ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​ប្រឹងប្រែង​ទប់ស្កាត់​គ្រោះ​មហន្តរាយ​បរិស្ថាន​ពី​នាវា​ដឹក​ប្រេង​ដែល​ឆាបឆេះ

នៅ​ថ្ងៃ​អង្គារ ប្រទេស​ចិន​បាន​ប្រញាប់ប្រញាល់​ដើម្បី​ទប់ស្កាត់​ការ​លេចធ្លាយ​ប្រេង​ពី​នាវា​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​មួយ​គ្រឿង​ដែល​បាន​ឆាបឆេះ​ជិត​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ខ្លួន​ចំ​ពេល​មានការ​ព្រមាន​ថា នាវា​ដែល​កំពុង​ឆេះ​នោះ​អាច​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ផ្នែក​បរិស្ថាន។

នាវា Sanchi បាន​ដឹក​ប្រេង​ឆៅ​១៣៦,០០០​តោន​នៅពេល​វា​បុក​ជាមួយ​នាវា​ដឹកទំនិញ​មួយគ្រឿង​កាលពី​ថ្ងៃ​សៅរ៍​ហើយ​បាន​ផ្ទុះ​ឆេះ​នៅ​ចម្ងាយ​១៦០​ម៉ា​យ​ល៍ពី​ភាគ​ខាងកើត​ទីក្រុង ស៊ា​ង​ហៃ​។​

ក្រុមអ្នកវិភាគ​បាន​និយាយថា រាល់​ទំនិញ​ទាំងអស់​ដែល​ចេញ​មកពី​ការ​លេច​ធ្លាយ​របស់​នាវា​ដោត​ទង់ជាតិ​ប៉ា​ណា​ម៉ា​នោះ វា​នឹង​ក្លាយ​ជាការ​លេច​ធ្លាយ​ប្រេង​ដ៏​ធំ​បំផុត​ពី​នាវា​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​ហើយ​អាច​សម្លាប់​ជីវិត​សត្វ​សមុទ្រ​នៅ​ទូទាំង​តំបន់​ដ៏​ធំ​មួយ​។​

ក្រសួង​ដឹកជញ្ជូន​បាន​និយាយថា នាវា​មួយគ្រឿង​នេះ​នៅតែ​ឆេះ​នៅ​ថ្ងៃ​អង្គារ​។
​អង្គការ Greenpeace នៅ​អាស៊ី​បូព៌ា​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់ AFP ថា “​ខណៈដែល​កប៉ាល់​កំពុង​ឆេះ​នោះ គេ​រំពឹងថា ប្រេង​ខាប់​ភាគច្រើន​នឹង​ឆេះ​ជាជាង​ចូលក្នុង​ទឹក​។ ទោះបីជា​យ៉ាងណាក៏ដោយ ប្រសិនបើ​កប៉ាល់​លិច​មុនពេល​ប្រេង​ឆេះ​អស់នោះ នីតិវិធី​សម្អាត​នឹង​ពិបាក​ខ្លាំងណាស់​។ ឥឡូវនេះ​អ្វីដែល​សំខាន់​គឺ​ការយល់​ថា​តើ​ប្រេង​នោះបាន​ឆេះ​ខ្លាំង​ប៉ុណ្ណា​ហើយ​ថា​តើ​វា​ចូលទៅក្នុង​សមុទ្រ​យ៉ាងដូចម្តេច​”​។​

ស្របពេល​ជាមួយគ្នា​នោះដែរ ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា នាវា​សម្អាត​ត្រូវបាន​បញ្ជូនទៅ​ដើម្បី​ការពារ​គ្រោះមហន្តរាយ​ទី​ពីរ​។​

ក្រសួង​ដឹកជញ្ជូន​ចិន​បាន​និយាយថា អាជ្ញាធរ​បាន​ពង្រីក​ការស្វែងរក​នៅ​ថ្ងៃ​អង្គារ​សម្រាប់​សមាជិក​នា​វិក​ចំនួន​៣១​នាក់​ដែល​បាត់​ខ្លួន​។ នាវា​រុករក​និង​ជួយសង្គ្រោះ​ចំនួន​១៣​គ្រឿង​បានចាប់ផ្តើម​ធ្វើការ​រុករក​ក្នុង​ផ្ទៃដី​ទំហំ​៩០០​ម៉ា​យល៍​ការ៉េ​។​

ក្រសួង​បាន​បន្ថែមថា កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ត្រូវបាន​រារាំង​ដោយ​ស្ថានភាព​អាក្រក់​នៅតាម​សមុទ្រ​ខណៈ​ក្រុម​អ្នក​ជួយសង្គ្រោះ​ត្រូវបាន​វាយប្រហារ​ដោយ​ភ្លៀង ខ្យល់​និង​រលក​។​

អាជ្ញាធរ​បាន​ព្រមាន​នៅ​ថ្ងៃ​អង្គា​រថា នាវា​ដឹក​ប្រេង​នេះ​គឺ​ស្ថិតនៅក្នុង​គ្រោះថ្នាក់​នៃ​ការផ្ទុះ​និង​លិច​ហើយ​ឧស្ម័ន​ពុល​មាន​គ្រោះថ្នាក់​ខ្លាំងណាស់​ចំពោះ​បុគ្គលិក​ជួយសង្គ្រោះ​នៅ​កន្លែងកើតហេតុ​។​
​នាវា Sanchi កំពុងធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​នៅពេលដែល​វា​បុក​ជាមួយ​នាវា​ដឹកទំនិញ CF Crystal ។​

សមាជិក​នាវិក​ចិន​ចំនួន​២១​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ប៉ុន្តែ​ភាគច្រើន​នៃ​ជនជាតិ​អ៊ីរ៉ង់​ដែលមាន​៣០​នាក់​និង​ជនជាតិ​បង់​ក្លា​ដេ​ស​ពីរ​នាក់​នៃ​នាវា Sanchi គឺ​នៅតែ​បាត់​ខ្លួន​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114