លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមមួយសំបូរទៅដោយ កីឡាករខ្មែរដែលមានសមត្ថភាពច្រើន កំពុងតែជួបបញ្ហាមួយ អំឡុងពេលលីគកំពូលកម្ពុជា កំពុងសម្រាកត្រៀមរដូវកាលថ្មី នោះគឺមានក្លិបមួយចំនួន ព្យាយាមលួចចចារទាក់ទងយកកីឡាករ ក្នុងក្លិបរបស់លោកដោយស្ងាត់ៗ ទៅចូលរួមក្រុមរបស់គេ។
បុរសដែលជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង លើកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៧ ថ្មីៗនេះបានលើកឡើងថា «ក្នុងនាមជាគ្រូបង្វឹកជនជាតិខ្មែរម្នាក់ ខ្ញុំសូមស្នើសុំដល់ក្លិបមួយចំនួន កុំលេងផ្លូវកាត់រឿងចង់បានកីឡាកររបស់គេ។ បើយើងចង់បានខ្លាំង ត្រូវហ៊ានចំណាយ។ សូមមេត្តាទាក់ទងទៅក្លិបគេផ្ទាល់ទៅ ពេលខ្លះមិនចាំបាច់ ទាល់តែចាយលុយទិញទើបបានកីឡាករនោះទេ ពេលខ្លះគឺត្រឹមតែតែខ្ចីជើងប៉ុណ្ណោះ។ ចំណែកក្រុមយើងកន្លងមក ក៏ធ្លាប់ឲ្យកីឡាករមួយចំនួន ទៅកាន់ក្រុមអាស៊ីអឺរ៉ុប និងអគ្គីសនីកម្ពុជា ដើម្បីខ្ចីជើងផងដែរ»។
លោកបានបន្តថា «ពេលនេះយើងបានដឹងព័ត៌មានថា មានក្លិបមួយចំនួនព្យាយាមទាកទង កីឡាករយើងដើម្បីទៅបំពេញចំណុចខ្វះខាត របស់ក្រុមគេ សម្រាប់រដូវកាលថ្មីដោយស្ងាត់ៗ។ រឿងដោះដូរកីឡាករ គួរតែធ្វើស្របច្បាប់ កុំញោះញង់ដើម្បីអូសទាញកីឡាកររបស់គេ។ ឧទាហរណ៍ករណីកីឡាករ ចាន់ វឌ្ឍនាកា ជាគំរូ គឺគេចចារគ្នាជាលក្ខណៈការទូត មុននឹងពីក្លិបមួយទៅក្លិបមួយ»។
លោក សំ វ៉ាន់ដេត បានបញ្ជាក់ថា នៅរដូវកាលថ្មីឆ្នាំ២០១៨ ខាងមុខនេះក្រុមរបស់លោក កំពុងតែសម្លឹងយកកីឡាករមកបំពេញចន្លោះប្រហោង ក្នុងទម្រង់លេងរបស់ក្រុម ទាំងកីឡាករបរទេស និងកីឡាករខ្មែរ។ មិនតែប៉ុណ្ណោះក្លិបក៏អាចនឹងប្រមូលយក កីឡាករខ្មែរមួយចំនួន ដែលក្លិបអាស៊ីអឺរ៉ុប និងអគ្គីសនីកម្ពុជា ខ្ចីជើងមកវិញ និងបញ្ចេញកីឡាករមួយ ឲ្យទៅលេងនៅក្លិបផ្សេងវិញផងដែរ។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបញ្ចប់រដូវកាលរបស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៣ ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2017 ដែលមានសមាជិក១២ក្រុម ហើយនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញបានបញ្ចប់រដូវកាលរបស់ខ្លួនដោយគ្រងតំណែងជើងឯកតែម្តង៕