ។ គេ​មក​ប្រកួត​លើកចុងក្រោយ​នេះ បាន​វាយ​ឈ្នះ​ថៃ​Phat Nakhon ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​១៧​ធ្នូ​២០១៧ ។

​ចំពោះ​ការជួប​ប្រកួត​ជាមួយ​ថៃ​វិញ នេះ​ជា​លើក​ទី​៤​របស់​សេរី​វ៉ាន់​ថង​ហើយ ដែល​វាយ​ឈ្នះ​ទាំង​ថៃ​ដោយ​ផ្តួល​ថៃ​ពីររូប អោយ​សន្លប់​ក្នុង​ទឹក​ទី​២​និង​ទឹក​ទី​៣ និង​ឈ្នះ​ថៃ​ដោយ​ពិន្ទុ ២​រូប រួមទាំង​ការប្រកួត​ជាមួយ​ថៃ​ចុងក្រោយ​នេះ ។

​ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ លន បញ្ញា អ្នក​ប្រដាល់​ស្រករ​ក្រោយ​នៃ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​រៀមច្បង ឡូញ វ៉ាន់ឌី ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ក្នុង​ទឹក​ទី​៤ ក្នុង​ការជួប​សាក​កណ្តាប់ដៃ​គ្នា ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114